សុខភាព &raquo សុខភាព

បុគ្គល​ដែល​ធ្វើ​ការងារ​ច្រើន​ជា​ពិសេស​ការងារ​ប្រើ​ខួរក្បាល​គឺ​ងាយ​នឹង​មាន​អារម្មណ៍​ឆេវឆាវ ឆាប់​ខឹង អស់កម្លាំង​ល្វឹងល្វើយ និង​ងាយ​កើត​មាន​បញ្ហា Stress ។ កើត​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ជា​ប្រចាំ​គឺ​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​ឡើយ ។

យោង​តាម​អ្នក​វិទ្យាសាស្ត្រ​បស់​អា​ល្លឺ​ម៉​ង់​បានឱ្យ​ដឹង​ថា វា​ជា​កត្តា​ចម្បង​មួយ​ផង​ដែរ​ក្នុង​ការ​បង្កើន​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ បើ​ទោះ​ណា​បុគ្គល​ដែល​ជួប​បញ្ហា Stress នោះ​មិន​ធាត់​លើស​ទម្ងន់​ក្តី ។

ការ​សិក្សា​ដ៏​ធំ​មួយ​បាន​រក​ឃើញ​ថា បណ្តា​បុគ្គល​ដែល​រង​សម្ពាធ និង​ភាព​ស្មុគស្មាញ​ខ្លាំង​នៅ​កន្លែងធ្វើការ ៤៥​ភាគរយ​អាច​ធ្លាក់ខ្លួន​ឈឺ​ជាមួយនឹង​លក្ខខណ្ឌ​ដែល​បង្ហើ​ន​ហានិភ័យ​ជំងឺ​បេះដូង ដាច់​សរសៃឈាម​ខួរក្បាល ងងឹតភ្នែក និង​ការ​កាត់​អវយវៈ​ជាដើម ។

ការ​ពិសោធ​រយៈពេល​១២​ឆ្នាំ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​ជំងឺឆ្លង​នៅ​ក្រុង​មុ​យ​និ​ច​លើ​បុរស​-​ស្ត្រី​៥.៣៣៧​នាក់​ដែល​មាន​វ័យ​ចន្លោះ​ពី​២៩​ឆ្នាំទៅ​៦៦​ឆ្នាំ​បង្ហាញ​ថា ពួក​គេ​ទាំងនោះ​ប្រមាណ​ជា​៣០០​នាក់​ដែល​មុន​ការ​ពិសោធ​មាន​សុខភាព​ពេញ​បរិបូរ​គឺ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។ សូម​បញ្ជាក់​ថា មនុស្ស​ទាំង​៣០០​នាក់​នេះ​គឺជា​អ្នកធ្វើការ​ពេញ​ម៉ោង និង​មាន​រាង​កាយ​ធម្មតា​(​មិន​ធាត់​ឬ​ស្គម​ពេក​ទេ​) ។

មានការ​ពន្យល់​ថា ការ​កើនឡើង​នូវ​កម្រិត​អ័រម៉ូន Stress គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្រិត​គ្លុយកូស​របស់​រាង​កាយ ហើយ​បន្ទាប់​មក វា​នឹង​បណ្តាល​ឱ្យ​ខូចខាត​ការ​ចរាចរ​របស់​រាង​កាយ និង​សរីរាង្គ​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ ។

សាស្ត្រាចារ្យ Karl-Heinz Ladwig ថ្លែង​ថា យោង​តាម​ទិន្នន័យ​របស់​យើង ម្នាក់​ក្នុង​ចំណោម​និយោជិត​៥​នាក់​រង​ផល​ប៉ះពាល់​ដោយ​កម្រិត Stress នៅ​កន្លែងធ្វើការ​ឡើង​ខ្ពស់ ។ យើង​មិន​មាន​ន័យ​ថា ការងារ​ធម្មតា​បង្កើន​បញ្ហា Stress នោះ​ទេ ប៉ុន្តែ​គេ​ក៏​មិន​ត្រូវ​បណ្តោយ​ឱ្យ​ស្ថានភាព​បែប​នេះ​កើត​មាន​លើ​បុគ្គល​ម្នាក់​ៗ​នោះ​ដែរ ដ្បិត​វា​អាច​ជះ​ឥទ្ធិ​ល​ពល​លើ​ចរិត​ឫកពា និង​ការ​សម្រេចចិត្ត ៕