ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​កាប៊ី​ន​រថយន្ត​ផ្លោង​បោក​ក្បាល​នឹង​ថ្នល់​​​ស្លាប់នៅនឹង​កន្លែង​កើតហេតុ​ ចំណែក​ម៉ូតូ​រថយន្ត​បុក​អូស​ជិត​១០​ម៉ែត្រ ​កាល​ពី​​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមករា តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​​ស្ថិតនៅ​ក្នុងភូមិ​គល់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

សព​ជន​រង​គ្រោះ​​ឈ្មោះ​ ថន ​ភាស់ ​អាយុ​៣០​​ឆ្នាំ មុខរបរ​បើករថយន្ត រស់នៅ​ភូមិ​ត្រពាំង​រាំង ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ស្រុក​ពាម​រក៍​ខេត្តព្រៃវែង ​ជិះ​ម៉ូតូ​ម៉ា​កកូន​ទា ពណ៌​ខៀវ​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​1DG-6519 ​ពី​​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ ​។ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AG-4505 ជា​រថយន្ត​ដឹក​មាន់​ពេញ​រថយន្ត បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ទិស​ដៅ​ពី​លិចទៅកើត ។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​តាម​ផ្លូវ​បេតុង​អូរ​កប់​អំបិល​ហើយ​បើក​ឆ្លងផ្លូវ​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ម៉ូតូ​បើក​ឆ្លង​មិន​មើល​ជ្រុល​ទៅ​បុក​បញ្ឆិត​កាប៊ី​ន​រថយន្ត​ខាង​មុខ​ផ្នែក​ខាងឆ្វេង​ធ្វើ​ឲ្យ​ខ្ទាត​អ្នកបើកបរ​ម៉ូតូ​ចេញពី​រថយន្ត​បោក​នឹង​ថ្នល់​បែកក្បាល​ហូរ​ឈាម​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​ត្រូវ​រថយន្ត​បុក​អូស​ជិត១០​​ម៉ែត្រ​ ​​​​ហើយ​គេ​ឃើញ​អ្នកបើកបរ​រថយន្ត​​​​រត់គេច​ខ្លួន​បាត់ស្រមោល ។

ក្រោយ​ពេល​កើតហេតុ​ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​​ទៅ​​រៀប​ចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ត្រ​ពាំ​រាំង ស្រុក​អង្គស្នួល ខេត្តកណ្តាល រីឯ​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង​​រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ ៕