គ្រោះ​អកុសល​កូនកំលោះ​ក្នុង​ថ្ងៃ​ចូល​រោងការ

គ្រោះ​អកុសល​កូនកំលោះ​ក្នុង​ថ្ងៃ​ចូល​រោងការ

ខេត្ត​ព្រះ​សីហ​នុ ៖ ជា​រឿងរ៉ាវ ដែល​គេ​នឹក​ស្មាន​មិន​ដល់ ចំពោះ​អនាគត​កូនកំលោះ ដែល​នៅ​សល់​តែ​១​ថ្ងៃ​ទៀត ចូល​រោងការ បែរជា​ត្រូវ​ស្លាប់​ចោល​អនាគត​កូនក្រមុំ ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​អនាគត​កូនកំលោះ​រូប​នោះ ទៅ​ដឹក​អ្នក​កំដរ​របស់​ខ្លួន មក​កាន់​រោងការ​ដោយ​ជិះ​ម៉ូតូ ។

ហេតុការណ៍​សោកសង្រេង​សម្រាប់​មេបា​ចាស់ទុំ បងប្អូន ពិសេស​អនាគត​កូនក្រមុំ គឺ​បាន​កើត​មាន​ឡើង​កាលពី​ថ្ងៃ​ទី​១៧ មក​រា វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល នៅ​ចំណុច​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ផ្លូវ​ក្រាល​កៅស៊ូ ចូល​ទៅ​កំពង់​ផែ​ឧកញ៉ា​ម៉ុង ស្ថិត​ក្នុងភូមិ​កែវ​ផុស ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ។ ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា កូនកំលោះ​អភ័ព្វ​ដែល​ស្លាប់​នេះ​ឈ្មោះ ស្វាយ អឿ​ន អាយុ​២៤​ឆ្នាំ ជា​បុគ្គលិក​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក មានស្រុក​កំណើត​នៅ​វត្ត​ពោធិ៍​ថ្មី ក្រុង​កំពត បាន​ជិះ​ម៉ុ​តូ​១​គ្រឿង ចេញពី​ផ្លូវ​ក្រួស​ក្រហម សំដៅ​ឡើង​មក​ផ្លូវ​កៅស៊ូ (​ផ្លូវជាតិ​) ។ ប៉ុន្តែ​ជា​អកុសល ពេល​ឡើង​មក​ដល់​លើ​ផ្លូវជាតិ ក៏​វាក់​នឹង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ដែល​បើក​លើ​ផ្លូវជាតិ​ក្នុង​ល្បឿន​លឿន ក៏​បាន​ប៉ះ​និង​កៀរ​ម៉ូតូ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់​របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់​បាត់​បង់ជីវិត​កណ្តាលផ្លូវ ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។ ចំណែក​រថយន្ត​ធុន​ធំ​នោះ នៅ​តែ​បើក​បន្ត​ទៅ​មុខ​ទៀត​បាត់​ទៅ ហាក់ដូច​មិនដឹង​ពី​ហេតុការណ៍​នោះ​ផង ។

គ្រោះថ្នាក់​អកុសល​នេះ ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ទួញ​សោក​បោក​ខ្លួន ព្រោះតែ​ជន​រង​គ្រោះ​នៅ​សល់​មិន​ដល់​១​ថ្ងៃ​ផង ត្រូវ​ចូល​រោងការ​ទៅ​ហើយ គឺ​នឹង​ប្រារព្ធ​ទៅ​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ដែល​ជា​ភូមិ​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​កើ​េ​ត​ហេតុ ហើយ​ក៏​បាន​ដំឡើង​រោង និង​ចាប់ផ្តើម​ចាក់​មេក្រូ តាម​លក្ខណៈ​ប្រពៃណី​រួច​ជា​បណ្តើរ​ទៅ​ហើយ ។
ក្រោម​ទិដ្ឋភាព​សោកសៅ​វិយោគ និង​តក់ស្លុត​ពី​ញាតិ​មិត្ត​ជិត​ឆ្ងាយ ដែល​មិន​អាច​ពណ៌នា​បាន​នេះ រោងការ​ដែល​ដំឡើង​រួច​ទៅ​ហើយ​នោះ ក៏​ត្រូវ​ផ្លាស់​ទៅ​ជា​រោង​បុណ្យសព​កូនកំលោះ​ទៅ​វិញ​យ៉ាង​ក្រៀមក្រំ​ជា ពិសេស​កូនក្រមុំ បាន​ត្រឹមតែ​អង្គុយ​សោយសោក វិយោគ​បំផុត ។

ល្ងាច​ថ្ងៃ​ទី​១៧ មក​រា នៅ​ទីតាំង​រោងការ ស្ថិត​ក្នុងភូមិ​តា​នៃ​នោះ ដែល​ជា​ផ្ទះ​របស់​កូនក្រមុំ ត្រូវ​បាន​ធ្វើ​ជា​ពិធី​បុណ្យសព​តាម​លក្ខណៈ​ឧទ្ទិស​ដល់​កូនកំលោះ​ដែល​ស្លាប់ រហូត​ព្រឹក​ឡើង​ក្រុម​គ្រួសារ​និង​កូនក្រមុំ បាន​ដង្ហែ​សព​នោះ​ទៅ​ស្រុក​កំណើត ដើម្បី​បូជា​តាម​ប្រពៃណី ។ ហើយ​សម្រាប់​រោងការ​វិញ ក៏​បាន​បង្វែ​ជា​ពិធីជប់លៀង ក្នុង​លក្ខណៈ​រំដោះគ្រោះ​ជូន​ដល់​កូនស្រី​អភ័ព្វ​ស្នេហ៍ ដើម្បី​ផ្សង​កុំឱ្យ​បាក់មែកបាក់ធាង ទៅ​តាម​ទំនៀមទម្លាប់​ខ្មែរ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៨ មក​រា ព្រោះ​មិន​អាច​លុប​ចោល​កម្មវិធី​មង្គលការ​បាន​នោះ​ទេ ដោយសារ​បាន​ហៅភ្ញៀវ​ជិត​ឆ្ងាយ​មក​ចូលរួម និង​បាន​កុម្ម៉ង់​ម្ហូប ភេសជ្ជៈ​សម្រាប់​ទទួល​រួច​ជា​ស្រេច​អស់​ទៅ​ហើយ​នោះ ។

ចាស់​បុរាណ​មាន​តំណម ដោយ​តែង​ហាម​ត​ៗ​គ្នា​ដល់​កូនចៅ​ជំនាន់​ក្រោយ គឺ​ហាម​ផ្តាច់​សាមីខ្លួន​កូនកំលោះ ឬ​កូនក្រមុំ មិន​ឱ្យធ្វើ​ដំណើរ​ផ្តេសផ្តាស មុន​ថ្ងៃ​ចូល​រោងការ​នោះ​ទេ ដូច​ជា​ទៅ​ហៅភ្ញៀវ​តាម​ផ្លូវ ឬ​ត្រូវធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ ហាម​ដាច់ខាត ។ គឺ​ដោយសារ​តែ​ខ្លាច​មាន​គ្រោះថ្នាក់​នេះឯង ឬ​អាច​ធ្វើ​ឱ្យ​មង្គលការ​ត្រូវ​អាក់ខាន​ដោយ​ប្រការ​ណាមួយ ។ ទំនៀម​ចាស់​បុរាណ​មិនសូវ​ខុស​ទេ ដូច​ជា​ករណី​ខាងលើ បើ​កូនកំលោះ​មិន​ធ្វើ​ដំណើរ​ទៅ​យក​អ្នក​កំដរ​ទេ​នោះ ប្រហែលជា​គ្មាន​រឿង​អកុសល​បែប​នេះ​កើតឡើង​ឡើយ ។

ករណី​នេះ​ជា​ហេតុការណ៍​កម្រ​ជួប​ប្រទះ​មួ​ួ​យ ដែល​ខ្វះ​តែ​មួ​ួ​យ​ថ្ងៃ​ទៀត នឹង​បានឮ​សំឡេង​ភ្លេង​ការ​... តែ​អនិច្ចារ ជីវិត​ប្រេះឆា ភ្លេង​ការ​ក្លាយជា​ភ្លេង​កម្ម ត្រូវ​ភ្លេង​ខ្ល​ង​ខែ​ក ហែក​ព្រលឹង មក​ជំនួស​វិញ ។ បទ​បាយខុន​ចងដៃ បាចផ្កា​ស្លា ត្រូវ​ប្រែ​ក្លាយជា​សំឡេង​ខ្ល​ង​ខែ​ក ហែក​ដួងចិត្ត​គូគាប់ និង​មេបា​ចាស់ទុំ ឱ្យ​ក្រៀមក្រំ​សោកសៅ ដំបៅ​បេះដូង រក​ទីបំផុត​គ្មាន ៕