ចោរប្លន់​ធ្វើ​សកម្មភាព ប្រដាប់​ដោយ​កាំភ្លើង​អាកា​ប្លន់​ស្ថានីយប្រេងឥន្ធនៈ​នៅ​ក្រុង​បាន​លុង

ចោរប្លន់​ធ្វើ​សកម្មភាព ប្រដាប់​ដោយ​កាំភ្លើង​អាកា​ប្លន់​ស្ថានីយប្រេងឥន្ធនៈ​នៅ​ក្រុង​បាន​លុង

ខេត្តរតនគិរី ៖ ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​មួយ​កន្លែង ត្រូវ​បាន​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ និង​ពូថៅ បាន​ធ្វើ​សកម្មភាព​ប្លន់​នៅ​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ មក​រា ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​៧៨ ក្នុងភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បណ្តាល​ឱ្យ​បុរស​ម្ចាស់​ស្ថានីយ​រង​របួសធ្ងន់ និង​បាត់បង់​ប្រាក់​សរុប​ជាង​៣​ពាន់​ដុល្លារ ។

ប្រភព​ពី​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ មាឃ សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​ម្ចាស់​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​យីហោ សុ​វ​ណ្ណា​រិ​ទ្ធ បាន​រង​របួសធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ភ្លាម​ៗ​ផង​ដែរ ។ តាម​ប្រភព​ព័ត៌មាន​ពី​អ្នកស្រី ឆាយ រ៉ា​ភ័​ក្រ អាយុ​៣៤​ឆ្នាំ ដែល​ត្រូវជា​ភរិយា​ជន​រង​គ្រោះ បានឱ្យ​ដឹង​ថា ក្នុង​ពេល​កើតហេតុ គាត់​កំពុង​រៀបចំ​ទុកដាក់​អី​វា​៉​ន់​នៅ​ខាងក្នុង ឯ​ប្តី​គាត់​និង​ម្តាយ រួម​ទាំង​កម្មករ​ម្នាក់​ផង​នោះ នៅ​ខាង​មុខ​ចាំ​លក់​ប្រេង​ជា​ធម្មតា ស្រាប់តែ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក ឌុ​ប​គ្នា​មក​ឈប់​ក្នុង​ស្ថានីយ ម្នាក់​មាន​ស្ពាយ​កាំភ្លើង​វែង និង​ម្នាក់​ទៀត កាន់​ពូថៅ បាន​ស្ទុះ​ទៅ​ប្រវាយប្រតប់​ប្តី​គាត់ និង​យក​ពូថៅ​ខាង​ខ្នង វាយ​ទៅ​លើ​ឆ្អឹងជំនីរ និង​ខ្នង ចំណុច​បោះដៃផុត ចំនួន​៦-៧​ពូថៅ បណ្តាល​ឱ្យ​ប្តី​គាត់​ដួល​សន្លប់​ក្បែរ​គ្រែ ។ ចំណែក​ម្នាក់​ទៀត​ស្ទុះ​ទៅ​ទាញ​យក​កាបូប​លុយ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេច​ទៅ​ទិស​ដៅ​ឆ្ពោះ​ចូល​ក្រុង​បាន​លុង បាត់​ស្រមោល​ទៅ ។

មួយសន្ទុះ​ក្រោយមក ទើប​នគរបាល​ក្រុង​-​សង្កាត់ និង​កងរាជអាវុធហត្ថ​ក្រុង រួម​ទាំង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត មក​ដល់​ផង​ដែរ ប៉ុន្តែ​ក្រុម​ចោរប្លន់​ទាំងនោះ​បាន​គេចខ្លួន​បាត់​ស្រមោល​អស់​ទៅ​ហើយ ។ ករណី​នេះ សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​មុខសញ្ញា​បាន​នៅឡើយ​ទេ ប្រៀប​ដូច​សុវត្ថិភាព​ទៅ​ហោង ។

ស្ត្រី​ជា​ភរិយា​ជន​រង​គ្រោះ បាន​រៀបរាប់​ទៀត​ថា រាល់ដង​គាត់​មិន​ដែល​ទុក​លុយ​ជាប់​នឹង​ខ្លួន​ច្រើន​ទេ តែ​ថ្ងៃនេះ​គាត់​ត្រៀម​លុយ​សម្រាប់​ទូទាត់​សង​អីវ៉ាន់​គេ ប៉ុន្តែ​រវល់​ពេក​មិន​ទាន់​បាន​យក​ទៅ​ឱ្យ​គេ​ផង ក៏​ត្រូវ​ចោរ​មក​ប្លន់​យក​អស់​ទៅ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ខេត្តរតនគិរី នៅ​ពេល​បច្ចុប្បន្ន​នេះ សម្បូរ​ទៅ​ដោយ​វង់ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​រាប់​មិន​អស់ ទើប​មានការ​សង្ស័យ​ថា​វា​ជាដើម​ចម​នៃ​អំពើ​ចោរកម្ម​បែប​នេះ​។ ល្បែងស៊ីសង​ដូច​ជា យូគី​, បៀ​, អាប៉ោង​, បញ្ជល់មាន់​, ទូ​ហ្គេ​ម​, ភ្នាល់​បាល់​ជា​ច្រើន​កន្លែង កំពុង​ពង្វក់​ក្មេង​ឱ្យ​លង់​នឹង​អំពើ​អបាយមុខ​យ៉ាង​ងប់​ង​ល់ ។ ពិសេស​វង់​បៀ​គ្រប់​ប្រភេទ​នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ក៏​ដូច​ជា​កន្ទុយលេខ ដែល​មាន​មេ​ធំ​ៗ​ជា​ច្រើន ស្ទើរ​ពេញ​ក្រុង និង​តាម​បណ្តា​ស្រុក​អស់​ទៅ​ហើយ មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ម្តងណា​ឡើយ ។ ហើយ​ភាគច្រើន ពួក​គេ​ទាំងនោះ​មាន​ខ្នងបង្អែក​ជា​សមត្ថកិច្ច​ទៅ​ទៀត​៕