Watford បំពេញការ​ចុះ​ហត្ថ​លេខា​ជា​មួយនឹង​ខ្សែ​ប្រើ Amrabat ពីក្លិប Malaga

ក្លិប Watford បាន​ចុះហត្ថ​លេខា​​ជាមួយ​នឹង​ខ្សែ​បម្រើ​ស្លាប Nordin Amrabat ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៣​ឆ្នាំកន្លះ​ពីក្លិប​ Malaga របស់​​ក្រប​ខ័ណ្ឌ​អេ​ស្ប៉ាញ La Liga​។

watfordខ្សែ​បម្រើ​ស្លាប​​​អន្តរ​ជាតិម៉ា​រ៉ុក​វ័យ​២៨​ឆ្នាំ​រូបនេះ នឹង​ចូល​រួម​ជាមួយនឹងក្រុម​របស់​លោក Quique Sánchez Flores ក្រោយ​ពី​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​ចន្ទ​​នៅលើ​ទឹក​ដីក្រុម Swansea City ដែល​បាន​ទទួល​ជ័យ​ជម្នះ ១-០ នៅពី​មុខ​អ្នក​ចាត់​ការ​ទូទៅ​ថ្មីម្នាក់​របស់​ពួក​គេ​​​។ ទាក់​ទង​នឹង​​កីឡាករ​រូប​នេះ លោក Flores បាន​ប្រាប់​កាលពី​ដើម​សប្តាហ៍នេះ​ថា៖ «រូប​គេមាន​គុណ​ភាព​ក្នុងនាម​ជា​កីឡាករ​ដែល​យើង​ចូល​ចិត្ត​។ រូប​គេ​អាចលេង​ក្នុង​តំបន់​ប្រយុទ្ធ រូប​គេ​គ្រប់​គ្រង​បាល់​បាន​ល្អ ហយ​រូបគេ​អាច​​ផ្លាស់​ប្តូរ​ចល​នា​យ៉ាង​រហ័ស​​ជាមួយនឹង​ភាពខ្លាំង​របស់​​ខ្សែ​ប្រយុទ្ធម្នាក់ និង​​អាច​គេច​ផុតពី​តំបន់​ការ​ពារ​»​។ គ្រូ​បង្វឹក​រូបនេះ​បានប្រាប់​បន្ថែម​ទៀត​ថា៖ «រូបគេ​ក៏​អាច​លេងក្នុង​តំបន់​បម្រើស្លាប​ផងដែរ ពីព្រោះ​រូប​គេ​​មានល្បឿន និង​​ចល​នា​រហ័ស ពោល​គឺ​ជា​ថាម​ពល​ដែល​បន្ថែមក្នុង​ជម្រើស​ក្នុងនាម​ជា​ក្រុមមួយ​»​៕

ប្រភព​ព័ត៌​មាន៖ The Guardian