សាក​​​សព​កម្មករ​នេសាទ​ចំណាក​​​ស្រុក​​​ជន​ជាតិ​ខ្មែរប្រាំនាក់​​ នឹង​​​ត្រូវ​បូជា​នៅ​ក្នុង​ប្រទេស​ថៃ​

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា កម្មករ​​នេសាទ​ចំណាក​ស្រុកជន​ជាតិ​ខ្មែរ​​មួយ​ក្រុម​កំពុង​រៀប​ចំបូជា​សព​មិត្តរួម​ការ​ងារ​ប្រាំនាក់​នៅក្នុង​ខេត្ត​រ៉ាណុង​​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បន្ទាប់​ពី​​ពួកគេ​​​មាន​​​​ជំងឺ​​ដ៏​អាថ៌​កំបាំង​ ខណៈពេល​ធ្វើការ​ងារ​នៅ​លើ​ទូក​នេសាទនៅ​​​ក្នុង​មហា​សមុទ្រ​ឥណ្ឌា។

លោក ជាម ឡាម៉ាទីន ​អនុព័ន្ធ​​ការ​ងារ​នៅ​ស្ថាន​​​ទូត​​កម្ពុជាប្រចាំ​ទីក្រុង​បាងកក​​បានមាន​ប្រសា​សន៍ថា កម្មករខែ្មរ​ទាំង​អស់​២៥នាក់​​​នៅលើ​ទូក​រយៈពេល​ដ៏យូរ ​​​​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​​ថា ប្រាំនាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅឡើយ​​។

លោក​បាន​ថ្លែង​ថា ភាគច្រើន​នៃពួកគេ​មក​​​ ពី​គ្រួសារ​តែមួយ​។ លោក​បាន​បន្ថែមថា ព័ត៌​មាន​លម្អិត​​ពី​មូលហេតុ​ដែល​បណ្តាល​ឱ្យ​ពួក​​​គេ​ធ្លាក់ខ្លួន​ឈឺ​នោះ “នៅតែមិន​ច្បាស់​លាស់​”។

លោក ឡាម៉ាទីន បាន​មាន​ប្រសាសន៍​កាល​​​​ ពី​ម្សិលមិញ​ថា​ “​យើង​មិន​ដឹង​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នេះ​នៅឡើយ​ទេ។ យើង​គ្រាន់តែ​​​ដឹង​​​​ថា​ពួកគេ​ធ្លាក់​ខ្លួន​ឈឺ ខណៈពេល​នៅលើ​លំហ​សមុទ្រ​​រយៈពេល​ដ៏យូរ”។​លោក​ពន​្យល់ ថា កម្មករ​ខ្មែរ​បាន​ត្រឡប់​មក​ដីគោក​វិញ​​កាល​ពី​សប្តាហ៍​មុន​​​ជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​មេសាមក។

លោក​​បន្ថែមថា “ពួកគេ​​ស្ថិត​ក្នុង​មហា​​​សមុទ្រ​ ឥណ្ឌា គឺ​ឆ្លាយ​ខ្លាំងណាស់ ប៉ុន្តែ​យើង​កំពុង​រង់​ចាំ​ព័ត៌មាន​បន្ថែមទៀត​​ពី​មន្ទីរពេទ្យ​។ ​​​ព័ត៌មាន​លម្អិតនៅ​​​តែ​​​មិន​​​ច្បាស់​​​លាស់​​​​នៅឡើយ​”។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍ថា កម្មករ​ទូកនេសាទ​​ថៃម្នាក​់ក៏បាន​ស្លាប់​ដែរ ហើយ​ ថា អ្នក​ទាំង​៦​ស្ថិត​ក្នុង​ចំណោម​​ជន​ជា​តិ​ខ្មែរ ភូមា និង​ថៃ​ចំនួន​​​១១៥នាក់់ដែលបាន​ត្រឡប់​ មក​កប៉ាល់​វិញ​​កាល​ពី​ពេល​ថ្មីៗ​នេះ។

ដោយ​លើក​ឡើងពី​មន្ត្រី​សុខាភិបាល​ថៃ កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ថា ការ​ស្លាប់​នេះ​បានកើត​ឡើង​ចន្លោះ​ថ្ងៃទី​​២៦ខែ​ធ្នូ ដល់​ថ្ងៃទី​១៣ ខែ​មករា ហើយ​ដោយសារ​ខ្វះ​វីតាមីន B1។

ការ​ស្លាប់នេះគឺជា​ហេតុការណ៍​ថ្មី​បំផុត​កើត​​​ឡើង​​​នៅ ក្នុង​​​ឧស្សាហកម្ម​​ដែល​រង​ការ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​​ចំពោះការ​ពឹង​ផ្អែក​លើ​​ការ​ងារ​ចំណាកស្រុកដែលមានប្រាក់​​កម្រៃទាប ដែល​​​ ​ភាគច្រើន​​ខុស​ច្បាប់ និង​មានការ​កេង​ប្រវ័ញ្ច។ កម្មករ​​ក្រីក្រ​​និង​គ្មាន​ចំណេះដឹង​គ្រប់​គ្រាន់​រាប់​ម៉ឺននាក់​​ជារឿយ​ៗ​ត្រូវ​បាន​ជួញ​ដូរពី​ប្រទេស​កម្ពុជា​និង​ប្រទេស​ភូមា​​ទៅ​បម្រើ​​​ការ​ងារ​ក្នុង​ឧស្សា​ហ​កម្ម​អាហារ​ សមុទ្រ​ក្នុង​ប្រទេស​ថៃ ដែល​​លក់​ទៅ​ឱ្យ​ក្រុម ហ៊ុន​ធំៗ​មួយ​ចំនួន​នៅ​ក្នុង​ពិភព​លោក។

លោក ឡាម៉ាទីន បានមាន​ប្រសាសន៍​កាល ពី​ម្សិលមិញ​ថា កម្មករខ្មែរ​១៥នាក់​ក្នុង​​ចំណោម ​កម្មករ​ដែលមាន​ជំងឺ​បាន​ចេញ​ពីមន្ទីរពេទ្យ ហើយ​​រៀបចំពិធី​បុណ្យ​សពមិត្ត​ភក្តិ និង​សាច់ញាតិ​របស់ខ្លួន​ ចំណែក​កម្មករ​៥នាក់​​ដែល​​​ កំពុង​សម្រាក​​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យនៅ​​​ឡើយ​​​ស្ថិត​​ក្នុង​ស្ថានភាព​នឹង​នរ​ ។ លោក​បន្ត​​​ថា “​សាច់​ញាតិ​​មិន​មាន​ឯកសារ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ដើម្បី​ចូល​រួម​បុណ្យ​សព​ឡើយ។ រីឯអ្នក​ដែល​នៅ​រស់​​​ នឹង​បូជា​សព​ទាំងនេះ​ ហើយ​ បញ្ជូន​អដ្ឋិធាតុ​មក​​​ប្រទេស​កម្ពុជា”៕​​​សារុន​​

 

The post សាក​​​សព​កម្មករ​នេសាទ​ចំណាក​​​ស្រុក​​​ជន​ជាតិ​ខ្មែរប្រាំនាក់​​ នឹង​​​ត្រូវ​បូជា​នៅ​ក្នុង​ប្រទេស​ថៃ​ appeared first on ខេមបូឌា ដេលី.