សម្ដេច ស ខេង សុំការយោគយល់ពីបងប្អូន អ្នកធ្វើដំណើរ តាមមហាវិថីព្រះនរោត្តម និងកំណាត់ផ្លូវ ២៤០ ចំពោះថ្ងៃរៀបមង្គលការកូន

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញលិខិតថ្លែងអំណរគុណ និងសុំការអភ័យទោស ចំពោះសាធារណជននូវរាល់ការរំខាន ឬការប៉ះពាល់ដោយអចេតនា ដែលអាចកើតឡើង ក្នុងថ្ងៃរៀបចំមង្គលការកូនប្រុសកូនស្រី ទៅតាមប្រពៃណីខ្មែរដែលបានធ្វើឡើង កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៦។

យោងតាមលិខិតថ្លែងអំណរគុណរបស់សម្ដេច ស ខេង ចេញកាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៦បានឲ្យដឹងថា "សមត្ថកិច្ចពាក់ព័ន្ធ ក៏បានខិតខំយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាលំហូរជាប្រក្រតីនៃចរាចរណ៍ ដោយពុំតម្រូវឲ្យមានការបិទកំណាត់មហាវិថីព្រះនរោត្តម និង កំណាត់ផ្លូវ២៤០នោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីសម្ដេចក្រឡាហោម សខេងសុំអភ័យទោសចំពោះសាធារណជននូវរាល់ការរំខានឬការប៉ះពាល់ដោយអចេតនាដែលអាចកើតមានក្នុងអំឡុងពេលនេះការប្រារព្វពិធីនេះ"។

សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅដែលបានផ្ដល់នូវការយោគយល់ និងការអធ្យាស្រ័យ ប្រកបដោយសមានចិត្តដ៏ថ្លៃថ្លាចំពោះសម្ដេច ក្នុងឱកាសនៃការបំពេញកាតព្វកិច្ច តាមប្រពៃណីទំនៀមទម្លាប់ខ្មែរដែលមាតាបិតាគ្រប់រូប តែងមានចំពោះបុត្រធីតា៕