រថយន្ត​ដឹក​មាន់​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់​នៅ​ផ្លូវជាតិ​លេខ​៤

ភ្នំពេញ: រថយន្ត​ហ៊ីយ៉ានដាយ ដឹក​មាន់​មួយគ្រឿង បើក​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូបណ្តាលអោយ​បុរស​ម្នាក់​បែកក្បាល​ស្លាប់​ភ្លាមៗ​កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី ១៨ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​៤ មុខ​ច្រកចូល​ភូមិ​កប់​អំបិល សង្កាត់កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ​មានឈ្មោះ ផន ភាស់ អាយុ ៣០ បើកបរ​រថយន្ត ស្នាក់នៅ​ភូមិ​ត្រពាំង​រាំងឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពាម​រក៍ខេត្តព្រៃវែង​។​

​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក កូន ទា ពណ៌​ទឹកប្រាក់ស្លាក​លេខ ភ្នំពេញ​1DG-6519 ជិះ​ចេញពី​ផ្លូវ​បេតុង​ភូមិ​កប់​អំបិល ទិសដៅ​ពីជើង​ទៅ​ត្បូង ឡើងមក​ផ្លូវជាតិ​លេខ​៤ ខណៈពេល​ជិះ​ឆ្លងផ្លូវ​បាន​ពាក់​កណ្តាលផ្លូវក៏មាន​រថយន្ត​ហ៊ី​យាន់​ដាយ​ពណ៌​ខៀវ​ដឹក​មាន់​ពេញ ពាក់​ស្លាក​លេខភ្នំពេញ​2AG-4505 បើក​លឿន​ទិសដៅ​ពី​លិចទៅ​កើត មកដល់​បុក​ចំ​ផ្នែក​ខាងឆ្វេងរថយន្ត​ចំពាក់​កណ្តាល​ម៉ូតូ​ផ្លោង​ជាង​១០​ម៉ែត្រ បណ្តាលអោយ​បោក​ក្បាលទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បានមក​ដល់ ហើយ​បាន​វាស់វែង និង​យកមធ្យោបាយ​ទាំងអស់​ទៅកាន់​ការិយាល័យ ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ចាត់ការ​តាមច្បាប់​។ រីឯ​សាកសព ត្រូវបាន​សមត្ថកិច្ច​ទាក់ទង ទៅក្រុម
គ្រួសារ អោយមក​ទទួលយក ទៅ​​ចាត់ចែង​ធ្វើបុណ្យ​៕​

រថយន្ត​ដឹក​មាន់​បុក​ម៉ូតូ បុរស​ម្នាក់​ស្លាប់​នៅ​ផ្លូវជាតិ​លេខ​៤