ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ប្រទេស​ចិន ៖ ដោយសារ​តែ​កំណើនសេដ្ឋកិច្ច ចិន​បាន​ក្លាយជា​ប្រទេស​មហាអំណាច​ក្នុង​តំបន់​សម្រាប់​កំណើនសេដ្ឋកិច្ច​សកល ដែល​បាន​ជួយ​ដល់​សេដ្ឋកិច្ច​បរទេស​លើ​តម្រូវការ​ទំនិញ និង​ការ​នាំ​ចូល​ផ្សេង​ទៀត ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ វា​កំពុង​តែ​មាន​ភាព​ប្រែប្រួល​ខុស​ពី​ពេល​មុន ដែល​បាន​អូស​ទាញ​សេដ្ឋកិច្ច​ទូ​ទាំង​តំបន់​ឲ្យ​ចុះ​ថមថយ ។

យោង​តាម​ការ​ស្ទាបស្ទង់​របស់​ធនាគារ​អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ សិង្ហ​បុរី​អាច​ទទួល​រង​នូវ​ផល​ប៉ះពាល់​អាក្រក់​ជាងគេ ខណៈ​ដែល​កំណើនសេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​១% ហើយ​អូស​ទាញ​កំណើនសេដ្ឋកិច្ច​សិង្ហ​បុរី​ឲ្យ​ធ្លាក់​១,៤%​។ ជាក់ស្តែង ចិន​ជា​ប្រទេស​ដែល​មាន​គោលដៅ​នាំ​ចេញ​ធំ​បំផុត​របស់​សិង្ហ​បុរី ដែល​មាន​អត្រា​រហូត​ដល់​១៥% ។

« ប្រទេស​ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​វៀតណាម នឹង​រង​ផល​ប៉ះពាល់​តិចតួច » ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Glenn Maguire ប្រធាន​សេដ្ឋវិទូ​នៃ​ធនាគារ ANZ ប្រចាំ​អាស៊ី​ខាងត្បូង​, អាស៊ី​អាគ្នេយ៍ និង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៦ មក​រា កន្លង​ទៅ​នេះ ដោយ​ផ្អែក​ទៅ​លើ​ទិន្នន័យ​នៃ​មួយ​ទសវត្សរ៍​កន្លង​មក ។

លោក Glenn Maguire បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ថា ៖ « ប្រទេស​សិង្ហ​បុរី​នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ការ​នាំ​ចេញ​របស់​ខ្លួន​មាន​ចំនួន​ច្រើន​ជាង​ដៃគូ ។ ដើម្បី​បង្កើន​ផលិតភាព និង​កំណើនសេដ្ឋកិច្ច សិង្ហ​បុរី​ចាំបាច់​ត្រូវ​រក្សា​គុណភាព​នៃ​ភាគហ៊ុន​កម្លាំង​ពលកម្ម ទាក់ទាញ​បច្ចេកវិទ្យា​ទំនើប និង​ផ្តោត​ទៅ​លើ​ការ​បន្ថែម​លើ​តម្លៃ​ទំនិញ » ។

បើ​យោង​តាម​ការ​ព្យាករ​របស់​ធនាគា​ពិភពលោក​កាលពី​ស​ប្តា​ហ៍​មុន​ឱ្យ​ដឹង​ថា ចិន​នឹង​មាន​កំណើនសេដ្ឋកិច្ច​៦,៧% នៅ​ឆ្នាំ​នេះ ។ សញ្ញា​ថមថយ​នៃ​កំណើនសេដ្ឋកិច្ច​នេះ នឹង​ធ្វើ​ឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​ចុះ​ខ្សោយ ស្រប​នឹង​ធនាគារកណ្តាល​ចេញផ្សាយ​ថា រូបិយប័ណ្ណ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត បើ​គិត​ពី​ឆ្នាំ​២០១១​មក និង​ការ​ផ្អាក​នូវ​ពាណិជ្ជកម្ម​ភាគហ៊ុន​ជាតិ បន្ទាប់​ពី​បាន​ជួប​ប្រទះ​នូវ​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​នាំ​ចេញ​របស់​សិង្ហ​បុរី គឺ​កំពុង​តែ​ជួប​ប្រទះ​វិបត្តិ​រួច​ទៅ​ហើយ ខណៈ​ដែល​កំណើនសេដ្ឋកិច្ច​មាន​ត្រឹមតែ​២,១% នៅ​ឆ្នាំ​២០១៥ ដែល​ជា​កំណើន​មួយ​ដ៏​យឺត​ក្នុង​រយៈពេល​៦​ឆ្នាំ​ជាប់​ៗ​គ្នា និង​ជា​ការ​ឆ្លុះ​បញ្ចាំង​នៃ​ការ​ចុះ​ខ្សោយ​របស់​សេដ្ឋកិច្ច​ចិន​ផង​ដែរ ៕