ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ ​មានការភ្ញាក់ផ្អើលពេញ​ក្រុងសៀមរាបនិងមជ្ឈដ្ឋានមួយ​ចំនួននៅរាជធានីភ្នំពេញថា ​លោកឧកញ៉ា សៀង ណាំ ​អ្នកតំណាង​រាស្រ្តមណ្ឌល​សៀមរាបបាន​ទទួលមរណភាព​​។

ទាក់ទងទៅនឹង​ព័ត៌មាននិយាយតៗគ្នានេះ​ អគ្គស្នងការរងនគរបាលជាតិ​ លោកនាយកឧត្តមសេនីយ៍ ​ខេង សុមេធ ​ដែលស្និទ្ឋនឹង​គ្រួសារលោកឧកញ៉ា សៀង ណាំ បាន​បដិសេធ​ព័ត៌មាន​ខាងលើនៅព្រឹកថ្ងៃទី១៩​ មករា ២០១៦ ។

លោកនាយឧត្តមសេនីយ៍​បានបញ្ជាក់ដែរថា​ តាមការពិតកាលពីរំលង​អធ្រាត្រឈានចូលថ្ងៃអង្គារនេះ​ លោកតាមហាឧបាសក ឈុន ហាក់ ​អាយុ៩៥ឆ្នាំ ​ឪពុកបង្កើតលោក​ឧកញ៉ា សៀង ណាំ​ ត្រូវបានក្រុមគ្រួសារបញ្ជូនពីក្រុងបាងកក​ បន្ទាប់ពីគ្រូពេទ្យអស់លទ្ឋភាព​ព្យាបាលក្រោយពេលដែល​លោកតាមហាឧបាសក​​បានសម្រាកព្យាបាល​រយៈពេល៤ឆា្នំ​នោះរួចមក ។

លោកនាយឧត្តមសេនីយ៍​អគ្គស្នងការរងបានបន្ថែមទៀតថា ​ទំនងជាគាប់ជួននឹងក្រុមគ្រួសារលោកឧកញ៉ា​ ​សៀង ណាំ ​ត្រៀមរៀបចំពិធីបុណ្យ​ឪពុករបស់លោក (បញ្ជាក់​លោកតាមហាឧបាសក ​ឈុន ហាក់ ​នៅមានជន្មាយុនៅឡើយទេ) ​នៅក្នុងបូរីសៀង​ ​ណាំ២ ស្ថិតក្នុងសង្កាត់ស្រង៉ែ ​ក្រុងសៀមរាប ​ទើបលេចឮព័ត៌មាន​ខាងលើ ៕