អូស្ត្រាលី អំពាវនាវឲ្យចិន បង្កើនកិច្ចសន្ទនា បន្ថែមទៀត លើបញ្ហាសមុទ្រ ចិនខាងត្បូង

វ៉ាស៊ីនតោន៖ លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី ម៉ាល់ខូម ធឺនប៊ូល បានអំពាវនាវកាលពីថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ ២០១៦ ឲ្យប្រទេសចិន បោះជំហាន ប្រកបដោយសន្តិភាព ទៅរកការដោះ ស្រាយជម្លោះដែនអធិបតេយ្យ នៅសមុទ្រចិនខាងត្បូង ព្រមទាំងរិះរកវិធីបង្កើនកិច្ចសន្ទនា ជាមួយនឹងដៃគូពាក់ព័ន្ធផងដែរ។ នេះបើតាមការផ្សាយរបស់ ក្យូដូ នៅថ្ងៃអង្គារ។

លោក ធឺប៊ូល បានថ្លែងនៅក្នុងដំណើរទស្សនកិច្ចនៅកាន់សហរដ្ឋអាមេរិកដូច្នេះថា “លោក ប្រធានាធិបតី ស៊ី ជិនពីង តែងមានប្រសាសន៍ថា ប្រទេសចិន ត្រូវចេញឲ្យផុត រនាំងដែល អត់មានទ្វារនេះ។ វាជាការឆ្លើយតប នឹងការព្រមានរបស់អ្នកជំនាញជាច្រើន ថាភាពគ្រោះថ្នាក់ បំផុត នឹងអាចកើតឡើងទៅរួច ប្រសិនបើមិន មានការដោះស្រាយបញ្ហាឲ្យបានត្រឹមត្រូវ រវាង ប្រទេសមាន អំណាច ដូចជា ចិន និង សហរដ្ឋអាមេរិក ជាដើមនោះ។”

ឆ្លើយតបនឹងបញ្ហានេះ លោក ធឺនប៊ូល ក៏បានផ្តល់ជាមតិយោបល់មួយចំនួនទៅដល់ប្រទេស ចិន ថាប្រសិន បើប្រជាជាតិធំជាងគេនៅលើសកលលោកមួយនេះ ចង់ដោះស្រាយបញ្ហា ដែល មិនសង្ឃឹមថាមានច្រកចេញ ទៅរួច ចិនគួរតែព្យាយាមរកវិធីធានាអះអាង ចំពោះអ្នកជិត ខាងរបស់ខ្លួន ដើម្បីឲ្យពួកគេមានទំនុកចិត្ត ចំពោះជំហររបស់ចិននៅលើការដោះស្រាយ បញ្ហានានា នៅក្នុងតំបន់ដែនសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលី តែងបង្ហាញជំហរជាអាជ្ញាកណ្តាល នៅក្នុងការផ្តល់យោបល់ ដោះស្រាយជម្លោះ ក្នុងដែនសមុទ្រចិនខាងត្បូង ដែលជាផលប្រយោជន៍រួមរបស់អន្តរជាតិ ជាពិសេសរវាងទ្វីបអាស៊ី និង អាមេរិក។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានចោទប្រកាន់ចិនថា បានប្រើប្រាស់ចំណាត់ការ ជាឯកតោភាគី ទៅលើតំបន់ សមុទ្រចិនខាងត្បូង ដែលមិនទាន់ មានការដោះស្រាយបញ្ហារួចស្រេចនៅឡើយ៕

អូស្ត្រាលី អំពាវនាវឲ្យចិន បង្កើនកិច្ចសន្ទនា បន្ថែមទៀត លើបញ្ហាសមុទ្រ ចិនខាងត្បូង