មេប៉ូលិស ៖ ឥណ្តូណេស៊ី ស្ថិតក្នុងហានិសភ័យខ្ពស់ នៃការវាយប្រហារដោយ ISIS

ហ្សាការតា៖ ប្រទេសឥណ្តូណេស៊ី កំពុងតែទាមទារឲ្យមាន ការប្រគល់ខ្លួនក្រុមសកម្មប្រយុទ្ធ ដ៏មាន បទពិសោធន៍របស់ពួករដ្ឋអ៊ីស្លាម ISIS ពីតំបន់មជ្ឈិមបូព៌ា ដែលគេសង្ស័យថាជាក្រុម ដែលស្ថិតនៅពីក្រោយការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ហ្សាការតា កាលពីសប្តាហ៍មុន។ នេះបើតាមសារព័ត៌មានសិង្ហបុរី ដកស្រង់សម្តីពីមេបញ្ជាការ ប៉ូលិសជាតិឥណ្តូណេស៊ីលោក បាដ្រូឌីន ហៃទី នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ ២០១៦។

លោក បាដ្រូឌីន បញ្ជាក់ដូច្នេះទៀតថា “ការវាយប្រហារ កាលពីថ្ងៃព្រហស្បតិ៍ នៅកណ្តាល បេះដូង នៃរដ្ឋធានី ហ្សាការតា គឺជាប្រតិបត្តិការទាន់ហន់បំផុត ស្ថិតនៅក្នុងផែនការ B របស់ ពួកសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលវាទំនងជាបានកើតឡើង ក្រោយពួកគេទទួលបរាជ័យ ទៅលើការ វាយប្រហារនៅថ្ងៃបុណ្យណូអែល និង ឆ្លងឆ្នាំកន្លងទៅនោះ។”

គួរបញ្ជាក់ថា ការវាយប្រហារកាលពីសប្តាហ៍មុន បានបណ្តាលឲ្យមនុស្សស្លាប់សរុប ៨ នាក់ ក្នុងនោះមានពួកសកម្មប្រយុទ្ធចំនួន ៤ នាក់ នៅលើដងវិធី ថាំរិន ដ៏សំខាន់របស់ទីក្រុង ហ្សាការតា។ ការវាយប្រហារនេះ គឺជាលើកទីមួយហើយ នៅតំបន់អាស៊ី ដែលជាការទទួលរង អំពើភេរវកម្មពីបណ្តាញក្រុមភេវករ ដែលមានមូលដ្ឋាននៅប្រទេសស៊ីរី ហើយពួកគេទាំងនោះ បានទទួលការហ្វឹកហ្វឺន និង បំពាក់បំប៉នជំនាញប្រើប្រាស់អាវុធយុទ្ធភណ្ទ ជាច្រើនប្រភេទ៕

មេប៉ូលិស ៖ ឥណ្តូណេស៊ី ស្ថិតក្នុងហានិសភ័យខ្ពស់ នៃការវាយប្រហារដោយ ISIS