គួរ​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​

ប្រតិបត្តិការ​របស់​គ​ណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា​ឈ្មួញ​ធំៗ​មួយចំនួន​និង​មន្ត្រី​ពុករលួយ​ដែល​ជាប់​ពាក់ព័ន្ធ​ត្រូវ​ទទួលទោស​តាមច្បាប់​ជាមិនខាន​។ ជាក់ស្តែង​ឈើ​ហ៊ុ​ប​មូល​និង​ឈើ​ឡាំង​៤​ជ្រុង​រាប់រយ​កំណាត់​ដែលជា​ប្រភេទ​ឈើ​លេខ​១ ត្រូវគេ​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនទាន់​វែកមុខ​ក្រុម​ជនល្មើស​នៅឡើយ​ទេ​។ ដូច្នេះ​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​ត្រូវ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​វែកមុខ​ជនល្មើស​ចាត់វិធានការ​តាមច្បាប់​ដោយ​មិនត្រូវ​លើកលែង​ជាដាច់ខាត​។

​ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឈើ​រាប់រយ​កំណាត់​ដែល​គេ​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ​នោះ គឺជា​របស់​ឈ្មោះ សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា ដែល​ឃុបឃិត​ជាមួយ​នាយក​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ ឈ្មោះ រ័ត្ន សុវណ្ណ និង​នាយករង​ឈ្មោះ ឌឹ​ម ប៊ុនធឿន​។ ជាមួយគ្នានេះ​លោក ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​បណ្ដោយ​ឲ្យ​លោក រ័ត្ន សុវណ្ណ និង​លោក ឌឹ​ម ប៊ុនធឿន បើកដៃ​ឲ្យ​មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា កាប់​ឈើ​តាម​អំពើ​ចិត្ត​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ពេ​ជ្រា​ដា ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​កន្លងមក​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។

ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឃិន ម៉េង​ស្រេង មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ទំនងជា​ទទួលផល​ប្រយោជន៍​ពី​លោក សារិន គឹម​អាត មេបញ្ជាការ​យោធា​ស្រុក​ពេ​ជ្រា​ដា ទើប​មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​កូនចៅ​ក្រោម​ឱវាទ​នាពេល​កន្លងមក​។ អាច​និយាយបានថា បទល្មើស​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀរ មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទាំង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក ឈិ​ត សុផល មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក វង់ សុក្រ​សិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត ហើយ​លោក អេង ប៊ុន​ហ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ត្រូវ​ប្រឈម​នឹង​ការសង្ស័យ​ដូចគ្នា​ផងដែរ​។ ដូច្នេះ​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​ខេត្តមណ្ឌលគិរី ព្រោះ​ថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឈើ​ជាង​៦០០​កំណាត់​នៅ​ព្រំប្រទល់​ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា ហើយ​ម្ចាស់​ឈើ​កំពុង​លាក់​មុខ​យ៉ាង​ស្ងប់ស្ងាត់​ដើម្បី​គេច​ឲ្យ​ផុតពី​វិធានការ​ច្បាប់​៕

Hong-0541 Hong-0539 Hong-0538 Hong-0540 Hong-0542