ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន បំផ្លាញ​ព្រៃឈើ​នៅ​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ យ៉ាង​មហន្តរាយ​

កាលពី​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​កំណាត់ឈើ​២៧១៣​ម៉ែត្រគូប​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន​ឈ្មោះ​ហ្វូ​ឡាយ ឈុន​គ្រុប​(FULAI CHUN GROUP) នៅក្នុង​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ​។ ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នោះបាន​ឲ្យ​ដឹងថា ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ មិនអាច​រក​កន្លែង​ស្តុក​ឈើ​ដែល​សមត្ថកិច្ច​បង្ក្រាបបាន​នោះទេ ព្រោះ​ឧទ្ធម្ភាគចក្រ​មាន​បញ្ហា​ប​ចេ្ច​ក​ទេស​។ បញ្ហា​នេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ ហើយ​សង្ឃឹមថា​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាត់វិធានការ​តាមច្បាប់​ទៅលើ​ក្រុមហ៊ុន​ចិន​ជាមិនខាន​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ឃុំ​រលួស ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កម្លាំងប្រដាប់អាវុធ​ជាង​១០០​នាក់​បាន​ឡោមព័ទ្ធ​រយៈពេល​៣​ថ្ងៃ​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន ហ្វូ​ឡាយ ឈុន​គ្រុប ហើយ​រកឃើញ​ឈើ​២៧១៣​ម៉ែត្រគូប​។ តាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ធំៗ​កាប់​ឈើ​ដឹក​យកមក​ស្តុក​ទុក​នៅក្នុង​បរិវេណ​ដី​សម្បទាន​ក្រុមហ៊ុន​ហ្វូ​ឡាយ ឈុន​គ្រុប មុនពេល​អារច្រៀក​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​។ មួយផ្នែកធំ​នៃ​ឈើ​ទាំងនោះ ត្រូវបាន​គេ​កាប់​នៅក្រៅ​រង្វង់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ចិន ហើយ​ដឹក​ចូលក្នុង​ក្រុមហ៊ុន​នេះ ដើម្បី​ឲ្យ​ក្លាយទៅជា​ឈើ​ស្របច្បាប់​។

​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ក៏មាន​ចំណែក​ទទួលខុស​ត្រូវចំ​ពោះ​បទល្មើស​កាប់​ឈើ​យកមក​ស្តុ្ក​ក​ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ហ្វូ​ឡាយ ឈុន​គ្រុប នោះដែរ​។ ដោយហេតុថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​ថា្នក់​ខេត្ត និង​ពី​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ​ទេនោះ គឺ​ឈ្មួញ​ឈើ​មិនអាច​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ហ្វូ​ឡាយ ឈុន​គ្រុប ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ មជ្ឈដ្ឋាន​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​លើកឡើងថា បទល្មើស​កាប់​ឈើ​យកទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​ចិន​ហ្វូ​ឡាយ ឈុន​គ្រុប មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ច្រើន​ស្ថាប័ន ហើយ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​វែកមុខ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចាត់វិធានការ​តាមច្បាប់​ជា​ធរមាន​៕

Pic48 Pic47 37020459-8309-4fee-94b8-ba183ac4ddd2