រថយន្ត​ក្រុមហ៊ុនស្រា​បៀរ លី​អូ បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់ របួស​៣​នាក់​

ព្រៃវែង:  កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ទី​១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវខ្វែង​បត់​ជាបួន​ស្ថិតនៅ​ភូមិ​អង្ក្រង​ឃុំ​បឹង​ព្រះ​ស្រុក​បាភ្នំ ខេត្តព្រៃវែង មាន​ករណី​គ្រោះថ្នាក់​ចរាចរបង្កឡើង​រវាង​រថយន្ត​ដឹក​ស្រា​បៀរ លី​អូរ បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​​របួស​៤​នាក់​។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្តរបស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ ១​គ្រឿង ម៉ាក​សាំ​យ៉ុង ពណ៌​ទឹក​ក្រហម ពាក់​ស្លាកលេខ​ភ្នំពេញ 1Q-0359 ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏បានបុក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១០ បើកបរបញ្ច្រាសទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​ពេល​
បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​បឹង​ព្រះ និង​៣​នាក់​ផ្សេងទៀត​បាន​រងរបួស​ស្រាល​។​

​អ្នកបើករថយន្ត​បង្ក​ឈ្មោះ សោម សុវណ្ណ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទីលំនៅ​ភូមិ​អណ្តូងតា​សី ឃុំ​ព្រៃ​ធ្លាក់ ស្រុក​ស្វាយរៀង ខេត្តស្វាយរៀង​។

រីឯ​ជនរងគ្រោះ​ឈ្មោះ ហាន ប៉ូច ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្វាយ​ខុប ឃុំ​ដូនកឹង ស្រុក​កំចាយមា ខេត្តព្រៃវែង រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅមណ្ឌល​សុខភាព​ឃុំ​បឹង​ព្រះ តែ​ជា​អកុសល​ជនរងគ្រោះ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់មណ្ឌល​សុខភាព

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​និង​មធ្យោបាយយកទៅ​រក្សា​ទុក្ខ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​