​គូសសញ្ញា​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ក្នុង​ជំនឿ​ខ្មែរ​របស់​អ្នក​ខេត្តសៀមរាប​

ភ្នំពេញ: អាជ្ញាធរ​ជាតិ​អប្សរា​​បានប្រកាសថា ការ​ប្រារព្ធ​ពិធី​តាម​ជំនឿ​សាសនា​នៅពេល​មាន​មនុស្ស​ស្លាប់​នៅតាម​បណ្តា​ខេត្ត​ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែងតែមាន​ជាទូទៅ ប៉ុន្តែ​ជំនឿ​ក្នុង​ការយក​ធ្យូង​មក​គូសសញ្ញា​ជើងក្អែក​នៅ លើ​ចិញ្ចើម​ក្មេង​នៅក្នុង​ភូមិ ពេល​ឃើញ​គេ​ហែសព​និង​បានឮ​ដំណឹង​ថា​មាន​អ្នកស្លាប់ ត្រូវបាន​ប្រ ទះ​ឃើញ​នៅក្នុង​ខេត្តសៀមរាប​ជាច្រើន​កន្លែង តែ​ទំនៀម​នេះ​មានការ​ថមថយ​បន្ដិច​ជាង​សម័យមុន​។​

​ព្រះ​តេជគុណ ម៉ក់ ប៉ឹង ចៅអធិការ​វត្ត​ទី​មុនី​រង្សី ហៅ​វត្ត​ព្រះអង្គ​ទ្រង់​និង​ជា​អនុគណ​ស្រុក​ពួក មាន​សង្ឃដីកា​ថា ការ​គូសសញ្ញា​ជើងក្អែក​គឺមាន​ទាំង​លើផ្លូវ​និង​លើ​ចិញ្ចើម​ក្មេងៗ វា​ជា​ជំនឿ​និង​ទំនៀម​ដែលមាន​តាំងពី​ដូនតា​ខ្មែរ​យូរយារ​ណាស់​មកហើយ មិនដឹង​ស្ថិត​ក្នុងសម័យ​កាលណា​ទេ ហើយ​ជំនឿ​នេះ​ក៏​មិន​ស្ថិតនៅក្នុង​ព្រះពុទ្ធសាសនា​ដែរ​។​

​ព្រះអង្គ​មាន​សង្ឃដីកា​បន្តទៀតថា មាន​ហេតុផល​ពីរ​យ៉ាងសំខាន់​នៅក្នុង​ជំនឿ​នេះ ទី​១​គឺ តាំងពីដើម​មក ឱ្យ​តែមាន​អ្នកណា​ស្លាប់ ចាស់ៗ​តែង​ហាម​ក្មេងៗ​មិនឱ្យ​ទៅជិត​អើតមើល​សព​នោះទេ ថែមទាំង​គូស​ជើងក្អែក​លើ​ចិញ្ចើម​ក្មេងៗ​ទាំងនោះ​ដើម្បីឱ្យ​ខ្មោច​ខ្ពើមរអើម មិន​ឱ្យមក​លងបន្លាច​ដែលនាំឱ្យ​ក្មេង​ដេក​យំយប់ ផ្អើល ឈឺ ឬ​ស្លាប់​ដោយសារតែ​ភ័យ​លោះ​ព្រលឹង​។ ទី​២​ទាក់ទង​នឹង​ការសង្គ្រោះ​រូប​ភូត​ទាំង​បួន ពេល​ស្លាប់ទៅ​ភូត​នោះឯង​តែង​រឭក​នឹក​ដល់​ប្តី​ប្រពន្ធ​កូន​សាច់ញាតិ អ្នកស្លាប់​គិតថា​បើ​អញ​ស្លាប់ទៅ ប្រពន្ធ​កូន​ប្ដី​សាច់ញាតិ​នឹង​ភ្លេច​អញ​ហើយ ដូច្នេះ​គេច​ង់​វិល​វិញ ទើប​អ្នក​នៅរស់​តែង​ធ្វើ​បុណ្យឧទ្ទិសកុសល​ឱ្យ​ព្រលឹង​អ្នកស្លាប់​បាន​ស្ងប់ចិត្ត មិន​វិលវល់​មករក​ពួកខ្លួន​ទៀត​។​

​ហេតុនេះ​ក្រោយពី​ហែសព​រួច អាចារ្យ​គូស​ជើងក្អែក​លើផ្លូវ​ជាការ​ឧបកិច្ច​ចំពោះ​អ្នកស្លាប់ ដើម្បីឱ្យ​ព្រលឹង​សព​វង្វេង​រក​ផ្លូវ​មក​ផ្ទះ​មិនឃើញ កុំ​ឱ្យនៅ​វិលវល់​និង​នឹករឭក​ដល់​កូនចៅ​ប្រពន្ធ​ប្តី​ទៀត​។ ការ​គូស​ខ្វែង​លើផ្លូវ​នេះ​មិនសូវ​ឃើញ​មាន​ទេ​បច្ចុប្បន្ន​។​

​លោក ម៉ៅ តេង ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​រៀបរាប់ថា និយាយ​រួម​ឱ្យ​តែមាន​មនុស្ស​ស្លាប់ ក្មេងៗ​គេ​ត្រូវ​ខ្វែងជើងក្អែក ដើម្បី​កុំឱ្យ​លោះ​ព្រលឹង ខ្លាច​ខ្មោច​ដូន​ភូត​នោះមក​បន្លាច​។ កាលពី​អ៊ំ​នៅ​តូច​ឱ្យ​តែមាន​អ្នកណា​ស្លាប់ ម៉ែ​តែងតែ​គូស​ខ្វែង​លើ​ចិញ្ចើម​ឱ្យ ដល់​មានកូន​ខ្លួនឯង ឱ្យ​តែមាន​អ្នកស្លាប់​ក៏​តែង​គូស​ដូចគ្នា ទំនៀម​នេះ​ឃើញ​មាន​តាំងពី​កើតមក​ម្ល៉េះ តែ​មិនដឹងថា​មាន​ពី​សម័យ​ណា​ទេ​។​

​ប្រហែល​ជាជាង​១០​ឆ្នាំមុន ជំនឿ​នេះ​ហាក់​នៅមាន​អ្នក​គោរព​ច្រើន គឺ​ឱ្យ​តែមាន​អ្នកស្លាប់ សញ្ញា​ខ្វែងជើងក្អែក​លើ​ចិញ្ចើម​ក្មេងៗ​មាន​ព្រោងព្រាត​ស្ទើរតែ​គ្រប់​ភូមិ​ស្រុក​នៃ​អ្នក​ខេត្តសៀមរាប តែ​បច្ចុប្បន្ន​សញ្ញា​នេះ​មិនសូវ​ឃើញ​មាន​ឪពុកម្តាយ​ជំនាន់​ថ្មី​គូស​ឱ្យ​កូនៗ​ទេ ហើយ​ក្មេងៗ​ក៏​មិនសូវ​ជឿ​លើ​ពាក្យ​ហាមប្រាម​របស់​ចាស់ៗ​មិន​ឱ្យទៅ​អើតមើល​សព​ដែរ​។​

​បច្ចុប្បន្ន​ជំនឿ​នេះ​ហាក់​កំពុង​សាបរលាប​បន្តិច​ម្តងៗ ស្ទើរតែ​គ្មាន​ក្មេង​គូស​ជើងក្អែក​លើ​ចិញ្ចើម​ពេល​ឃើញ​គេ​ហែសព​ឫ​ឮដំណឹង​ថា​មាន​អ្នកស្លាប់ ហើយ​ក្មេងៗ​ខ្លះ​ថែមទាំង​បាន​ទៅ​អើតមើល​សព​ទៀតផង លុះ​ពេល​ត្រឡប់មកវិញ​ក៏​មិនឃើញ​មាន​បញ្ហា​អី​ដែរ​៕

​គូសសញ្ញា​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ក្នុង​ជំនឿ​ខ្មែរ​របស់​អ្នក​ខេត្តសៀមរាប​

​គូសសញ្ញា​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ក្នុង​ជំនឿ​ខ្មែរ​របស់​អ្នក​ខេត្តសៀមរាប​

​គូសសញ្ញា​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ក្នុង​ជំនឿ​ខ្មែរ​របស់​អ្នក​ខេត្តសៀមរាប​

​គូសសញ្ញា​ជើងក្អែក​លើ​ចិញ្ចើម​ក្មេង​ក្នុង​ជំនឿ​ខ្មែរ​របស់​អ្នក​ខេត្តសៀមរាប​