ក្រុមអាល់ កៃដា បង្ហាញមុខភេរវករ ៣រូប ដែលបានវាយប្រហារ លើរដ្ឋធានី ប៊ូគីណា

អ៊ូហ្គាឌូហ្គូ៖ ក្រុមភេរវករ អាល់កៃដា បានចេញការអះអាងថា ភេរវករ ៣រូប ពិតជាបាន វាយប្រហារលើរដ្ឋធានី អ៊ូហ្គាឌូហ្គូ នៃប្រទេស ប៊ូគីណា ហ្វាសូ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្សចំរុះជាតិសាសន៍ ចំនួន ២៩នាក់ស្លាប់ ប្រាកដមែន។

ទីភ្នាក់ងារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ខ្មាន់កាំភ្លើងរបស់ក្រុម អាល់ កៃដា កាលពីយប់ថ្ងៃសុក្រ សប្ដាហ៍មុននេះ បានបើកការ វាយប្រហារលើ ភោជនីយដ្ឋាន កាប៉ូស៊ីណូ និងសណ្ឋាគារមួយកន្លែង ហើយមនុស្ស ដែលត្រូវបានក្រុមនេះ បាញ់សម្លាប់ ក្នុងនោះមាន ពលរដ្ឋប៊ូគីណា ហ្វាសូ ៨នាក់ កាណាដា ៦នាក់ អ៊ុយក្រែន ៣នាក់ និងបារាំង ២នាក់។

ឆ្លើយតប នឹងការវាយប្រហារនេះដែរ ក្រុម អាល់ កៃដា បានចេញសេចក្ដីថ្លែការណ៍មួយថា ក្រុមភេរវករ ដែលធ្វើសកម្មភាព ក្នុងករណីនេះមានគ្នា ៣នាក់ ក្នុងនោះទី១ ឈ្មោះ បាតា អាល់ អានសារី, ទី២ អាប៊ូ ម៉ូហាម៉ាដ អាល់ប៊ូហ្គាលី អាល់អានសារី និងទី៣ អាម៉េដ អាល់ហ្វូឡានី អាល់អានសារី ដែលអ្នកទាំង៣នេះ ទំនងត្រូវជាបងប្អូនបង្កើតនឹងគ្នា៕

ក្រុមអាល់ កៃដា បង្ហាញមុខភេរវករ ៣រូប ដែលបានវាយប្រហារ លើរដ្ឋធានី ប៊ូគីណា