លោក ហោ ណាំហុង បញ្ជាក់ពីការ ផ្តល់ជំនួយ របស់នូវែលហ្សេឡង់ មកកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅចំពោះមុខយុវជន កម្ពុជាមួយក្រុម ដែលនឹងទៅបន្តការសិក្សានៅនូវែលហ្សេឡង់ បានបញ្ជាក់ពីការផ្តល់ជំនួយ របស់នូវែលហ្សេឡង់ មកកម្ពុជា។

ក្នុងជំនួបពិភាក្សា ជាមួយក្រុមយុវជនចំនួន១៧រូប នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើង ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-នូវែលហ្សេឡង់ ពិសេសគឺជំនួយរបស់នូវែលហ្សេឡង់ លើផ្នែកអភិរក្សអង្គរ កសិកម្ម កំចាត់មីន តុលាការខ្មែរក្រហម ហើយនិងការបណ្តុះបណ្តាល ធនធានមនុស្សតាមរយៈការផ្តល់អាហារូបករណ៍ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌអាស៊ាន-នូវែលហ្សេឡង់។

លោកបានគូសបញ្ជាក់ទៀត ពីការជួយឧបត្ថម្ភរបស់នូវែលហ្សេឡង់ ក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើម សមាហរណកម្មអាស៊ាន (IAI) ដែលមានប្រយោជន៍ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស របស់ប្រទេសសមាជិកថ្មីរបស់អាស៊ាន ហើយនិងការលុបបំបាត់គម្លាត រវាងប្រទេសសមាជិកចាស់ និងប្រទេសសមាជិកថ្មីរបស់អាស៊ាន។

លោកបានផ្តាំផ្ញើ ទៅក្រុមនិស្សិត ដែលទៅបន្តការសិក្សាថា ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីសមិទ្ធផល និងសភាពការណ៍នៅកម្ពុជា ជូនសហគមន៍ខ្មែរ នៅនូវែលហ្សេឡង់ និងនិស្សិតបរទេស ,  ខិតខំរៀនសូត្រ ដើម្បីត្រលប់មកវិញ ចូលរួមអភិវឌ្ឍប្រទេសជាតិ តាមវិស័យផ្សេងៗគ្នា ក្នុងស្ថាប័នរដ្ឋ ក្នុងផ្នែកឯកជន, ផ្សព្វផ្សាយអំពីការវិវត្ត របស់សហគមន៍អាស៊ាន , យកចិត្តទុកដាក់ថែរក្សាសាមគ្គីភាព។

ជាពិសេស ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការឃោសនាមួលបង្កាច់ របស់អ្នកនយោបាយខ្លះ ហើយក្នុងករណីជួបបញ្ហាផ្សេងៗ ឲ្យទំនាក់ទំនង ជាមួយស្ថានទូតកម្ពុជា នៅទីក្រុង ខាន់-បេរ៉ា-ប្រទេសអូស្រ្តាលី៕

លោក ហោ ណាំហុង បញ្ជាក់ពីការ ផ្តល់ជំនួយ របស់នូវែលហ្សេឡង់ មកកម្ពុជា

លោក ហោ ណាំហុង បញ្ជាក់ពីការ ផ្តល់ជំនួយ របស់នូវែលហ្សេឡង់ មកកម្ពុជា