ផ្ទះ ៤ ប្រភេទនាំមក​​​គ្រោះថ្នាក់ រឿង​ក្ដៅក្រហាយ បើ​សង់​​មិន​បាន​គិត​

ផ្ទះ ៤ ប្រភេទនាំមក​​​គ្រោះថ្នាក់ រឿង​ក្ដៅក្រហាយ បើ​សង់​​មិន​បាន​គិត​

មុន​សាងសង់​ផ្ទះ ឬ​អគារ​អ្វី​មួយ ប្រជាជន​ខ្មែរ​មិន​បាន​រំលង​អបិយជំនឿ​ឡើយ ពោល​គឺ​រក​គ្រូ​គុន​គូរ​មើល​​ហុងស៊ុយ​ថា បើ​សង់​​ត្រង់​ទីតាំង​នេះ​ មាន​បញ្ហា​អ្វី​អត់? រក​ស៊ី​ឡើង​ទេ? សុខសប្បាយ​អត់? បែរ​ទៅ​ទិស​ខាង​ណា​​​ទើប​ល្អ? មិន​តែ​ប៉ុណ្ណោះ​នៅ​​មាន​អបិយ​ជំនឿ​ជាច្រើន​ទៀត ពី​ការ​សង់​ផ្ទះសម្បែង​នេះ ដូច្នេះ​ហើយ​ពេល​នេះ Sabay សូម​បង្ហាញ​​ប្រិយមិត្តនូវ​លក្ខណៈ​ផ្ទះ​បួន​ប្រភេទ ដែល​គេ​ជឿ​ថា នាំ​មក​នូវ​រឿង​មិន​ល្អ គ្រោះកាច​ដល់​អ្នក​រស់​នៅ។

 

១. ផ្ទះ​នាំ​មក​នូវ​គ្រោះថ្នាក់

 

ប្រសិន​បើ​តួ​ផ្ទះ​ណា​មួយ នៅ​ទិស​ខាងជើង​ផត​ចូល ត្រូវ​រួសរាន់​កែខៃ​ឱ្យ​ត្រូវ​តាម​ក្បួន​ហុងស៊ុយ​ភ្លាម ព្រោះ​ថា លក្ខណៈ​ផ្ទះ​បែប​នេះ នឹង​នាំ​មក​នូវ​គ្រោះថ្នាក់ ឬ​គ្រោះភ័យ​ដោយ​ប្រការ​ណា​មួយ​ដល់​អ្នក​រស់​នៅ។ បើ​ទោះបី​ជាពួកគេ​​រាសី​ល្អ គ្មាន​​គ្រោះភ័យ ក៏​អាច​ថ្លោះធ្លោយ ខាត​បង់​ជំនួញ​ការងារ ឬ​មាន​រឿង​ក្ដៅក្រហាយ​ផ្សេងៗ។

 

២. ផ្ទះ​នាំ​មក​នូវ​ការ​ឈឺចាប់

 

បើ​ទោះ​​ផ្ទះអ្នក​មាន​លក្ខណៈ​ល្អ​ត្រឹមត្រូវ តាម​ក្បួន​ហុងស៊ុយ​ក្ដី តែ​បើ​​នៅ​​​ក្រោយ​ផ្ទះ មាន​ផ្ទះ​មួយ​ខ្នង​ទៀត​ជ្រុង​ស្រួច​ បែរ​តម្រង​មក​ផ្ទះ​អ្នក​នោះ តាម​ក្បួន​ប្រាប់​ថា មិន​ល្អ​ឡើយ ព្រោះ​វា​ប្រៀប​ដូចជា​មុខ​កាំបិត ចាំ​តែ​អារ​ផ្ទះ​របស់​អ្នក​អ៊ីចឹង។ ផ្ទះ​បែបនេះ នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ឈឺថ្កាត់​រហូត​ចូល​ពេទ្យ​វះកាត់ ឬ​ធ្វើ​ឱ្យ​មាន​រឿង​ឈឺ​ចិត្ត​ម្ដង​ហើយ​ម្ដង​ទៀត គ្មាន​សេចក្ដី​សុខ ការងារ​ជំនួញ​មិន​រលូន ដោយ​ត្រូវ​គេ​ស៊ី​ខ្សែ​លើ និង​ ​កេងប្រវ័ញ្ច។

 

ផ្ទះ ៤ ប្រភេទនាំមក​​​គ្រោះថ្នាក់ រឿង​ក្ដៅក្រហាយ បើ​សង់​​មិន​បាន​គិត​

 រូបតំណាង

 

៣.ផ្ទះ​ផ្ដល់​​ភាព​​តានតឹង

 

បើ​ក្នុង​ផ្ទះ បន្ទប់ បន្ទប់​ធ្វើការ មាន​សសរ​មួយ​ដើម ឬ​ពីរ​ដើម​ចំ​កណ្ដាល គេ​ចាត់​ទុក​ថា​មិន​ល្អ ព្រោះ​ធ្វើ​ឱ្យ​អ្នក​រស់នៅ ឆាប់​មាន​អារម្មណ៍​ប្រែប្រួល តែងតែ​រង​សម្ពោធ មាន​ភាព​តានតឹង តប់ប្រមល់ ខ្វល់ខ្វាយ គិត​ផ្ដេសផ្ដាស មាន​ជំងឺ​ញឹកញាប់។

 

៤. ផ្ទះ​មាន​ហេតុ​អាក្រក់

 

ផ្ទះ​​មាន​ជញ្ជាំង​ផ្នែក​ខាងលើ​ធ្នឹម ឬ​គែម​ទ្វារ មាន​លក្ខណៈ​បញ្ឆិត មិន​មែន​ខ្សែ​ត្រង់​ដូច​ធម្មតា ហើយ​បើ​ទោះ​ជា​មាន​បន្ទប់​តែ​មួយក្ដី​ ក៏​ផ្ទះ​នេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មិន​ល្អ​ដែរ។  វា​នឹង​ធ្វើ​ឱ្យ​អ្នក​ក្នុង​ផ្ទះ តែង​ជួប​ប្រទះ​ហេតុភេទ​ ដោយ​នឹង​ស្មាន​មិនដល់ និង​ធ្វើ​ឱ្យ​ការ​រស់​នៅ​​មិន​ចុះ​សម្រុង​គ្នា។

 

អត្ថបទ​នេះ Sabay បាន​ដកស្រង់​ចេញពី​​សៀវភៅ “ជំនឿ​និង​ហុងស៊ុយ” ក្រោម​ចំណង​ជើង “លក្ខណៈ​ផ្ទះ​មិន​ល្អ​តាម​ក្បួន​ហុងស៊ុយ” នៅ​ទំព័រ​ទី ១១១ ដល់ ១១៣៕

 

អត្ថបទ៖ អ៊ុំ សុភក្តិ