ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ: អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បាន​បន្ត​ខិតខំ​ស្តារ​អភិវឌ្ឍន៍ និង​កែលម្អ​សោភ័ណភាព​ក្រុង នៅជាប់​ព្រំដែន​ថៃ​នេះ បន្ថែមទៀត​។ ចំពោះមុខ ក្រុង​បានចាប់ផ្តើម​ដាំ​បង្គោល​ភ្លើង​ស្តង់ដារ បំភ្លឺ​ផ្លូវ​លើផ្លូវ និង​បន្ត​កសាង​ផ្លូវ​បេតុង និង​គ្រោង​កសាង​រមណីយដ្ឋាន​ទឹក​កែច្នៃ​។​
   
​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត អោយដឹង​ថ្ងៃទី​១៨​មករា​ថា ដោយមាន​ការចង្អុលបង្ហាញ ដឹកនាំ​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ខេត្តបន្ទាយមានជ័យ ពី​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ពី​លោក​អភិបាលខេត្ត និង​កិច្ចសហការ​ពី​ជំនាញ អ្នកពាក់ព័ន្ធ និង​ផែនការ​អនុវត្ត​របស់​ក្រុង ក្នុងការ​ប្រលងប្រណាំង​បេក្ខភាព​ទីក្រុង​ស្អាត​នោះ ទើប​ក្រុង​បន្ត​ស្តារ អភិវឌ្ឍន៍ និង​កែលម្អ​សោភ័ណភាព​ក្រុង អោយ​សកម្ម​ថែមទៀត​។​
   
​លោក ង៉ោ ម៉េង​ជ្រួ​ន និយាយថា ក្នុងនោះ ក្រុង​ប៉ោយប៉ែត ពិសេស​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត បាន​កែលម្អរ​អោយ​ស្អាត​សមរម្យ និង​មាន​ស្តង់ដារ សួន ទង់ និង​អំពូល​ភ្លើង​បំភ្លឺ នៅ​រង្វង់​មូល​ប៉ោយប៉ែត​។​
   
​លោក​និយាយ​បន្តថា ដោយឡែក សម្រាប់​ភ្លើង​បំភ្លឺ​តាម​ដងផ្លូវ ពីមុន គឺ​ឆ្នាំ​២០១២ ក្រុមហ៊ុន អាន​កូ បាន​បំពាក់​បង្គោល​ភ្លើង​ខ្នាត ១​កំណាត់ ភ្ជាប់​នឹង​បង្គោល​ភ្លើង​របស់​ក្រុមហ៊ុន​ចំនួន​ជាង ២០០ ដើម តាម​បណ្តោយ​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​រង្វង់​មូល​ប៉ោយប៉ែត ដល់​មុខ​នគរបាល​ក្រុង​។ តែ​ឆ្នាំ​២០១៦ នេះ រដ្ឋបាល​ក្រុង អាជ្ញាធរ​សង្កាត់ និង​សប្បុរសជន សម្រេច​តម្លើង​បង្គោល​ភ្លើង​ស្តង់ដារ​បំភ្លឺ​ផ្លូវ មាន​ដើម​កម្ពស់ ៩ ម៉ែត្រ និង​កំណាត់ ភ្ជាប់​អំពូល ១ ម៉ែត្រ ចំនួន ៥១៥ បង្គោល និង​ចំណាយ​ថវិកា​សប្បុរសជន​ជាង ១០ ម៉ឺន​ដុល្លារ​។​
 
​លោក​អភិបាលក្រុង បន្តថា  បង្គោល​ភ្លើង ត្រូវដាក់​តាមផ្លូវ​ធំ និង​អាទិភាព​ចរាចរ​រណ៍​មមាញឹក​ទាំងយប់​ទាំង​ថ្ងៃ ចំនួន ៣​ខ្សែ​: ទី​១-​កំណាត់​ផ្លូវជាតិ​លេខ​៥ ពី​រង្វង់​មូល​ប៉ោយប៉ែត ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ដល់​មុខ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ក្នុងភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល​។ ទី​២-​ពី​ផ្លូវជាតិ​លេខ​៥ ទៅ​ផ្សារ​ត្រី​-​ទៅ​ភូមិ​ព្រៃ​ព្រេច សង្កាត់​ប៉ោយប៉ែត និង​ទី​៣-​ចំណុចដើម​ពុទ្រា ក្បែរ​បរិវេណ​កាស៊ីណូ ហ្គោល​ដិ​ន​ក្រោ​ន ទៅ​មណ្ឌល​នាគ​ទិព្វ សង្កាត់​ប៉ោយប៉ែត​។​
   
​លោក ង៉ោ ម៉េង​ជ្រួ​ន បន្តថា ចំពោះមុខ​នេះ ក្រុងនិង​សង្កាត់ ក៏​បន្ត​សម្រួល​អោយ​សម្រុក​កសាង​ផ្លូវ​បេតុង ដែល​ប្រើ​ថវិកា​ពលរដ្ឋ ១០០​ភាគរយ ថវិកា​មូលនិធិ​ឃុំ​សង្កាត់ ៦​ខ្សែ ប្រវែង​ជាង ២ គ​.​ម បន្ត​លើក​ផែនការ និង​សម្របសម្រួល អោយបាន​កសាង​ផ្លូវ​បេតុង ជិត ១០​ខ្សែ​ទៀត​។ ពោលគឺ​បន្ត​កសាង​ផ្លូវ​បេតុង​បន្ត​ពី​ការកសាង​រួច ចំនួន​ជាង​ជិត ៣០​ខ្សែ ប្រវែង​ជិត ៤០​គ​.​ម​។​
    
​ទាក់ទិន​សេវា​កំសាន្ត​សប្បាយ និង​ទំនួល​ខុសត្រូវ​សង្គម​ជូន​ពលរដ្ឋ ក៏ត្រូវ​បាន​លោក​អភិបាលក្រុង និយាយ​ដែរ​ថា អនុវត្ត​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​ដូច​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ រដ្ឋបាល​ក្រុង ក៏​ដាក់​ផែនការ និង​អនុវត្ត​បន្ទាន់​នូវ​ការកសាង​រមណីយដ្ឋាន​កែច្នៃ​ទឹក​ថ្មី​មួយ នៅ​អាង​ទឹកអូ​ខៃ​ដន ក្នុង​សង្កាត់​និមិត្ត​។ ក្រុមហ៊ុន អាន​កូ វ៉​ត​ធឺ ស័​ប​ប្លាយ នឹង​សហការ​កសាង​និង​ឧបត្ថម្ភ​។ ពោលគឺ​អាជ្ញាធរ និង​ក្រុមហ៊ុន បាន​ខិតខំ​ធានា​ទទួលខុសត្រូវ ទាំង​លើ​ការផ្គត់ផ្គង់​ទឹក​ពី​អាង​នេះ ទាំង​ការបម្រើ​ការកំសាន្ត​សប្បាយ​របស់​ពលរដ្ឋ​៕  

ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​

ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​

ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​

ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​

ដាក់​បង្គោល​ភ្លើង និង​គ្រោង​រៀបចំ​តំបន់​ទេសចរណ៍​ទឹក​កែច្នៃ នៅ​ក្រុង​ប៉ោយប៉ែត​