ព្រះអង្គម្ចាស់ក្សត្រី ថៃ នឹងយាងមក ទស្សនៈកិច្ច ប្រទេសកម្ពុជា នៅខែក្រោយ

ភ្នំពេញ៖ យោងតាម AKP ដែលចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ព្រះអង្គម្ចាស់ក្សត្រីថៃព្រះនាម មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងមកបំពេញទស្សនៈកិច្ច ជាផ្លូវការ នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ម្ចាស់ក្សត្រី មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងមកដល់ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ដែលនឹងទទួល បដិសណ្ឋារកិច្ច ពីសំណាក់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ  ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ជាច្រើនរូប។

ក្នុងអំឡុង ព្រះរាជទស្សនៈកិច្ច នៅក្នុងប្រទេសកម្ពុជា ព្រះអង្គម្ចាស់ក្សត្រីថៃ នឹងយាងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីយាងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រនរោត្តមសីហមុនី និងនាយករដ្ឋមន្ត្រីកម្ពុជា ព្រះអង្គម្ចាស់ក្សត្រី នឹងយាងជា ព្រះអធិបតីភាព បើកការដ្ឋានសាងសង់ វិទ្យាស្ថានបច្ចេកវិទ្យា នៅខេត្តកំពង់ស្ពឺ ។

លើសពីនេះទៅទៀត ព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន (Maha Chakri Sirindhorn) នឹងយាងបើកការសម្ពោធ ដាក់ឲ្យប្រើប្រាស់ វិទ្យាល័យកំពង់ឆ្នេរអូរឈើទាល និង ប្រគល់អគារ បន្ទប់ថាមពលដើរ ដោយព្រះអាទិត្យ នៅខេត្តកំពង់ធំ ។

ក្រៅពីនេះព្រះអង្គម្ចាស់ក្សត្រី  នឹងយាងទស្សនៈកិច្ច នៅសាលាបឋមសិក្សា ផ្សេងៗទៀត នៅខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និង ខេត្តព្រៃវែង ព្រមទាំងរោងចក្រស្ករស ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺផងដែរ៕

ប្រភព៖ LookingTODAY

ព្រះអង្គម្ចាស់ក្សត្រី ថៃ នឹងយាងមក ទស្សនៈកិច្ច ប្រទេសកម្ពុជា នៅខែក្រោយ