ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្តាល​រង​កា​រិះគន់ថា​បំពេញការងារ​មិន​ត្រឹមត្រូវ​

ប្រភពព័ត៌មាន​ពីសា​លា​ខេត្តកណ្តាល​បាន​រាយការណ៍​មក​ថា លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្តាល បាន​បំពេញការងារ​មិន​ត្រឹមត្រូវ​នោះទេ ពោលគឺ​រង​ការ​រិះគន់ថា​បាន​ឃុបឃិត​ជាមួយ​បក្ខពួក​របស់ខ្លួន​ដើម្បី​កិបកេង​ថវិកាជាតិ​តាមរយៈ​ការដេញថ្លៃ​គម្រោង​សាងសង់​សំណង់​ផ្សេងៗ​នៅក្នុង​ខេត្តកណ្តាល​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សូម្បី​លោក ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​ក៏​មិន​ហ៊ាន​រិះគន់ ឬ​សួរដេញដោល​ពី​ភាពមិនប្រក្រតី​ក្នុងការ​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ដែល​ដំណើរការ​គម្រោង​ដោយ នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្តាល លោក ទ្រី ប៊ុន​ហៀ​ង ដែរ ព្រោះ​លោក ទ្រី ប៊ុន​ហៀ​ង មាន​ខ្នង​ក្រាស់​នៅក្នុង​ជួរ​មន្ត្រី​រដ្ឋាភិបាល​។​

​ក្រុមហ៊ុន​សាងសង់​ផ្លូវលំ​មួយ​នៅ​ខេត្តកណ្តាល​បាន​បង្ហើប​ថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ណា​ត្រឹមត្រូវ​ចង់​ចូលរួម​សាងសង់​សំណង់​ផ្សេងៗ​ដែល​ដំណើរការ​ដោយ​ស្ថាប័ន​ជំនាញ​ក្រោម​ការគ្រប់គ្រង​របស់​សាលា​ខេត្តកណ្តាល​គឺ​មិន​ងាយស្រួល​នោះទេ ព្រោះ​លោក ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្តាល​បាន​បង្ក​ការលំបាក​តាមច្រើន​រូប​ភាព​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​ត្រឹមត្រូវ​ចូលរួម​ដេញថ្លៃ​បាន​ដោយ​ជោគជ័យ និង​មាន​តម្លាភាព​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទ្រី ប៊ុន​ហៀ​ង នាយក​ចាត់ការ​វិនិយោគ​ខេត្តកណ្តាល ត្រូវគេ​ដឹងថា​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​មួយចំនួន និង​ក្រុមហ៊ុន​ខិលខូច ដើម្បី​ឲ្យ​គម្រោង​សាងសង់​ធ្លាក់​ទៅលើ​ដៃ​ក្រុមហ៊ុន​ខិលខូច ហើយ​ពួកគេ​បាន​ចែក​ផលចំណេញ​គ្នា​ដោយ​គ្មាន​ខ្វល់ខ្វាយ​ពី​ផលប្រយោជន៍​រួម​នោះទេ​។​

​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខេត្តកណ្តាល​មួយរូប​បាន​បង្ហើប​ថា ថ្មីៗ​នេះ​នៅ​សាលាខេត្ត​កណ្តាល​មានការ​ដាក់​ឲ្យ​ដេញថ្លៃ​សាងសង់​ផ្លូវ​បេតុង​ចំនួន​៧​ខ្សែ និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​២​ខ្សែ ហើយ​ដែលមាន​ភាពមិនប្រក្រតី​ជាច្រើន​បានកើត​ឡើង ខណៈ​មាន​ក្រុមហ៊ុន​មួយចំនួន​ត្រូវបាន​គេ​ប្រាប់ថា​មិនបាច់​ចូលរួម​ដេញថ្លៃ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា គម្រោង​សាងសង់​ភាគច្រើន​ត្រូវបាន​គេ​រៀបចំ​ផ្ទៃក្នុង​រួចរាល់​ទៅហើយ ដូច្នេះ​ការដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​គ្រាន់តែ​ជា​ឆាកល្ខោន​សម្តែង​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​បាន​មើល​ប៉ុណ្ណោះ​។​

​ជុំវិញ​បញ្ហា​នេះ ពលរដ្ឋ​រស់នៅ​ក្រុង​តាខ្មៅ និង​ខេត្តកណ្តាល​បាន​លើកឡើងថា ពួកគាត់​មិន​ច្បាស់​ថា​ផ្លូវលំ ផ្លូវ​កៅស៊ូ ផ្លូវ​បេតុង និង​សំណង់​ផ្សេងៗ​ដែល​សង់​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយ​ក្រុមហ៊ុន​ឯកជន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវបាន​ធ្វើឡើង​ដោយ​របៀប​ណា​នោះទេ តែ​ពួកគាត់​ដឹង​ត្រឹម​ថា​ថវិកា​សាងសង់​ភាគច្រើនបំផុត​ជា​ថវិកាជាតិ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សំណង់​មួយចំនួន​គ្មាន​គុណភាព​នោះទេ គឺ​ឆាប់​ខូចខាត​ពេល​ដាក់​ប្រើប្រាស់​៕

5466cb54-8419-452f-bb5f-c08960393029

SONY DSC