ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ លោក ជុំ សំ​និ​ត កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​

​មន្ត្រីរាជការ​និង​អាជីវករ ព្រមទាំង​ក្រុមហ៊ុន​មួយចំនួន​នៅក្នុង​ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​លើ​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​។ ប្រភពពី​មន្ត្រី​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា លោក ជុំ សំ​និ​ត កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រើ​អំណាច​គំរាមកំហែង​បង្ខំ​ឲ្យ​ក្រុមអាជីវករ​និង​ក្រុមហ៊ុន​មួយចំនួន​បង់លុយ​ឲ្យ​ខ្លួន​រាប់លាន​រៀល​ក្រោមលេស​ច្បាប់​អាជីវកម្ម​ផ្សេងៗ ឬ​សុំ​បិទ​ក្រុមហ៊ុន​ជាដើម​។ បញ្ហា​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។

កន្លងមក​តំណាង​ក្រុមហ៊ុន​មួយ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ លោក ជុំ សំ​និ​ត បាន​គំរាម​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​ឈ្មោះ ស្មិត វង្ស​សម្បត្តិ ខន​ស្ត្រា​ក់សិន ដែល​ក្ស័យធន​តាំងពី​ឆ្នាំ​២០១០​នោះ បង់លុយ​ថ្លៃ​ប៉ាតង់​និង​ធ្វើការ​ពិន័យ​តាម​អំពើ​ចិត្ត​។ តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៥ លោក ជុំ សំ​និ​ត បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ខ្លួន​បង់លុយ ១២ ០៨៤ ០០០​រៀល គឺ​ជាង​១២​លាន​រៀល​នៅក្នុង​ចន្លោះ​ពេលដែល​ក្រុមហ៊ុន​បាន​បិទទ្វារ​បញ្ឈប់​អាជីវកម្ម​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ​។ ជាងនេះទៅទៀត​លោក ជុំ សំ​និ​ត បង្ខំ​ឲ្យ​បង់លុយ​១​លាន​រៀល​ថា​ជា​ថ្លៃ​ក្រដាស់​ដើម្បី​បិទ​ក្រុមហ៊ុន​បញ្ឈប់​ការបង់ពន្ធ​។ រឿង​មិន​ប្រក្រតី​នេះ កំពុង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មន្ត្រីរាជការ ប្រជាពលរដ្ឋ អាជីវករ និង​តំណាង​ក្រុមហ៊ុន​នានា​នៅ​ខេត្តឧត្ដរមានជ័យ​។

តាម​មន្ត្រី​បម្រើ​ការងារ​ក្នុង​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ករណី​ក្រុមហ៊ុន​ស្នើសុំ​បិទ​ដើម្បី​បញ្ចប់​ការបង់ពន្ធ ក្រោយពេល​បង់លុយ​ប៉ាតង់​ពិន័យ​ផ្សេងៗ គឺ​មានការ​បរិច្ឆេត​ប្រើ​រយៈពេល​១៥​ថ្ងៃ​អាច​ទទួលបាន​លិខិត​ឈប់​បង់ពន្ធ​ហើយ​។ មន្ត្រី​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា ករណី​លោក ជុំ សំ​និ​ត បង្ខំ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​បង់លុយ​១​លាន​រៀល​ថ្លៃ​ឯកសារ​បិទ​ក្រុមហ៊ុន​ឈប់​បង់ពន្ធ​នោះ គឺ​មិន​មានចែង​ក្នុង​ច្បាប់​ទេ ដូច្នេះ​លោក ជុំ សំ​និ​ត ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក គង់ វិបុល អ​គ្ក​នាយក​នៃ​អ​គ្ក​នាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​លើ​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ​ជាបន្ទាន់​។ ដោយហេតុថា​មួយរយៈ​ពេល​ចុងក្រោយ​នេះ លោក ជុំ សំ​និ​ត ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព​ដោយ​មិន​ខ្លាច​ប្រឈម​ទៅនឹង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ​៕

126លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ gvfcdaaa1