អ្នកគ្មានឈ្មោះ ទាមទារសំណង ខណៈអាជ្ញាធរ កំពុងប្រកាស លទ្ធផលអ្នកទទួល យកសំណង

ភ្នំពេញ៖ ក្រុមស្ត្រីអតីត សហគមន៍បុរីកីឡា ដែលគ្មានឈ្មោះទទួលបានសំណង ពីអាជ្ញាធររាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ បានមកធ្វើការតវ៉ាទាមទារសំណង ខក្នុងគ្រាអាជ្ញាធរ កំពុងប្រកាសលទ្ធផល នៃអ្នកដែលព្រមទទួលយកសំណងចំនួន ៥៦គ្រួសារ ហើយបានធ្វើឲ្យពិធីនេះ មានភាពរញ៉េរញ៉ៃ និងទទួលការបរាជ័យ។

ការតវ៉ាទាមទារនោះ គឺមានអ្នកខ្លះបានលើកឡើងថា គាត់គ្មានឈ្មោះត្រូវបានទទួលសំណងណាមួយ ពីអាជ្ញាធរ និងអ្នកខ្លះទៀត ធ្លាប់ទទួលបានសំណង់ពីអាជ្ញាធរហើយ តែគាត់មិនពេញចិត្តនឹងសំណង់ នោះ ហើយត្រូវអាជ្ញាធរកាត់ឈ្មោះចេញពីការទទួលសំណងវិញ។

ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ផូក សាភិន ដែលមកតវ៉ា បានលើកឡើងថា គាត់បានរស់នៅតំបន់បុរីកីឡា តាំងពីឆ្នាំ១៩៩៦ បានចូលជាសហគមន៍ដើមជ្រៃ កាលពីឆ្នាំ១៩៩៨ ហើយផ្ទះរបស់គាត់ត្រូវបាន ក្រុមហ៊ុនឈូសឆាយកាលពីឆ្នាំ២០១២ តែរហូតមកដល់ពេលនេះ មិនទាន់ទទួលបានសំណង់ណាមួយ ពីក្រុមហ៊ុន និងអាជ្ញាធរនោះទេ។

ស្ត្រីរូបនេះថា “ខ្ញុំមកថ្ងៃនេះ តវ៉ាព្រោះខ្ញុំអត់មានឈ្មោះ ដែលជាដំណោះដោះស្រាយមកតាំងពីឈូស ឆ្នាំ២០១២មក បងអត់មានបានអីតិចសោះ ឈ្មោះជាកញ្ចប់ក៏អត់មាន ឈ្មោះនៅភូមិអណ្តូងក៏អត់មាន ឈ្មោះបានផ្ទះក៏អត់មាន។ ចុះតាំងពីឈូសហើយបាត់ឈ្មោះខ្ញុំទៅណា?”។

ប៉ុន្តែយ៉ាងក៏ដោយ ស្ត្រីមេម៉ាយឈ្មោះផូក សាភិននេះ បានបញ្ជាក់ថា គាត់មិនទទួលយកសំណង់ នៃគោលការណ៍របស់អាជ្ញាធររាជធានីភ្នំពេញណាមួយទាំងអស់ គឺគាត់សុំតែផ្ទះរបស់គាត់មកវិញ។

លោក មាស ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញ បានលើកឡើងថា នីតិវិធីរបស់សា លារាជធានី នៅពេលបិទផ្សាយលទ្ធផលនេះ ក្រៅពីអ្នក៩០គ្រួសារ ដែលមិនទាន់ទទួលយកលទ្ធផល គាត់ត្រូវផ្តល់ឯកសារ មកក្រុមការងារបស់សាលារាជធានី ដើម្បីក្រុមការងារបន្តនីតិវិធីទៀត។

 លោកថា “យើងមិនបានបិទផ្លូវតវ៉ារបស់គាត់ទេ គឺយើងនៅទុកឱកាសរបស់គាត់ ដើម្បីគាត់ផ្ដល់ជូននូវ ឯកសារ និងសាក្សីបន្ថែម មកដល់ក្រុមការងារចម្រុះរបស់យើង ដើម្បីក្រុមការងារចម្រុះរបស់យើង បន្តនូវការវាយតម្លៃបន្ត”។

លោក មាស ចាន់យ៉ាដា បានបញ្ជាក់ថា ចំណុចដែលអាជ្ញាធរត្រូវអនុវត្តន៍បន្ត នៅល្ងាចថ្ងៃទី១៩មករា នេះ ក្រុមការងារនឹងធ្វើលិខិតអញ្ជើញអ្នកដែលបានទទួលយកសំណងទាំង ៥៦គ្រួសារ អញ្ជើញ មួយគ្រួសារម្តងៗ ទៅសាលាខណ្ឌ៧មករា នៅថ្ងៃទី២០ ខែមករាស្អែកនេះ ដើម្បីដោះស្រាយជាមួយក្រុមការងារសាលារាជធានី ហើយអ្នកដែលត្រូវបានទទួលយកសំណង នៅក្នុងសហគមន៍បុរីកីឡា មិនទាន់អញ្ជើញទេ នឹងត្រូវធ្វើនៅជំហានបន្ទាប់។

ក្នុងឱកាសទៅចូលរួមប្រកាសលទ្ធផលនោះ លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារ ពិសេសទទួលបន្ទុកផ្នែកសិទ្ធិលំនៅដ្ឋាន និងជាអ្នកដែលបានចូលរួមជាមួយអាជ្ញាធរ ដើម្បីដោះស្រាយ បញ្ហានេះ បានលើកឡើងថា ការមកតវ៉ានេះ ដោយសារពួកគាត់មានការភ័យខ្លាចក្រុមការងាររាជធានី មិនដោះស្រាយជូនគាត់ទើបគាត់មកតវ៉ានេះ ប៉ុន្តែ ក្រុមការងារនេះ បន្ទាប់ពីដោះស្រាយជាមួយអ្នក ដែលយល់ព្រមហើយ នឹងបន្តដោះស្រាយជាមួយអ្នក ដែលមិនទាន់យល់ព្រម និងធ្វើការងារជាមួយពួក គាត់បន្តទៀត។

លោកថា “អង្គការទាំងអស់ដែលនៅក្នុងគណៈកម្មការនេះ យើងបានពិនិត្យនិងតាមដាននៅក្នុងការ ដោះស្រាយហ្នឹងយ៉ាងយកចិត្តទុកដាក់ យើងឃើញថាមានភាពល្អប្រសើរឡើង បើយើងប្រៀបធៀប ពីមុនៗ យើងមិនមានឱកាសរួមគ្នាយ៉ាងដូច្នេះទេ”។

សូមបញ្ជាក់ថា ក្រោយបិទផ្សាយលទ្ធផលវាយតម្លៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមការងារ ចម្រុះរួមមាន តំណាងសាលារាជធានីភ្នំពេញ សាលាខណ្ឌ៧មករា សាលាសង្កាត់វាលវង់ តំណាង អង្គការសង្គមស៊ីវិល និងតំណាងក្រុមហ៊ុនផានអ៊ីមិច បានជួបប្រជុំគ្នាជាច្រើនលើកច្រើនសារ ដើម្បី កំណត់អំពីនីតិវិធី និងយន្តការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលព្រមទទួលយកលទ្ធផល វាយតម្លៃ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ ដែលបានចុះកិច្ចសន្យាជាមួយក្រុមការងាររួមមាន គ្រួសារ ដែលយល់ព្រមយកផ្ទះនៅក្នុងបុរីកីឡាមានចំនួន ៣៤/៣៥គ្រួសារ, គ្រួសារដែលយល់ព្រមយកផ្ទះនៅភូមិអណ្តូង ឬថវិកា ៥.០០០ដុល្លារ មានចំនួន ៤០/៨៥គ្រួសារ (ទទួលយកផ្ទះនៅភូមិអណ្តូង ៤គ្រួសារ និងទទួលយកថវិកា ៣៦គ្រួសារ) និងគ្រួសារដែលយល់ព្រម យកសំណងគោលនយោបាយជាថវិកា ៣.០០០ដុល្លារ មានចំនួន ១៦/៣៤គ្រួសារ។ សរុបទាំងអស់ ៩០/១៥៤គ្រួសារ (ប្រហែល ៦០ភាគរយ)៕

អ្នកគ្មានឈ្មោះ ទាមទារសំណង ខណៈអាជ្ញាធរ កំពុងប្រកាស លទ្ធផលអ្នកទទួល យកសំណង

អ្នកគ្មានឈ្មោះ ទាមទារសំណង ខណៈអាជ្ញាធរ កំពុងប្រកាស លទ្ធផលអ្នកទទួល យកសំណង