ប្រជាពលរដ្នម្ចាស់ រថយន្ត ដឹកទំនិញនាំគ្នាប្តឹង លោកប្រធានពន្ធដារស្រុករមាសហែកស៊ីដាច់ លុយបង់ពន្ធមធ្យោបាយ មិនបង់ចូលរដ្ន

ស្វាយរៀង ៖ ក្រុមប្រជាពលរដ្ន ដែលជាម្ចាស់រថយន្តដឹកទំនិញ បាននាំគ្នាដាក់ពាក្យប្តឹង លោកប្រធានពន្ធដារ ស្រុករមាសហែក ពីបទរំលោភ សេចក្តីទុកចិត្ត ដោយបានស៊ីដាច់លុយ ដែលពួកគាត់បានបង់ពន្ធមធ្យោបាយ ហើយមិនព្រមយកទៅបង់ឱ្យសាខាពន្ធដារ ខេត្ត តែបែយកចាយអស់ទៅវិញ។

ការប្រតិកម្មពីសំណាក់ប្រជាពលរដ្ននេះ ខណ:ដែលប្រជាពលរដ្នដែលជាអ្នករកស៊ីដឹកទំនិញ បាននាំគ្នាមកសាក សួរដល់សាខាពន្ធដារខេត្ត ទើបធ្លាយរឿងថា លោកប្រធាពន្ធដារ ស្រុករមាសហែក មិនទាន់យកមកបង់។

ក្រុមប្រជាពលរដ្នធ្វើពាក្យប្តឹងទៅសាខាពន្ធដារខេត្តតាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ មិនទាន់មានដំណោះស្រាយនៅទ្បើយទេដោយ មេពន្ធដារស្រុករមាសហែក បានគេចខ្លួនបាត់។ ដោយសារយ៉ាងនេះ ហើយទើបពួកគាត់សំរេចចិត្តប្តឹងបន្តទៅព្រះរាជអាជ្ញាសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ នៅពេលថ្ងៃទី២០ ខែមករានេះ ។

ពាក់ពន្ធនឹងករណីនេះក្រុមប្រជាពលរដ្ន ដែលជាអ្នករងគ្រោះ ព្រោះលោកប្រធានពន្ធដារស្រុករមាសហែក ស៊ីដាច់លុយបង់ពន្ធនេះ បានឱ្យដឹងថា  ពួកគាត់បាននាំគ្នាសំរេចចិត្តប្តឹង មេពន្ធដាស្រុករមាសហែកនេះ ពីបទ រំលោភសេក្តីទុកចិត្ត ។ ក្រុមប្រជាពលរដ្នបានបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា ដែលជាម្ចាស់រថយន្តផ្ទាល់ខ្លួន សំរាប់ប្រើប្រាស់ក្នុងគ្រួសារ ប្រកបមុខរបររកស៊ីដឹក ទំនិញហើយជារាល់ឆ្នាំបង់ ពន្ធមានពន្ធមធ្យោបាយ និងពន្ធបាតង់មិនដែលខានទ្បើយ គឺបានបង់អោយឈ្មោះព្រុំ វិសាលនេះតែម្តង តែមិនដឹងថាយកលុយ ទៅណាទេទើបមិនមានលុយបង់ចូលរដ្ន។

ចំពោះលោកព្រុំ វិសាល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងបានទេ ។ ប៉ុន្តែក្រុមប្រជាពលរដ្ន នៅតែទទួចទៅស្ថាប័នមានសមត្ថកិច្ច មេត្តាចាត់វិធានតាមច្បាប់ ព្រោះទំរាំបានលុយបង់ពន្ធគឺពួកគាត់ ពិបាករកលុយណាស់ ៕