ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​​កម្ពុជា លោកថោ​ង ខុន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា ​២០១៦ ​នេះ បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​​ទៅ​ចូ​លរួម​ក្នុង​កិច្ចប្រជុំ​ចំនួន​៣​រួម​មាន​​ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​​អាស៊ាន​បូក​៣ (ចិន-ជប៉ុន-កូរ៉េ​) លើក​ទី​១៥ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​ឥណ្ឌាលើក​ទី​៥ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អាស៊ាន​-​រុ​ស្ស៊ី​លើក​ទី​១៦ ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ​មករា ​២០១៦ ដែល​ប្រទេស​ហ្វី​លី​ពី​ន​ធ្វើ​ជា​ម្ចាស់ផ្ទះ ​​​នៅ​ទីក្រុងម៉ានីល ក្រោម​ប្រធានបទ ​«សហគមន៍​មួយ ដើម្បី​និរន្ត​ភាព» ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​ថ្លែង​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​លើក​ទី​១៩ នឹង​តាមដាន​ស្តាប់​របាយការណ៍​សង្ខេប​អំពី​លទ្ធផល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ កាលពី​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៥ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។ កិច្ចប្រជុំ​នេះ ​ក៏​នឹង​អនុម័ត​នៅ​កិច្ចការ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ ។ ចំពោះ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក ចិន​-​ជប៉ុន​-​កូរ៉េ លើក​ទី​១៥ ក៏​នឹង​តាមដានស្តាប់​របាយការណ៍​សង្ខេប​អំពី​ដំណើរការ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​បូក​៣​ផង​ដែរ ។

លោក​បាន​បញ្ជាក់​ថា ដោយឡែក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌាលើក​ទី​៥ នឹង​តាមដាន​ស្តាប់​របាយការណ៍​សង្ខេប​អំពី​ដំណើរការ​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​អាស៊ាន​-​ឥណ្ឌា រួម​ទាំង​អនុម័ត​លើ​របាយការណ៍​សង្ខេបនៃ​កិច្ចប្រជុំ​ក្រុមការងារ​ទេស​ចរណ៍​អាស៊ាន​-​ឥណ្ឌា លើក​ទី​១១ លើក​ទី​១២ លើក​ទី​១៣ និង​លើក​ទី​១៤ ។