ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តា​មេធាវី​អះអាង​ថា តុលាការ​ប៉ា​គី​ស្ថាន​មួយ​បាន​លុប​ចោល​បទចោទប្រកាន់​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន លោក​ព័រ​វេស​មូ​សា​រ៉ា​ហ្វ ពី​បទ​ធ្វើឃាត​ប្រមុខ​កុលសម្ព័ន្ធ​ម្នាក់។

លោក NAWAB AKBAR BUGTI មេដឹកនាំ​ជាតិនិយម​បា​លូ​ជី​ស្ថាន​ម្នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ប្រតិបត្តិការ​យោធា​មួយ​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន ភាគ​ខាងជើង​ប៉ា​គី​ស្ថាន​កាលពី​ឆ្នាំ​២០០៦ ពេល​លោក​មូ​សា​រ៉ា​ហ្វ ដឹកនាំ​ប្រទេស ។

តុលាការ​ប្រឆាំង​ភេរវកម្ម​នៃ​ទីក្រុង​កេ​តា​ក៏​លុប​ចោលការ​ចោទប្រកាន់​អតីតរដ្ឋមន្ត្រី​មហាផ្ទៃ​លោក AFTAB AHMAD KHAN SHERPAO និង​អតីត​អ្នក​ទទួលខុសត្រូវ​ខាង​មហាផ្ទៃ​ខេត្ត​បា​លូ​ជី​ស្ថាន លោក SHOAIB NOSHERWANI ផង​ដែរ ។ តុលាការ​នេះ​ក៏​បដិសេធ​ពាក្យបណ្តឹង​របស់​លោក JAMIL BUGTI កូនប្រុស​លោក BUGTI ពី​បទ​គាស់​ផ្នូរ​របស់​លោក AKBAR BUGTI ។

បទចោទប្រកាន់​ពី​រឿង​ធ្វើឃាត​ប្រឆាំង​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន​រូប​នេះ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៩​មួយ​ឆ្នាំ​ក្រោយ​លោក​សុំ​លាលែង​ចេញពី​តំណែង ។

ចៅក្រម​លោក JAN MUHAMMAD GOHAR បាន​ចេញ​បញ្ជា​តាម​រយៈ​សាលក្រម​ខ្លី​មួយ​លុប​ចោទ​បទចោទប្រកាន់​ប្រឆាំង​លោក​មូ​សា​រ៉ា​ហ្វ និង​ជនជាប់ចោទ​២​នាក់​ទៀត ។

បទចោទប្រកាន់​ឯទៀត​ៗ​ប្រឆាំង​លោក​មូ​សា​រ៉ា​ហ្វ រួម​មាន​ពី​បទ​ក្បត់​ដោយសារ​ការ​លុប​ចោល​រដ្ឋធម្មនុញ្ញ និង​ការ​ធ្វើឃាត​អតីត​នាយក​រដ្ឋមន្ត្រី​លោកស្រី​បេ​ណា​ហ្សៀ​រ ប៊ូ​តូ កាលពី​ឆ្នាំ​២០០៧ ។

លោក​មូ​សា​រ៉ា​ហ្វ ប្រធានាធិបតី​ប៉ា​គី​ស្ថាន​រវាង​ខែមិថុនា ឆ្នាំ​២០០១ និង​ខែសីហា ឆ្នាំ​២០០៨ បាន​វិល​ត្រឡប់​មក​ប៉ា​គី​ស្ថាន​វិញ កាលពី​ខែមីនា ឆ្នាំ​២០១៣ ក្រោយ​ពី​រស់នៅ​និរទេស​រយៈពេល​៤​ឆ្នាំ ៕