នាង វណ្ណា មេ​គយ​ខេត្តក្រចេះ​រង​ការ​រិះគន់ថា​ឃុបឃិត​ជាមួយ​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​

​លោក នាង វណ្ណ ជា​មេ​សាខាគយ​ខេត្តក្រចេះ​ត្រូវបាន​កូនចៅ​របស់ខ្លួន​បង្ហើប​ប្រាប់​អ្នកសារព័ត៌មាន​ថា​កំពុង​កើប​លុយ​ក្នុង​មួយខែៗ​រាប់ម៉ឺន​ដុល្លារ​តាមរយៈ​ការឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ខិលខូច​នាំចូល​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ពី​ប្រទេស​ចិន និង​ប្រទេស​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក នាង វណ្ណា បច្ចុប្បន្ន​ជា​មេ​សាខាគយ​ខេត្តក្រចេះ ហើយ​ដែល​កន្លង​មកជា​មេ​ច្រកទ្វារព្រំដែន​ត្រពាំង​ស្រែ​បាន​ប្រើប្រាស់​ឥទ្ធិពល​បច្ចុប្បន្ន និង​ទំនាក់ទំនង​ល្អ​ជាមួយ​ឈ្មួញ​កាលពីពេល​កន្លងមក​ឃុបឃិត​គ្នា​នាំ​ទំនិញគេចពន្ធ​ចូល​ប្រទេស​កម្ពុជា​ទាំងយប់​ទាំង​ថ្ងៃ​។

​ប្រភពព័ត៌មាន​ពី​ខេត្តក្រចេះ​បាន​រាយការណ៍​មក​ថា លោក នាង វណ្ណា ជា​មេ​សាខាគយ​ខេត្តក្រចេះ ទំនង​ជាមាន​ខ្នង​ក្រាស់​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រោះ​កន្លងមក​ភាពមិនប្រក្រតី​ដែល​បានកើត​ឡើង​នៅ​ច្រកទ្វារព្រំដែន​ត្រពាំង​ស្រែ​មិនបាន​ធ្វើ​ឲ្យ​លោក នាង វណ្ណា ធ្លាក់​ពីមុខ​តំណែង​នោះទេ តែ​ផ្ទុយទៅវិញ​បែរជា​បាន​ឡើង​តំណែង​ជា​មេ​គយ​ប្រចាំខេត្ត​ក្រចេះ​។ ទន្ទឹមនឹងនេះ ប្រពន្ធ​របស់លោក នាង វណ្ណា ត្រូវគេ​ដឹងថា​ក៏​កំពុង​បំពេញការងារ​មន្ត្រី​គណនេយ្យ​ដ៏​មាន​ឥទ្ធិពល​នៅ​អង្គភាព​សាខាគយ និង​រដ្ឋាករ​ប្រចាំ​ខេត្តក្រចេះ​ផងដែរ​ដែល​បញ្ហា​នេះ​នាំ​ឲ្យ​ការប្រព្រឹត្ត​អំពើពុករលួយ​អាច​ប្រព្រឹត្តទៅ​ក្រោមរូបភាព​ជា​គ្រួសារនិយម ព្រោះ​ប្តី និង​ប្រពន្ធ​បម្រើ​ការងារ​ក្នុង​អង្គភាព​ជាមួយគ្នា ហើយ​ថែមទាំង​មានមុខ​តំណែង​សំខាន់​ដូចគ្នា​ទៀតផង​។​

មន្ត្រី​គយ​ដែល​បម្រើ​ការងារ​នៅ​ច្រកទ្វារព្រំដែន​ត្រពាំង​ស្រែ​បាន​បង្ហើប​ថា កាលពី​លោក នាង វណ្ណ ធ្វើជា​មេ​គយ​ច្រកទ្វារព្រំដែន​ត្រពាំង​ស្រែ គឺ​បាន​សហការ​ជាមួយ​កង​ដឹកជញ្ជូន​របស់លោក ហាក់ ម៉ៅ មេបញ្ជាការរង​កងពល​តូច​លេខ​៧០ និង​ឈ្មួញ​ផ្សេងទៀត ដើម្បី​បើកផ្លូវ​ឲ្យ​មានការ​នាំចូល​ទំនិញគេចពន្ធ ហើយ​សព្វថ្ងៃនេះ លោក នាង វណ្ណា ក៏​ប្រហែលជា​កំពុង​សហការ​ជាមួយ​ផងដែរ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ឈ្មោះ យាយ​ញាប់ ដែល​ធ្លាប់មាន​ទំនាក់ទំនង​ល្អជា​មួយ​លោក នាង វណ្ណា កាលពីពេល​កន្លងមក​នោះ​កំពុងតែ​ធ្វើ​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ​កាន់តែ​ច្រើនឡើងៗ​ក្រោយ​លោក នាង វណ្ណា ធ្វើជា​មេ​គយ​ខេត្តក្រចេះ​។​

​លោក នាង វណ្ណា ជា​មេ​សាខាគយ​ខេត្តក្រចេះ​ត្រូវបាន​កូនចៅ​របស់ខ្លួន​បង្ហើប​ថា​ទំនងជា​បាន​ចែក​ភាគហ៊ុន​ឲ្យ​មន្ត្រី​ខាងលើ​ខ្លះ​ហើយ​បានជា​អាច​នៅ​កាន់​មុខតំណែង​បាន​ដូច​សព្វថ្ងៃ​ដោយ​គ្មាន​ការ​រង្គោះរង្គើ ខណៈ​មន្ត្រី​ខ្លះ​ខំធ្វើការ​យ៉ាងសកម្ម​រាប់​សិប​ឆ្នាំ​មកហើយ តែ​មិនដែល​បាន​ឡើង​តំណែង​ម្តងណា​ឡើយ​។ ប្រភព​ដដែល​បានបញ្ជាក់ ក្នុង​ជួរ​មន្ត្រី​គយ បើ​គ្មាន​ខ្សែ គ្មាន​បក្ខពួក គ្មាន​ការ​សូកប៉ាន់ កុំ​សង្ឃឹមថា​បាន​ឡើង​មុខតំណែង ឬ​កាន់តំណែង​ល្អ​ឲ្យ​សោះ ដូច្នេះ​សូម​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មេត្តា​ត្រួតពិនិត្យ​ភាពមិនប្រក្រតី​ខាងលើ​ឡើងវិញ​ផង​៕

03លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ