ចម្ការកៅស៊ូ​ក្រុមហ៊ុន​ឌី​ធី​ស៊ី របស់​ឧកញ៉ា លក្ខណ៍ មាន​ស្តុក​ឈើ​ខុសច្បាប់​

ក្នុងខណៈដែល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ឈើ​ទៅ​ស្រុក​យួន​នោះ មាន​សេចក្ដីរាយការណ៍​ថា រថយន្ត​បង្កុង​ជាច្រើន​គ្រឿង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ព្រៃ​ការពារ​WWF​មក​ស្តុក​ទុក​ក្នុង​ដីចម្ការ​កៅស៊ូ​ក្រុមហ៊ុន​ឌី​ធី​ស៊ី​(DTC) របស់​ឧកញ៉ា លក្ខណ៍​។ ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ មាន​ទីតាំង​នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ហើយ​ក្រុម​ជនល្មើស​បាន​ដឹកឈើ​ចូលទៅ​ទីតាំង​ដីចម្ការ​កៅស៊ូ​នោះ ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា សកម្មភាព​រថយន្ត​បង្កុង​ដឹកឈើ​ចូល​ទីតាំង​ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ នៅ​ឃុំ​ពូ​ជ្រៃ បាន​កើតឡើង​ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បញ្ជា​ឲ្យ​អភិបាលខេត្ត​ត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ចាត់វិធានការ​លើ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា និង​ឧកញ៉ា សឹង សំអុល ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​។ ឈើ​ភាគច្រើន​ត្រូវបាន​គេ​ដឹក​ចេញពី​តំបន់​ព្រៃ​ការពារ​WWF ចូលទៅ​បរិវេណ​ដី​ក្រុមហ៊ុន​ឌី​ធី​ស៊ី ហើយ​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។ នៅក្នុង​ខេត្តមណ្ឌលគិរី នរណា​ក៏​ស្គាល់ឈ្មោះ​ឧកញ៉ា លក្ខណ៍ ដែរ​ព្រោះ​ឈ្មួញ​រូបនេះ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន និង​នាំ​ប្រេងសាំង​គេចពន្ធ​មក​លក់​ចែកចាយ​ក្នុង​ខេត្តមណ្ឌលគិរី​ជា​យូរ​មកហើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បើក​ការស៊ើបអង្កេត​នៅក្នុង​ដីចម្ការ​កៅស៊ូ​របស់​ឧកញ៉ា លក្ខណ៍ នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ជាបន្ទាន់​។ ដោយហេតុថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​សកម្មភាព​ដឹកឈើ​តាម​រថយន្ត​បង្កុង​ជាច្រើន​គ្រឿង​ចូលទៅក្នុង​តំបន់​នោះ ដោយមាន​ការបើក​ដៃ​ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ប្រសិនបើ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើរ​បស់​ឧកញ៉ា លក្ខណ៍ ទេនោះ​មានន័យថា យុទ្ធនាការ​បង្ក្រាប​ឈ្មួញ​រត់ពន្ធ​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​គឺជា​រឿង​ឥតន័យ ព្រោះ​ឧកញ៉ា លក្ខណ៍ នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

images-1 art4.3