ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​មណ្ឌលគិរី ៖ ឈើ​ហ៊ុ​​ប (​សុ​ក្រំ ផ្ចឹក​​)​ ​​​ប្រមាណ​ជា​៤00​​កំណាត់​​ ដែល​គេ​កាប់ អា​ររំ​លំ​​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀ​ នៅ​ស្រុក​ពេ​ជ្រា​ដា​ បម្រុង​នាំ​ចេញ​​ទៅ​ប្រទេស​វៀតណាម​ ត្រូវ​​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ សហការ​​ជាមួយ​សមត្ថ​កិច្ច​ចម្រុះ​ស្រាវជ្រាវ​រ​ក​ឃើញ​បង្ក្រាបបាន ​កាលពី​ថ្ងៃ​ទី​១៨ មក​រា ២០១៦ ស្ថិត​នៅ​តាម​ខ្សែ​​បន្ទាត់​ព្រំដែន​ប៉ុស្តិ៍​​៦ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​
ដា​ ។

សហគមន៍​ការ​ពារ​ព្រៃឈើ​នៅ​ឃុំ​ប៊ូ​ស្រា​ឱ្យ​ដឹង​ថា ​ឈើ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​​នេះ​ គឺជា​ឈើ​របស់​លោកសា​រិ​ន គឹ​ម​អាត ​មេបញ្ជាការ​យោធា​​ស្រុក​ពេ​ជ្រា​ដា ក្រោម​ការ​​ឃុបឃិត​​ជាមួយ​លោក​រ័​ត្ន សុវណ្ណ​ នាយក​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀ និង​លោក​ឌឹ​ម ប៊ុ​ន​ធឿ​ន នាយ​ករង​ដែន​នេះ​ផង​ដែរ ​ទើប​បានជា​មេ​យោ​ធា​​អាច​កាប់​បំផ្លាញ​ព្រៃឈើ​ហាមឃាត់​របស់​រដ្ឋ​បាន​យ៉ាង​រលូន​​បែប​នេះ​ ។

ប្រជា​សហគមន៍​នៅ​ក្នុង​តំបន់​នេះ​​បាន​បន្ត​ទៀត​ថា ​ស្រប​ពេល​ដែល​មាន​បទបញ្ជា​ដ៏​​ក្តៅ​គគុក​របស់​​សម្តេច​តេ​ជោ​​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្តី​ពី​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​តែ​បែរជា​ព្រៃឈើ​​ក្នុង​តំបន់ហាមឃាត់ មាន​សកម្មភាព​​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ ក្នុង​នោះ​ក៏​អាច​មានការ​បណ្តែតបណ្តោយ​​ពី​លោក​ឈិ​ត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​ជា​អ្នក​គ្រប់គ្រង​ផ្ទាល់​ផង​នោះ ទើប​បណ្តោយ​ឱ្យ​លោកសា​រិ​ន គឹ​ម​អាត ​មេ​យោធា​ស្រុក​ពេ​ជ្រា​ដា ដាក់​ពង្រាយ​មនុស្ស​ឱ្យ​ចូល​កាប់​អារ រំលំ​ឈើ​ដឹក​ជញ្ជូន​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​ ពុំ​មានការ​រំខាន​នោះ​ឡើយ​ ។

ប្រជា​សហ​គម​ន៍​​បាន​លើក​​ឡើងជា​សំណួរ​ថា មន្ត្រី​អនុវត្ត​​​ច្បាប់​ទូ​ទាំង​ខេត្ត​ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ពិត​ប្រាកដ​ក្នុង​រឿង​បទល្មើស​ខាងលើ​ហើយ​នោះ​ តើ​មន្ត្រី​អនុវត្ត​ច្បាប់​អាច​​មាន​សមត្ថភាព​ចាត់វិធានការ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​​ពិតប្រាកដ​ដែរ​ឬទេ?