​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៦

​ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ២៦

​បណ្តាញ​សរសៃប្រសាទ ក្នុង​ត្រចៀក​របស់​កូន កំពុងតែ​លូតលាស់​យ៉ាង​ល្អ និង​មាន​វិញ្ញាណ​កាន់តែ​ច្រើន​ជាង​មុន​ដែរ​។ ឥឡូវនេះ គេ​ប្រហែលជា​អាច​ស្តាប់លឺ​សម្លេង​អ្នក និង​ប្តី កំពុងតែ​ជជែក​គ្នា​ផង​។ គេ​កំពុងតែ​ដកដង្ហើម ស្រូប​ចំនួន​ទឹកភ្លោះ​តិចតួច​ចេញចូល ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ដល់​ការអភិវឌ្ឍន៍​សួត​របស់គេ​។ ចលនា​ដកដង្ហើម​បែបនេះ ក៏​ជា​ការអនុវត្ត​យ៉ាង​ល្អ​ដែរ ដើម្បី​អាច​ខិតខំ​ស្រូបខ្យល់ ចូល​ក្នុង​សួត​ដំបូង​គេ ពេល​គេ​កើត​មក​ភ្លាម​។ ហើយ​រូបរាង​គេ នៅតែ​បន្ត​ញាត់​ខ្លាញ់​ពេញ​ខ្លួន​ដដែល​។ ឥឡូវនេះ គេ​មាន​ទម្ងន់​ប្រហែល  ៧៦០ ក្រាម និង​ចាប់ពី​ក្បាល​ដល់​កែងជើង មាន​ប្រវែង ៣៥,៦ សង់ទីម៉ែត្រ (​ប្រហែល​ប្រវែង​ស្លឹក​ខ្ទឹម​)​។ បើសិន​ជា​អ្នក​មាន​កូនប្រុស ពងស្វាស​របស់គេ កំពុងតែ​ចាប់ផ្តើម​ធ្លាក់​ចូលទៅក្នុង ថង់​ពងស្វាស​ហើយ (​រយៈពេល​ធ្វើ​ដំណើរ​រប​ស់វា​ប្រហែលជា​ពីរ​ទៅ​បី​ថ្ងៃ​)​។ 

​តើ​អ្នក​កំពុងតែប្រ​ញ៉ាប់​ប្រ​ញ៉ាល់ ដើរ​ទៅ​រក​បន្ទប់​គេង និង​រៀបចំ​បន្ទប់ សម្រាប់​កូន​របស់​អ្នក​ដែរ​ទេ ខណៈពេល​ដែល​អ្នក​កំពុងតែ​រវល់ នឹង​ការងារ​ប្រចាំ​ថ្ងៃ​ផ្សេងៗ​ទៀត​? ចូរ​ប្រាកដថា អ្នក​ក៏​នៅតែ​បន្ត​ការ​ញ៉ាំ​អាហារ​បាន​យ៉ាង​ល្អ និង​សម្រាក​ឲ្យបាន​ច្រើន​។ ស្ថិត​ក្នុង​ពេលវេលា​នេះ សម្ពាធ​ឈាម​របស់​អ្នក ប្រហែល​ជា​ឡើង​ខ្ពស់​បន្តិច និង​ប្រហែលជា​ទាប​ជាង ពេល​ដែល​មុនពេល​មាន​ផ្ទៃពោះ​ផង​។ (​ជាធម្មតា សម្ពាធ​ឈាម​នឹង​ធ្លាក់​ចុះ ដល់​ចុងបញ្ចប់​នៃ​ត្រីមាស​ទីមួយ ហើយ​វា​នឹង​អាច​ចុះ​ទាប​ទៀត នៅ​ប្រហែល​សប្តាហ៍​ទី​២២ ដល់ ២៤)​។ 

​ជំងឺ​ត្រៀម​ក្រឡាភ្លើង គឺ​ជា​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​យើង​អាច​សម្គាល់​ដឹង តាមរយៈ​ការ​លើស​សម្ពាធ​ឈាម និង​ជាតិ​ប្រូតេអ៊ីន នៅក្នុង​ទឹកនោម​ម្តាយ​ឡើង​ខ្ពស់​។ ជំងឺ​នេះ​ភាគច្រើន តែងតែ​កើតមាន នៅក្រោយ​សប្តាហ៍​ទី ៣៧ ប៉ុន្តែ វា​ក៏​អាច​កើតឡើង លឿន​ជាង​នេះ​បាន​ដែរ ដូច្នេះ យក​ល្អ គួរតែ​ដឹង​អំពី​សញ្ញា​ប្រកាស​អាសន្ន​របស់​វា​។ ចូរ​ទូរស័ព្ទ​ទៅ​គ្រូពេទ្យ បើសិន​ជា​អ្នក​មាន​អាការៈ​ហើ​មមុខ ឬ​ហើម​ជុំវិញ​ភ្នែក ហើម​ប្រអប់ដៃ​យូរ ហើម​ប្រអប់ជើង ឬ​កែងជើង​ខ្លាំងក្លា ឬ​ភ្លាមៗ ឡើង​ទម្ងន់​ខ្លាំង (​ឡើង​ច្រើន​ជាង ២ គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​)​។ កាលណា​ជំងឺ​ត្រៀម​ក្រឡាភ្លើង​កាន់តែ​ធ្ងន់ធ្ងរ អ្នក​ប្រហែលជា​នឹង​មាន​រោគសញ្ញា​ផ្សេងៗ​ទៀត​។ ចូរ​ប្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ភ្លាម បើសិន​ជា​អ្នក​មាន​អាការៈ ឈឺ​ក្បាល​ធ្ងន់ធ្ងរ ឬ​ជាប់​រហូត មាន​បញ្ហា​ភ្នែក (​ដូចជា ភ្នែក​មើល​ឃើញ​ពីរៗ ឬ​ព្រឺ​ល​ភ្នែក បែក​អំពិលអំពែក ប៉ះ​ពន្លឺ​មិនបាន ឬ​ងងឹតភ្នែក​បណ្តោះអាសន្ន​) ឈឺចាប់​ខ្លាំងក្លា ឬ​តឹង​ពោះ​ផ្នែក​ខាងលើ ឬ​ក្អួត​។ 

​បើសិនជា​មាន​អាការៈ ឈឺចង្កេះ​បន្តិចបន្តួច នោះ​គឺជា​ការលូតលាស់​របស់​ស្បូន (​ដែល​ស្បូន​រុញ និង​ពន្យឺត​រូបរាង​របស់​វា និង​ធ្វើឲ្យ​សាច់​ដុំពោះ​ខ្សោយ ហើយ​ប្រហែល​ជា​សង្កត់ លើ​សរសៃប្រសាទ​) និង​បម្រែបម្រួល​អ័រម៉ូន ដែល​ធ្វើឲ្យ​សន្លាក់ និង​សរសៃ​ចង​ឆ្អឹង​ធូរ​។ ជាមួយគ្នានេះដែរ ការឡើង​ទម្ងន់​របស់​អ្នក ប្រហែល​ជា​ដាក់​សម្ពាធ​ដល់​សាច់ដុំ និង​សន្លាក់​កាន់តែ​ខ្លាំង​ហើយ ទើប​បានជា​ធ្វើ​ឲ្យ​អា​ការៈឈឺ​ចង្កេះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ការដើរ ការ​ឈរ ឬ​ការ​អង្គុយ​រយៈពេល​យូរ ព្រមទាំង​ការបត់​ខ្លួន និង​លើក​របស់របរ​ទាំងឡាយ សុទ្ធ​តែ​អាច​ដាក់​សម្ពាធ ទៅ​លើ​ខ្នង​បាន​ទាំងអស់​។ ការ​ងូតទឹក​ក្តៅ​អ៊ុនៗ ឬ​ស្អំ​ទឹ​កក្តៅ ប្រហែលជា​អាច​សម្រួល​អា​ការៈនេះបាន ហើយ​ស្ត្រី​ខ្លះ បែរជា​មាន​ផា​សុកភាព ជាង​ពេល​ស្អំ​ទឹកកក​ទៅវិញ​។ ចូរ​ព្យាយាម​ថែរក្សា​ជំហរ​ឲ្យបាន​ល្អ​នៅ​ពេល​ថ្ងៃ ចៀសវាង​សកម្មភាព​ទាំងឡាយណា ដែល​ទាមទារ​ឲ្យមាន​ការបត់ខ្លួន និង​រមួលខ្លួន​ក្នុងពេល​តែមួយ ចូរ​សម្រាក​ឲ្យបាន​ច្រើន ទាំង​ពេល​អង្គុយ ឬ​ឈរ ហើយ​ចូ​រគេង​ទៅ​ចំហៀង​ដោយ​ជង្គង់​ម្ខាង ឬ​ទាំង​សងខាង​ឱប​ខ្នើយ និង​ប្រើប្រាស់​ខ្នើយ​មួយ​ផ្សេងៗ​ទៀត ដើម្បី​ទ្រ​ពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។