NASA បង្ហាញគំរូយានថ្មី តែមើលទៅដូចគំរូយាន អវកាស រុស្ស៊ី កាលពី ៥០ឆ្នាំមុន

វ៉ាស៊ីនតោន៖ កាលពីសប្តាហ៍មុននេះ អង្គការ NASA របស់អាមេរិក បានប្រគល់សិទ្ធិឲ្យ ក្រុមហ៊ុនឯកជន Sierra Nevada ក្នុងការផលិតយាន សម្រាប់ដឹកទំនិញទៅកាន់ស្ថានីយ៍ អវកាស ដែលមានឈ្មោះថា Dream Chaser ប៉ុន្តែរូបរាងនៃការច្នៃម៉ូដ របស់យានថ្មីនោះ វាដូច ស្ទើរតែទាំងស្រុង ទៅនឹងយន្តហោះអវកាសរុស្ស៊ី ដែលបាន ចេញគំរូ កាលពី ៥០ឆ្នាំមុន ហើយ ប្រការនេះមានន័យថា អតីតកាលរបស់រុស្ស៊ី បានជួយដល់វិស័យអវកាស អាមេរិក បច្ចុប្បន្ន។

ទីភ្នាក់ងារព័ត៌មានវិទ្យាសាស្ត្រ ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦ ថា យានអវកាស Dream Chaser មានរូបរាងដូចទៅនឹង យន្តហោះអវកាស BOR របស់រុស្ស៊ី ដែលជាប្រភេទ យានដែលប្រើប្រាស់គ្រាប់រ៉ុក្កែត ដើម្បីរុញច្រាន ទៅកាន់គន្លងតារាវិធី ហើយគម្រោងនេះ រុស្ស៊ី គឺជាអ្នកបង្កើតឡើង កាលពីឆ្នាំ ១៩៦៥ ជាប្រភេទ Soviet MiG-105។

គួរបញ្ជាក់ថា  យន្តហោះអវកាសស៊េរីដំបូង BOR-1 ត្រូវបានយកមកធ្វើការសាកល្បងកាលពី ឆ្នាំ ១៩៦៩ ដែលអាចហោះហើរ នៅក្នុងរយៈកម្ពស់ ១០០ គីឡូម៉ែត្រ ពីផ្ទៃផែនដី ដែលកាល ណោះត្រូវបានចាត់ទុក ជាជំហានយក្សរបស់សហភាពសូវៀត ក្នុងការផលិតយាន ឬ យន្តហោះអវកាស ដែលមានស្លាប ដើម្បីហោះហើរក្នុងទីតាំងផុតពីទំនាញផែនដី។

យ៉ាងណាក៏ដោយគម្រោងរបស់សូវៀតនោះ បានអភិវឌ្ឍន៍រហូតដល់ស៊េរី BOR-4 ដែលបាន ធ្វើតេស្តសាកល្បងកាលពីឆ្នាំ ១៩៨០ ដោយមានការអភិវឌ្ឍបន្ថែមជាច្រើននូវប្រព័ន្ធ សុវត្ថិភាព ប៉ុន្តែក្រោយការបាញ់បង្ហោះ វាក៏ទទួលបរាជ័យ និង ធ្លាក់ទៅក្នុងមហាសមុទ្រ ឥណ្ឌា។ ស្របពេលដែល រុស្ស៊ី ធ្វើការអភិវឌ្ឍ និង បង្ហោះយន្តហោះអវកាសនោះ ប្រទេស មួយចំនួនបានតាមដានសកម្មភាពនោះយ៉ាងដិតដល់ ដូចជា អាមេរិក និង អូស្ត្រាលី ផងដែរ៕

NASA បង្ហាញគំរូយានថ្មី តែមើលទៅដូចគំរូយាន អវកាស រុស្ស៊ី កាលពី ៥០ឆ្នាំមុន