អន្តរ​ក្រសួង​ដាក់​រូបមន្ត​នៃ​ការ​កំណត់​តម្លៃ​រួម​លក់​ប្រេង​ឥន្ធនៈ​ជូន​ប្រមុខ​រដ្ឋាភិបាល

អន្តរ​ក្រសួង​ដែល​មាន​ក្រសួង​ពាណិជ្ជកម្ម ជា​ក្រសួង​សាមី បាន​ចេញ​សេចក្ដី​សម្រេច​ពី​សេចក្ដី​ព្រាង ក្នុង​ការ​កំណត់​តារាង​តម្លៃ​ប្រេង​សាំង​របស់​ក្រុមហ៊ុន​នានា​សម្រាប់​លក់​រាយ ឲ្យ​បាន​សមរម្យ​តាម​ការ​ប្រែប្រួល​តម្លៃ​ប្រេង​សាំង​ក្នុង​ទីផ្សារ​ពិភពលោក។ មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា ខ្លួន​បាន​ប្រជុំ​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំង​នៅ​កម្ពុជា និង​បាន​សម្រេច​យក​រូបមន្ត​មួយ កំណត់​តម្លៃ​ប្រេង​ឲ្យ​បាន​សមរម្យ។ ការ​គិតគូរ​នេះ នៅ​ខណៈ​តម្លៃ​ទីផ្សារ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក។

អន្តរ​ក្រសួង បាន​ធ្វើ​សេចក្ដី​ប្រកាស​ទាក់ទង​នឹង​ការ​ប្រើប្រាស់​រូបមន្ត នៃ​ការ​កំណត់​តម្លៃ​រួម​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ស្រុក ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ និង​ឯកភាព។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក កែន រដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ មករា ថា ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្រជុំ​ពិភាក្សា​គ្នា​ធ្វើ​សេចក្ដី​ព្រាង​ប្រកាស ដែល​ទាក់ទង​នឹង​ការ​អនុវត្ត​នូវ​រូបមន្ត​នៃ​ការ​កំណត់​តម្លៃ​រួម ដែល​បាន​ពិភាក្សា​គ្នា​ជាមួយ​ក្រុមហ៊ុន​លក់​ប្រេង​ឥន្ធនៈ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ សប្ដាហ៍​មុន។ លោក​ថា រូបមន្ត​កំណត់​ថ្លៃ​នេះ គឺ​ជា​យន្តការ​មួយ​ក្នុង​ការ​កំណត់​ថ្លៃ​លក់​រាយ​នៅ​ក្នុង​ស្រុក​ឲ្យ​សមស្រប ហើយ​ក្រសួង​បាន​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ពិនិត្យ និង​ឯកភាព​នៅ​ពេល​ក្រោយ។

លោក​មិន​បាន​ប្រាប់​ពី​ការ​គណនា​តម្លៃ​ប្រេង ថា​អាច​មាន​តម្លៃ​ប៉ុន្មាន​បាន​ទេ ប៉ុន្តែ​លោក​បាន​ពន្យល់​អំពី​ការ​កំណត់​រូបមន្ត​នេះ​ដូច្នេះ៖ «ប្រជាជន​តែង​តែ​ប្រៀបធៀប​ថា ប្រេង​ឆៅ​ធ្លាក់​ប៉ុណ្ណេះ យើង​ត្រូវ​ធ្លាក់​ប៉ុណ្ណេះ​ដែរ ប៉ុន្តែ​ជា​ទូទៅ យើង​គិត​ទៅ​ក្នុង​កត្តា​ច្រើន​ទៅ​លើ​ការ​កំណត់​តម្លៃ​នេះ។ ប្រទេស​យើង​នាំ​ចូល​ប្រេង​ឆ្អិន​ពី​សិង្ហបុរី ជាដើម ជា​ទូទៅ​តម្លៃ​ដើម​នៃ​ការ​កំណត់​តម្លៃ​ប្រេង​ហ្នឹង យោង​ទៅ​តាម​ទីផ្សារ​សិង្ហបុរី ដែល​គេ​ដាក់​តម្លៃ​មក ថា​នាំ​ចូល​មក​ស្រុក​យើង​អស់​ប៉ុន្មាន? បូក​ពន្ធ​គយ​ប៉ុន្មាន? បូក​តម្លៃ​ប្រតិបត្តិការ​របស់​គាត់​ប៉ុន្មាន? នៅ​តាម​ស្ថានីយ​របស់​គាត់​ផ្សេងៗ ដែល​យើង​គិត​ជា​មធ្យម​ក្នុង​ចំណោម​ស្ថានីយ​ទាំងអស់ គួរ​ប៉ុន្មាន​ក្នុង​មួយ​លីត្រ? ទាំងអស់​នេះ យើង​បូក​សរុប​គ្នា​ទៅ​ក្រុមហ៊ុន​នីមួយៗ គាត់​អាច​កំណត់​តម្លៃ​គ្នា​បាន»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​មក​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម គណនា​ជុំវិញ​តម្លៃ​ប្រេង​ឥន្ធនៈ ដើម្បី​ដោះស្រាយ​បញ្ហា​លក់ និង​ចែក​ចាយ​សាំង​នៅ​តាម​ស្ថានីយ​នានា ដែល​ចេះ​តែ​ដំឡើង និង​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ស្រេច​តែ​នឹង​ចិត្ត និង​ចេះ​តែ​ដំឡើង និង​បញ្ចុះ​តម្លៃ​ដោយ​គ្មាន​គោលការណ៍​ជាក់លាក់​នោះ។

ទាក់ទង​បញ្ហា​នេះ អ្នក​តាម​ដាន​សេដ្ឋកិច្ច លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ត្រូវ​តែ​លូក​ដៃ​ធ្វើ​អន្តរាគមន៍​ចំពោះ​ការ​កំណត់​រូបមន្ត​នោះ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ធ្វើ​បាន ខណៈ​តម្លៃ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​ធ្លាក់​ដល់​ជាង ៣០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ឬ​ប្រមាណ ១១៩​លីត្រ៖ «នេះ​ជា​រឿង​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អន្តរាគមន៍។ យន្តការ​ផ្សារ​សេរី​នៅ​ក្នុង​ប្រទេស​យើង​សម្រាប់​វិស័យ​ប្រេង​ឥន្ធនៈ​នេះ គឺ​អត់​ដើរ​ទេ។ ការ​កំណត់​រូបមន្ត​ដែល​ត្រូវ​គណនា​តម្លៃ គឺ​ជា​រឿង​មួយ​ដែល​គួរ​តែ​ធ្វើ​បាន​ឲ្យ​សមរម្យ។ ខ្ញុំ​ថា​វា​មិន​ដែល ហេតុ​អី​យើង​មើល​ពិភពលោក លក្ខខណ្ឌ ឬ​ក៏​ស្ថានភាព​ថ្លៃ​ប្រេង​នៅ​លើ​ពិភពលោក​វា​ចុះៗ​មែន​ទែន អ្នក​បូម​លក់​បូម​កាន់​តែ​ច្រើន​ទៅ​ទៀត រឿង​អី​ស្រុក​យើង​វា​អត់​ចុះ​សោះ។ យន្តការ​ផ្សារ​សេរី​នៅ​កម្ពុជា សម្រាប់​វិស័យ​ប្រេង​ឥន្ធនៈ គឺ​អត់​ដើរ​ទេ វា​គាំង​ហើយ»

នៅ​អំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ក្រុមហ៊ុន​លក់​ប្រេង​សាំង​ភាគ​ច្រើន បាន​បញ្ចុះ​ថ្លៃ​លក់​ជូន​អតិថិជន ក្នុង​មួយ​លីត្រ​មាន​តម្លៃ​ជាង ៣​ពាន់​រៀល។ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១៥ នេះ ក្រុមហ៊ុន​ចែក​ចាយ​ប្រេង​សាំង​ភាគ​ច្រើន បាន​យល់​ព្រម​បញ្ចុះ​ថ្លៃ​តាម​សំណើ​របស់​រដ្ឋាភិបាល ក្នុង​ការ​កំណត់​តម្លៃ​ឲ្យ​បាន​សមរម្យ​តាម​ការ​ប្រែប្រួល​តម្លៃ​ប្រេង​សាំង​ក្នុង​ទីផ្សារ​ពិភពលោក។ ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ទាំង​នេះ បាន​ធ្វើ​ឡើង​ឆ្លើយ​តប​នឹង​ការ​សន្យា​របស់​ខ្លួន ក្នុង​ជំនួប​ដែល​ដឹក​នាំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ទាក់ទង​នឹង​យន្តការ​កំណត់​តម្លៃ​ប្រេង​ឲ្យ​បាន​សមរម្យ។

បញ្ហា​ប្រេង​សាំង​ដែល​ឡើង​ថ្លៃ​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​បាន​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​មាន​នោះ​ទេ ប៉ុន្តែ​ប៉ះពាល់​ខ្លាំង ភាគ​ច្រើន​គឺ​ប្រជាពលរដ្ឋ ពីព្រោះ​មន្ត្រី​រដ្ឋាភិបាល​ចាប់​ពី​រដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់​ដឹក​នាំ​នាយកដ្ឋាន​ឡើង​ទៅ មាន​របប​សាំង​ប្រចាំ​ខែ មន្ត្រី​ខ្លះ​រហូត​ដល់​ចែក​ចាយ​ឲ្យ​កូន​ចៅ​របស់​ខ្លួន ដែល​មិន​បាន​ធ្វើ​ការ​បម្រើ​រដ្ឋ​នោះ ប្រើប្រាស់​ថែម​ទៀត បន្ទាប់​ពី​ខ្លួន​ប្រើ​មិន​អស់​នោះ។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​អះអាង​ថា តម្លៃ​ប្រេង​សាំង​ឡើង​ខ្ពស់ អ្វី​ដែល​ប៉ះពាល់​ខ្លាំង​បំផុត គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ទាក់ទង​ដល់​ការ​ចំណាយ​ថ្លៃ​ដើម​ពាណិជ្ជកម្ម ដែល​គេ​ប្រៀបធៀប​ថា ប្រេង​ប្រៀប​ដូចជា​គ្រឿង​រំអិល​សេដ្ឋកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។