ផ្ទះ៤ ប្រភេទនាំមកគ្រោះថ្នាក់ រឿងក្ដៅក្រហាយ បើសង់មិនបានគិត

មុនសាងសង់ផ្ទះ ឬអគារអ្វីមួយ ប្រជាជនខ្មែរមិនបាន រំលងអបិយជំនឿឡើយ ពោលគឺរកគ្រូគន់ គូរមើលហុងស៊ុយថា បើសង់ត្រង់ទីតាំងនេះ មានបញ្ហាអ្វីអត់? រកស៊ីឡើងទេ? សុខសប្បាយអត់? បែរទៅទិសខាងណាទើបល្អ? មិនតែប៉ុណ្ណោះនៅមាន អបិយជំនឿជាច្រើនទៀត ពីការសង់ផ្ទះសម្បែងនេះ ដូច្នេះហើយពេលនេះ Sabay សូមបង្ហាញប្រិយមិត្តនូវ លក្ខណៈផ្ទះបួនប្រភេទ ដែលគេជឿថា នាំមកនូវរឿងមិនល្អ គ្រោះកាចដល់អ្នករស់នៅ។

១. ផ្ទះនាំមកនូវគ្រោះថ្នាក់
ប្រសិនបើតួផ្ទះណាមួយ នៅទិសខាងជើងផតចូល ត្រូវរួសរាន់កែខៃឱ្យត្រូវ តាមក្បួនហុងស៊ុយភ្លាម ព្រោះថា លក្ខណៈផ្ទះបែបនេះ នឹងនាំមកនូវគ្រោះថ្នាក់ ឬគ្រោះភ័យដោយប្រការ ណាមួយដល់អ្នករស់នៅ។ បើទោះបីជាពួកគេរាសីល្អ គ្មានគ្រោះភ័យ ក៏អាចថ្លោះធ្លោយ ខាតបង់ជំនួញការងារ ឬមានរឿងក្ដៅក្រហាយផ្សេងៗ។

២. ផ្ទះនាំមកនូវការឈឺចាប់
បើទោះផ្ទះអ្នកមាន លក្ខណៈល្អត្រឹមត្រូវ តាមក្បួនហុងស៊ុយក្ដី តែបើនៅក្រោយផ្ទះ មានផ្ទះមួយខ្នងទៀតជ្រុងស្រួច បែរតម្រងមកផ្ទះអ្នកនោះ តាមក្បួនប្រាប់ថា មិនល្អឡើយ ព្រោះវាប្រៀបដូចជាមុខកាំបិត ចាំតែអារផ្ទះរបស់អ្នកអ៊ីចឹង។ ផ្ទះបែបនេះ នឹងធ្វើឱ្យមានជំងឺឈឺថ្កាត់ រហូតចូលពេទ្យវះកាត់ ឬធ្វើឱ្យមានរឿងឈឺចិត្តម្ដងហើយម្ដងទៀត គ្មានសេចក្ដីសុខ ការងារជំនួញមិនរលូន ដោយត្រូវគេស៊ីខ្សែលើ និង កេងប្រវ័ញ្ច។

អគារចាស់ក្បែរផ្សារថ្មី-01

ផ្ទះ៤ ប្រភេទនាំមកគ្រោះថ្នាក់ រឿងក្ដៅក្រហាយ បើសង់មិនបានគិត

រូបតំណាង

៣.ផ្ទះផ្ដល់ភាពតានតឹង
បើក្នុងផ្ទះ បន្ទប់ បន្ទប់ធ្វើការ មានសសរមួយដើម ឬពីរដើមចំកណ្ដាល គេចាត់ទុកថាមិនល្អ ព្រោះធ្វើឱ្យអ្នករស់នៅ ឆាប់មានអារម្មណ៍ប្រែប្រួល តែងតែរងសម្ពោធ មានភាពតានតឹង តប់ប្រមល់ ខ្វល់ខ្វាយ គិតផ្ដេសផ្ដាស មានជំងឺញឹកញាប់។

៤. ផ្ទះមានហេតុអាក្រក់
ផ្ទះមានជញ្ជាំងផ្នែកខាងលើធ្នឹម ឬគែមទ្វារ មានលក្ខណៈបញ្ឆិត មិនមែនខ្សែត្រង់ដូចធម្មតា ហើយបើទោះជាមានបន្ទប់តែមួយក្ដី ក៏ផ្ទះនេះ ត្រូវបានគេចាត់ទុកថាមិនល្អដែរ។ វានឹងធ្វើឱ្យអ្នកក្នុងផ្ទះ តែងជួបប្រទះហេតុភេទ ដោយនឹកស្មានមិនដល់ និងធ្វើឱ្យការរស់នៅមិនចុះសម្រុងគ្នា។

អត្ថបទនេះ Sabay បានដកស្រង់ចេញពីសៀវភៅ “ជំនឿនិងហុងស៊ុយ” ក្រោមចំណងជើង “លក្ខណៈផ្ទះមិនល្អ តាមក្បួនហុងស៊ុយ” នៅទំព័រទី ១១១ ដល់ ១១៣៕

ប្រភព៖ សប្បាយ