ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​ជ្រើសរើស​យក​គំរូ​ទង់ជាតិ​៤ ដែល​អាច​សម្រាំង​យក​មួ​យមក​ជំនួស​ទង់ជាតិ​បច្ចុប្បន្ន​របស់​ខ្លួន ។ ការ​បោះ​ប្រជាមតិ​មួយ​គ្រោង​ធ្វើ​នា​ខែមីនា​ខាង​មុខ​នេះ សម្រាប់​សម្រេច​ជ្រើសរើស​យក​ទង់​មួយ​ណា​ក្នុង​ចំណោម​គំរូ​ទង់ជាតិ​ថ្មី​ទាំង​៤​នេះ ។

គំនិត​បែប​នេះ​បាន​ឆ្លង​ដល់​ប្រជាជាតិ​មួយទៀត​នៅ​តំបន់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ដែរ គឺ​ប្រទេស​អូស្ត្រាលី ។ ប្រទេស​នេះ​ក៏​លើក​ពី​បញ្ហា​ដូរ​ទង់ជាតិ​ដែរ​យោង​ទៅ​តាម​ការ​សម្រេច​របស់​សង្គម ។ ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​នេះ សាកលវិទ្យាល័យ​ស៊ី​ដ​នី បាន​ស្នើ​ដល់​ប្រជាជន​អូស្ត្រាលី​ឱ្យ​អនុម័ត​ជ្រើស​យក​គំរូ​ទង់ជាតិ​ណាមួយ​ក្នុង​ចំណោម​គំរូ​ទង់ជាតិ​ទាំង​៦ ដែល​បង្ហាញ ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​កាសែត DAILY TELEGRAPH អូស្ត្រាលី ។ ក្នុង​ចំណោម​គំរូ​ទង់ជាតិ​ទាំង​៦​នោះ​មាន ៖

១-​ទង់ EUREKA ដែល​ទង់​នេះ​គេ​ស្គាល់​ច្បាស់​នៅ​អូស្ត្រាលី ជា​ទង់​យោង​ដល់​ឧទ្ទាម​កម្ម​របស់​កម្មករ​អណ្តូងរ៉ែ EUREKA ដែល​ក្លាយជា​និមិត្តរូប​នៃ​ការ​តស៊ូ​ប្រឆាំង​អំពើ​អយុត្តិធម៌​នៅ​អូស្ត្រាលី ។

២-​ទង់​ជើងមេឃ​ខាងត្បូង​ជា​ទង់​ផលិត​ដោយ​លោក BRETT MOXEY ។ ទង់​នេះ​រចនា​យ៉ាង​សាមញ្ញ ក៏​ប៉ុន្តែ​អាច​ស្គាល់​ន័យ​ភ្លាម​ៗ ដោយ​មាន​ផ្កាយ​សហព័ន្ធ និង​ផ្កាយ​ធំ​មួយ ព្រមទាំង​មាន​ពណ៌​ជាតិ គឺ​ពណ៌​ខៀវ និង​ពណ៌​មាស ស្ថិត​ក្នុង​រលក​មួយ ។

៣-​ទង់​នៃ​ការ​បង្រួបបង្រួម​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ ANU (AUSTRALIAN NATIONAL UNIVERSITY) ជា​ទង់​មាន​ពណ៌​ប្រពៃណី​របស់​បណ្តា​ប្រជាជន​ដើម​ម្ចាស់​ស្រុក គឺ​ពណ៌​ក្រហម លឿង និង​ខ្មៅ ។ ទង់​នេះ​ក៏​មាន​ផ្កាយ​ពណ៌​លឿង​មួយ​មាន​ខ្នែង​៧​តំណាង​ឱ្យ​សហព័ន្ធ ហើយ​លើ​ផ្កាយ​នោះ​មាន​ចំណុច​តូច​ៗ២៥០ តំណាង​ឱ្យ​វប្បធម៌​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ផ្សេង​ៗ ដែល​រស់នៅ​លើ​ដែនដី​អូស្ត្រាលី​មុន​អាណានិគមនិយម ។

៤-​ទង់​កីឡា ផលិត​ដោយ​អង្គការ AUSFLAG ជា​អង្គការ​មួយ​មិន​ស្វែងរក​កម្រៃ ហើយ​ខិតខំ​ជំរុញ​ការ​ពិភាក្សា​ដេញដោល​គ្នា​មានគុណ​ភាព​ខ្ពស់​លើ​បណ្តា​និមិត្តរូប​ជាតិ​នៅ​អូស្ត្រាលី ។ ទង់​នេះ​តំណាង​ប្រជាជន​អូស្ត្រាលី​ជា​អ្នកគាំទ្រ​កីឡា ជា​ទង់​ស្នេហា​ជាតិ​មួយ​ដែល​តែង​លើក​ពេល​មានការ​ប្រកួត​កីឡា ។ ទង់​នេះ​ពុំ​មាន​ន័យ​នយោបាយ ហើយ​តំណាង​ប្រទេស​អូស្ត្រាលី​ពហុ​វប្បធម៌ ។

៥-​ទង់​អាកា​ស្យា​ពណ៌​មាស ៖ អាកា​ស្យា​ជា​និមិត្តរូប​ផ្លូវការ​មួយ​របស់​ប្រទេស ។ រៀង​រាល់​ឆ្នាំ​មាន​ប្រារព្ធ​ធ្វើ​ទិវា​អាកា​ស្យា​មួយ​គឺ​ថ្ងៃ​ទី​១ កញ្ញា ។ បណ្តាជន​ជាតិ​ដើម​ម្ចាស់​ស្រុក​តែង​ចាត់​ទុក​អាកា​ស្យា​ថា តំណាង​នៃ​រដូវ​កាល​ជា​ប្រភព​មួយ​នៃ​ស្បៀង និង​ជា​វត្ថុធាតុដើម​សម្រាប់​ការ​ប្រមាញ់ និង​ជា​ឧបករណ៍​ភ្លេង ។

៦-​ទង់​កាកបាទ​ខាងត្បូង ៖ បង្កើត​ឡើង​ដោយ​លោក RUSSELL KENNEDY ហើយ​គំរូ​នេះ​មានការ​កែប្រែ​តិចតួច ។ បណ្តា​ផ្កាយ​ពណ៌​លឿង​ត្រូវ​បាន​បន្ថែម​លើ​កាកបាទ​ខាងត្បូង បែប​នេះ​តំណាង​ឱ្យ​ទង់​នៃ​វប្បធម៌​ម្ចាស់​ស្រុក ៕