ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពីរ​ងរ​បួស​បាក់​ស្មងជើង​ខាងឆ្វេង​ដែល​តម្រូវ​ឲ្យ​កីឡាករ​ឡៅ ស៊ី​ណាត ត្រូវ​វះ​កាត់ត​ឆ្អឹង និង​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការ​ព្យាបាល គេ​មើលឃើញ​ស្ថានភាព​ប្រដាល់​របស់​ជើង​ខ្លាំង​រូប​នេះ ទំនង​ពិបាក​ក្នុង​ការ​ស្ដារ​លទ្ធភាព​របស់​ខ្លួន​ឡើង​វិញ ដែល​នេះ​ជា​ករណី​ដដែល​ៗ ដែល​កីឡាករ​រូប​នេះ​តែង​តស៊ូ​ប្រកួត​ដើម្បី​មុខមាត់​រហូត​មាន​របួស បើ​ទោះជា​គេ​ដឹង​ថា នៅ​ក្នុង​ពិភព​ប្រដាល់​នឹង​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​ជោគវាសនា​របស់​កីឡាករ​នោះ​ទេ ក្រោយ​ពេល​ប្ដូរ​កណ្ដាប់ដៃ​និង​ជើង ដើម្បី​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រដាល់​នោះ​ជក់ចិត្ត​ក្ដី ។

មក​ទល់​ពេល​នេះ​គេ​នៅ​តែ​ចាប់អារម្មណ៍​ពី​គ្រោះថ្នាក់​បាក់ជើង​កម្រិត​ធ្ងន់​ដែល​ឡៅ ស៊ី​ណាត របួស​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​កាលពី​ថ្ងៃអាទិត្យ​ទី​១៧ មក​រា កន្លង​ទៅ ។ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Yodsiam Sopasok នោះ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ពេញចិត្ត ជា​ពិសេស​គឺ​បាន​ធ្វើ​ឲ្យ​អ្នក​រៀបចំ​ការ​ប្រកួត​ទះដៃ​អបអរ​ថា​គេ​បាន​ប្រកួត​អស់ពី​សមត្ថភាព ។ ប៉ុន្តែ​ជា​ការ​ត្រឡប់​មក​វិញ កីឡាករ​រូប​នេះ​បាន​ស្ពាយ​របួស​បាក់ឆ្អឹង​ស្មងជើង​ខាងឆ្វេង ។ កីឡាករ​ម្នាក់​ៗ​ដែល​ជួប​បញ្ហា​នេះ​ត្រូវ​តែ​ប្រើ​ថវិកា​ផ្ទាល់ខ្លួន និង​ពឹង​លើ​ប្រជាប្រិយភាព​ស្វែងរក​ការ​អាណិតអាសូរ​ពី​សប្បុរសជន​ទើប​អាច​បន្ត​ជិ​វិត​រស់នៅ​ឲ្យ​មាន​និរន្តរភាព​ក្រោយ​ពេល​បាត់បង់​អាជីព ។ កីឡាករ​ឡៅ ស៊ី​ណាត ត្រូវ​គេ​ដឹង​ថា​បាន​បាក់ឆ្អឹង​ខាងក្នុង​ជា​បំណែក​ៗ ដោយសារ​តែ​គេ​ប្រើ​ជើង​ទាត់​ពេញទំហឹង​ទៅ​លើ​គូប្រកួត ហើយ​ត្រូវ​បាន​កីឡាករ​ថៃ​ទប់​ដោយ​ស្មងជើង​របស់​គេ​ទើប​បណ្ដាល​ឲ្យ​គេ​បាក់ឆ្អឹង ។

ស្ថានភាព​វះកាត់ និង​ព្យាបាល​របស់​កីឡាករ​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដោយ​ការ​ព្យាបាល និង​វះកាត់ មិនមែន​ជា​បន្ទុក​របស់​នរណា​ឡើយ ប៉ុន្តែ​ជា​ការ​ចំណាយ​ផ្ទាល់ខ្លួន និង​ពឹង​មួយ​ផ្នែក​ពី​ប្រាក់​ឧបត្ថម្ភ​របស់​អ្នកគាំទ្រ ។ ពិតជា​គួរ​ឲ្យ​សង្វេគ​យ៉ាង​ខ្លាំង​ដែល​ឡៅ ស៊ី​ណាត ត្រូវ​គេ​ស្គាល់​ថា​ជា​កីឡាករ​ល្បី​ម្នាក់ ប៉ុន្តែ​នៅ​ពេល​បាក់ជើង​លើ​រេញ បែរជា​ឃើញ​បង្ហោះ​រូប​តាម​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​សុំ​ជំនួយ​ដែល​មិន​ខុស​ពី​សុំ​ដង្ហើមរស់​ខុស​ពី​កីឡាករ​ល្បី​ឯទៀត​ៗ ។ គ្រប់ពេល​មាន​កីឡាករ​ណា​ម្នាក់​រង​របួស គេ​មិន​ដែល​ឃើញ​មានការ​ទទួលខុសត្រូវ​លើ​របួស​កីឡាករ​ដោយ​ប​ជ្ឈ​ដ្ឋា​ន​ណាមួយ​ទេ ក្រៅ​តែ​ពី​យក​លុយ​ឧបត្ថម្ភ​ក្នុង​ចំណែក​តូច​មួយ​ទៅ​ជួយ​រំលែក​ទុក្ខ ដែល​នេះ​គឺជា​ចំណុច​មួយ​ដែល​មិន​អាច​រុញច្រាន​ឱ្យ​កីឡាករ​មាន​សន្ទុះ​ក្នុង​ការ​ប្រកួត ដើម្បី​ឈាន​ទៅ​ដល់​ឆាក​អន្ដរជាតិ​បាន​ឡើយ ។ ជា​ទូទៅ​មានការ​កត់​សម្គាល់ថា អ្នក​រៀបចំ​ការ​ប្រកួត​រមែង​ទម្លាក់​កិច្ចការ​នេះ​ទៅ​លើ​សហព័ន្ធ​ប្រដាល់ និង​ថា​ប្រាក់​ចំណូល​ពី​ការ​រៀបចំ​ដែល​ទទួល​បាន គឺ​មិន​អាច​មាន​លទ្ធភាព​រហូត​ដល់​រៀបចំ​ជា​កញ្ចប់​ប្រាក់​ដើម្បី​ដោះស្រាយ​លើ​ករណី​នេះ ក្រៅពី​ជួយ​តាម​លទ្ធភាព​នោះ​ឡើយ ។

យ៉ាងណាមិញ អ្នក​រៀបចំ​បាន​ត្រឹម​សម្រួល​ដល់​ជីវភាព​របស់​កីឡាករ​តាម​រយៈ​ការ​ដំឡើង​តម្លៃ​ខ្លួន​ឲ្យ​កើនឡើង​ប៉ុណ្ណោះ ។ ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​អ្នក​រៀបចំ​ការ​ប្រកួត​តាម​ទូរទស្សន៍ លោក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ក៏​អះអាង​ថា សហព័ន្ធ​មិន​មាន​លទ្ធភាព​ផ្ដល់​ការ​រ៉ាប់រង​នៅ​ពេល​កីឡាករ​កើត​មាន​គ្រោះថ្នាក់​ក្នុង​ពេល​ប្រដាល់​នោះ​ដែរ​ដោយ​លោក​ថ្លែង​ថា ការ​ប្រដាល់​របស់​កីឡាករ​គ្រប់​រូប​គឺ​សុទ្ធតែ​ស្ម័គ្រចិត្ត​ទាំងអស់ ។

កីឡាករ​ឡៅ ស៊ី​ណាត បាន​ថ្លែងប្រាប់​ពី​មន្ទីរពេទ្យ​មក​ថា លោក​បាន​ចំណាយ​ប្រាក់​ខ្លួនឯង​ក្នុង​ការ​វះកាត់ ហើយ​ស្ថានភាព​បាក់ជើង​របស់​លោក​គឺ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រាប់​ថា​នឹង​ត្រូវ​សម្រាក​រហូត​ដល់​១​ឆ្នាំ​យ៉ាង​ហោច ទើប​អាច​រឹង​មាំ​ទទួលយក​ការ​ប្រដាល់​វិញ​បាន ។ លោក​ស្នើ​ឲ្យ​សប្បុរសជន​ផ្ដល់​ជំនួយ​ដល់​លោកតា​មរយៈ​ទូរស័ព្ទ​លេខ ០១៧ ៦៥៩ ៤២២ ដោយ​អះអាង​ថា​ខ្វះខាត​លទ្ធភាព​ដោះស្រាយ​ព្រោះតែ​គ្មាន​ស្ថាប័ន​ណា​ចេញ​មុខ​ទទួលខុសត្រូវ ។

លោក​មិន​មាន​ជំនឿ​នោះ​ទេ​ថា ខ្លួន​នឹង​អាច​ត្រឡប់​មក​កាន់​វិ​ថី​នេះ​ជា​ថ្មី ដោយ​យោង​ថា​ការ​ផ្អាក​ប្រដាល់ រហូត​ដល់​ជា​ជើង នឹង​ធ្វើ​ឲ្យ​សរសៃសសូង​ជាក់ស្ដែង​ស្ទក់​ប្រដាល់​លែង​ល្អ ។ ម្យ៉ាង​វ័យ​របស់​លោក​ក៏​ជ្រេ​ដែល​មិន​ងាយ​ហ្វឹកហាត់​បាន​ស្ទុះ​ដូច​គ្នា​នឹង​កីឡាករ​វ័យក្មេង​ដែល​សម្រាក​ប៉ុន្មាន​ខែ​ក៏​អាច​បង្កើន​សមត្ថភាព​ឲ្យ​ឈាន​ឡើង​នោះ​ផង​ទើប​ឡៅ ស៊ី​ណាត ហាក់​មិនសូវ​រំពឹង​ថា​អាជីព​ខ្លួន​នឹង​ត្រូវ​រក្សា​បាន​ទេ​បន្ទាប់​ពី​មាន​របួស​បាក់ជើង​នេះ ។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​រិះគន់​ពី​ភាព​បាក់ជើង​របស់​ឡៅ ស៊ី​ណាត ដែល​ខំប្រឹង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ប្រដាល់​នៅ​ក្នុង​ថ្ងៃ​នោះ​ល្អមើល​ជក់ចិត្ត ប៉ុន្តែ​ចុង​ក្រោយ​លទ្ធផល​នៃ​ការ​តស៊ូ​របស់​គេ គឺ​មិន​មានការ​រ៉ាប់រង​ទទួលខុសត្រូវ​ដោយ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​។ អ្នក​ប្រើ​បណ្ដាញ​សង្គម​ទាំងនោះ​អះអាង​ថា តម្លៃ​ខ្លួន​របស់​កីឡាករ​កម្ពុជា​បើ​ទោះជា​ត្រូវ​ឡើង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ក៏​ដោយ ក៏​មិន​បាន​ខ្ពស់​ដូច​កីឡាករ​ថៃ​ដែរ ។ ម្នាក់​ៗ​លើក​ឡើង​ថា កីឡាករ​គ្រប់​រូប​ដែល​មាន​គ្រោះថ្នាក់​ដូច​ករណី​ឡៅ ស៊ី​ណាត គួរតែ​មានការ​ធានា​រ៉ាប់រង​ដោយ​ស្ថាប័ន​ដែល​រៀបចំ​ការ​ប្រដាល់ ឬ​ពី​សហព័ន្ធ​ប្រដាល់ ហើយ​មិនមែន​ជា​ការ​រ៉ាប់រង​ក្នុង​លក្ខខណ្ឌ​ឧបត្ថម្ភ​នោះ​ទេ គឺ​គួរតែ​មាន​កញ្ចប់​ប្រាក់​ពិសេស​ឲ្យ​សម​នឹង​ការ​លះបង់​របស់​កីឡាករ​ទាំងនោះ ។

ក្រុម​អ្នក​សង្វេគ​ពី​ជីវិត​របស់​កីឡាករ​ប្រដាល់​បាន​លើក​ឡើង​ថា កីឡាករ​ប្រដាល់​ឡើង​ប្រដាល់​តាំងពី​ក្មេង​ដល់​ចាស់ និង​តាំងពី​ល្អ​ដល់​ធ្លាក់ខ្លួន​ពិបាក ប៉ុន្តែ​មិន​មាន​បម្រែបម្រួល​ជីវភាព​នោះ​ទេ ជាក់ស្ដែង​ដូច​ករណី​កីឡាករ​វ៉​ន វី​វ៉ា ដែល​មាន​របួស​បាក់ដៃ​ហើយ​បាន​សម្រេច​ធីប​ចោលការ​ប្រដាល់ ក៏​គេ​មិនឃើញ​អ្នក​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​ចេញ​មុខ​ទទួលខុសត្រូវ​នោះ​ដែរ​។ បើ​កុំ​តែ​បាន​ជំនួយ​សប្បុរសធម៌  កីឡាករ​រូប​នេះ​ប្រហែលជា​មាន​លទ្ធផល​ពិបាក​ជាង​នេះ​។ មិន​ខុស​គ្នា​ដែរ ករណី​កីឡាករ​បឺត ខាំ និង​កីឡាករ​ផ្សេង​ទៀត ដោយ​មាន​កីឡាករ​ខ្លះ​ត្រូវ​គេ​ដឹង​ថា​បាន​ស្លាប់​ក្រោយ​ពី​មាន​របួស​នៅ​លើ​រេញ ហើយ​ខ្វះ​លទ្ធភាព​ព្យាបាល ក៏​មិន​មានការ​ទទួលខុសត្រូវ​ពី​ស្ថាប័ន​ណាមួយ​ដែរ  ។

យ៉ាងណា​ក៏​ដោយ​មានការ​រំពឹង​ថា មន្ត្រី​សហព័ន្ធ​នឹង​ចាត់វិធានការ​ដាក់បន្ទុក​ទៅ​លើ​ស្ថាប័ន​អ្នក​រៀបចំ​ការ​ប្រដាល់​លើ​ករណី​គ្រោះថ្នាក់​បែប​នេះ ដើម្បី​ឲ្យ​ជីវិត​កីឡាករ​មាន​តម្លៃ​ឡើង​វិញ​នៅ​ក្នុង​ពិភព​ប្រដាល់​ដែល​កំពុង​ពង្រឹង​សក្ដានុពល​របស់​ខ្លួន​នេះ ៕