ភ្នំំភ្លើងក្រោមសមុទ្រ អាចជាមូលហេតុ នាំឲ្យផែនដីក្លាយជា ដុំទឹកកក កាលពី ៧៥០លានឆ្នាំមុន

កង់ប៊េរ៉ា៖ ការបែកចេញពីគ្នា នៃទ្វីបធំមួយកាលពី ៧៥០លានឆ្នាំមុន ទំនងជាកត្តា ដែល បង្កឲ្យមានបណ្តាញនៃភ្នំភ្លើងក្រោមទឹកសមុទ្រ កាលពី ៧៥០លានឆ្នាំមុន ហើយដែលមូល ហេតុចម្បងនេះហើយ ទើបវាបានប្រែក្លាយផែនដី ទៅជាដុំទឹកកក ដែលអ្នកវិទ្យាសាស្ត្រ បានហៅថា យុគទឹកកកនោះ។ នេះបើតាមលទ្ធផល ក្រោយការសិក្សារបស់ ក្រុមអ្នកវិទ្យា សាស្ត្រអូស្ត្រាលី ចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ ២០១៦។

ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ ANU ខាងលើនេះ បានឲ្យដឹងទៀតថា ការសិក្សា អាចនាំឲ្យពួកគេរកឃើញ ជ្រលងភ្នំភ្លើងរាក់ៗ ដែលត្រូវបានបង្កើតឡើង បន្ទាប់ពីទ្វីបតែមួយ ដ៏ធំមហិមារបស់ផែនដីឈ្មោះ Rodinia កាលពី ៧៥០លានឆ្នាំមុន បានចាប់ផ្តើមប្រេះចេញ ជាផ្នែកៗ ហើយជាលទ្ធផល គឺបានបង្កើតចេញពីបណ្តុំនៃថ្មម្យ៉ាង ដ៏ច្រើនពាសពេញផ្ទៃសមុទ្រ ហៅថា Hyaloclastite ឬ គេអាចហៅថា ភ្នំភ្លើង រាយប៉ាយជាផ្នែកៗ។

យុគសម័យនៃការប្រេះចេញពីគ្នានោះហើយ ដែលវាបានបណ្តាញឲ្យសារធាតុគីមី ក្នុងចំនួន ដ៏ច្រើនបាន លេចធ្លាយចេញពីបាតសមុទ្រ រួចសាយភាយទៅក្នុងទឹកសមុទ្រ និងបង្កើតចេញ ជា វត្តមាន ភ្នំភ្លើងដ៏ច្រើនតែម្តង។ ប្រការនេះហើយ ទើបមានសំនួរជាច្រើនបានចោទសួរថា តើផែនដី ក្លាយជា ដុំទឹកកកនោះ ដោយសារកត្តាអ្វីខ្លះ។

ការគិតដែលងាយយល់ពីរឿងនេះ គឺពីមុន ផែនដីមានភ្នំភ្លើងធំៗ ដែលបង្កជារលកកម្តៅ និង ផ្សែងពុលពាសពេញបរិយាកាស ប៉ុន្តែបន្ទាប់ពីទ្វីបដ៏ធំបានប្រេះចេញ បង្កើតជាទ្វីបផ្សេងៗ គ្នានោះ ភ្នំភ្លើងដែលធ្លាប់មានពីមុន ភាគច្រើនបានរលាយចូលទៅក្នុងទឹកសមុទ្រ ហើយ កន្លងមករាប់លានឆ្នាំទៀត ផែនដីក៏ប្រែជាត្រជាក់ខ្លាំង រហូតដល់ក្លាយជាដុំទឹកកកតែម្តង៕

ភ្នំំភ្លើងក្រោមសមុទ្រ អាចជាមូលហេតុ នាំឲ្យផែនដីក្លាយជា ដុំទឹកកក កាលពី ៧៥០លានឆ្នាំមុន