លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ប្រើប្រាស់​ថវិការដ្ឋ​គ្មាន​តម្លាភាព​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​រាយការណ៍​មក​ថា លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ប្រើប្រាស់​ថវិការដ្ឋ​គ្មាន​តម្លាភាព​នោះទេ ហើយ​ថែមទាំង​ឃុបឃិត​ជាមួយ​មន្ត្រី​ស្និទ្ធ​នឹង​ខ្លួន​ធ្វើ​ឲ្យ​សកម្មភាព​ការងារ​របស់​មន្ទីរ​ក​សិ​កម្ម​ខេត្តព្រៃវែង​ជួបប្រទះ​ការរាំងស្ទះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ថវិការដ្ឋ​ដែល​បាន​ទម្លាក់​មក​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ប្រើប្រាស់​ត្រូវបាន​លោក អ៊ុក សំណាង ឃុបឃិត​ចំណាយ​ខុស​គោលដៅ​ដែល​ត្រូវ​ចំណាយ​។​

មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​រៀបរាប់ថា​ថវិកាជាតិ​ប្រមាណ​១០០០​លាន​រៀល​ដែល​ត្រូវ​ចំណាយ​លើ​គម្រោង​ផ្សេងៗ​ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥​ត្រូវបាន​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ចំណាយ​អស់​តែ​៨០០​លាន​រៀល​ប៉ុណ្ណោះ ហើយ​នៅពេលដែល​មន្ត្រីក្រោមឱវាទ​សួរនាំ លោក អ៊ុក សំណាង មិនបាន​ឆ្លើយបំភ្លឺ​ឲ្យ​មាន​តម្លាភាព​នោះទេ ហើយ​ថែមទាំង​ធ្វើការ​គំរាម និង​ស្តីបន្ទោស​អ្នក​ដែល​ហ៊ាន​សួរនាំ​ច្រើន​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បានបញ្ជាក់​ថា គម្រោង​សំណង់​ផ្សេងៗ​ដូចជា​ប្រព័ន្ធធារាសាស្ត្រ​នៅក្នុង​ខេត្តព្រៃវែង​ដែល​ដំណើរការ​សាងសង់​ក្រោម​គម្រោង​របស់​មន្ទីរ​ក​សិ​កម្ម​ខេត្តព្រៃវែង​ក៏មាន​ភាពមិនប្រក្រតី​ផងដែរ ហើយ​ថែមទាំង​មានការ​ឃុបឃិត​ជាមួយ​ក្រុម​សាងសង់​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​មិន​ត្រឹមតែ​បាន​ប្រើប្រាស់​ថវិការដ្ឋ​គ្មាន​តម្លាភាព​នោះទេ គឺ​ថែមទាំង​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​នៅក្នុង​មន្ទីរ​បើកដៃ​ឲ្យ​មន្ត្រីរាជការ​ទៅ​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​ក្រៅ​អង្គភាព ហើយ​យក​ប្រាក់ខែ​រដ្ឋ​ដែល​បើក​ឲ្យ​បុគ្គលិក​ទាំងនោះ​ទៅ​ចែក​ភាគរយ​ជាមួយគ្នា​ច្រើន​ឆ្នាំ​មកហើយ​។​

ជុំវិញ​បញ្ហា​នេះ​មន្ត្រីរាជការ​បម្រើ​ការងា​រ​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បានលើកឡើង​ថា​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិនគួរ​ស្ងៀមស្ងាត់​ទេ គប្បី​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះមក​ធ្វើការ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​នៅ​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង ព្រោះ​បញ្ហា​ខាងលើនេះ​បានកើត​ឡើង​យូរ​មកហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​បណ្តែតបណ្តោយ​ឲ្យ​លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​វិស័យ​កសិកម្ម​នៅ​ខេត្តព្រៃវែង​នឹង​គ្មានអ្វី​រីកចម្រើន​នោះទេ ខណៈ​ខេត្តព្រៃវែង​បាន​ប្រើប្រាស់​ផលិតផល​កសិកម្ម​ដែល​នាំចូល​មកពី​ប្រទេស​យួន​មានដូចជា​បន្លែ ផ្លែឈើ ត្រី​សាច់ ច្រើនជាង​ផលិតផល​នៅក្នុង​ស្រុក​៕

H020915TV620លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម