បែកធ្លាយ ក្រុម ISIS បណ្តុះបណ្តាល ក្មេងៗ ឲ្យក្លាយជា ឃាតករ សម្លាប់ឪពុកម្តាយ ខ្លួនឯង

ស៊ីរី៖ កាលពីពេលថ្មីៗ កន្លងទៅនេះ ក្មេងប្រុសអាយុ ១២ឆ្នាំម្នាក់ មានឈ្មោះថា Nasir ត្រូវបានក្រុម ISIS ចាប់ខ្លួន យកទៅសាលារៀន មួយកន្លែង មានឈ្មោះថា Al Farouq Institute ស្ថិតក្នុងទីក្រុង Ragga នៃប្រទេសស៊ីរី ជាទីកន្លែង ដែលក្មេងៗ អាយុប្រមាណជា ៥-៦ឆ្នាំ ត្រូវបានបណ្តុះបណ្តាល ឲ្យក្លាយខ្លួនទៅជា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត និងជាឃាតករ សម្លាប់ឪពុកម្តាយ ខ្លួនឯង នៅពេលអនាគត។

បែកធ្លាយ ក្រុម ISIS បណ្តុះបណ្តាល ក្មេងៗ ឲ្យក្លាយជា ឃាតករ សម្លាប់ឪពុកម្តាយ ខ្លួនឯង
(រូបតំណាង)

បើតាមការអះអាង របស់ក្មេងប្រុស Nasir បានឲ្យដឹងថា ក្រុម ISIS បានប្រាប់ក្មេងៗ ទាំងនោះថា មេដឹកនាំ នៃរដ្ឋអ៊ីស្លាម មួយនេះ យកចិត្តទុកដាក់ និងថែរក្សាពួកគេ ខ្លាំងជាងក្រុមគ្រួសារ របស់ពួកគេ ទៅទៀត ខណៈបេសកកម្ម ដំបូងបង្អស់ របស់ក្មេងៗ ទាំងនោះ គឺការធ្វើឃាត ឪពុកម្តាយ របស់ពួកគេផ្ទាល់ តែម្តង។

ជាមួយគ្នានេះដែរ ក្មេងប្រុស Nasir បានប្រាប់ឲ្យដឹងទៀតថា ខ្លួនបានព្យាយាមរត់គេច ចេញពីសាលារៀននោះ ទៅកាន់ជំរុំជនភៀសខ្លួន មួយកន្លែង ហើយក៏បានជួប ជាមួយនឹង ម្តាយរបស់ខ្លួន នៅទីនោះ តែម្តង។

យ៉ាងណាមិញ ក្មេងប្រុស Nasir បានប្រាប់អ្នកកាសែត មិនឲ្យបញ្ចេញ ឈ្មោះពិត របស់ខ្លួនឡើយ ហើយបានប្រាប់ថា ខ្លួនបានចូលរួម ជាមួយនឹង ក្មេងៗ ចំនួន ៦០នាក់ ផ្សេងទៀត ក្នុងការបណ្តុះបណ្តាល របស់ក្រុម ISIS នោះ។

Nasir បានបញ្ជាក់ឲ្យដឹងថា «ពេលវេលា ដ៏គួរឲ្យខ្លាចបំផុត សម្រាប់ពួកយើង ទាំងអស់គ្នា គឺនៅពេលដែល មានការវាយប្រហារ តាមអាកាស កើតឡើង។ ពួកគេ (ក្រុម ISIS) នឹងនាំពួកយើង ចូលទៅក្នុងរូងក្រោមដី ដើម្បីលាក់ខ្លួន។ ពួកគេ (ក្រុម ISIS) បានប្រាប់ ពួកយើងថា ជនជាតិអាមេរិក កំពុងព្យាយាម សម្លាប់ពួកយើង»៕

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត