ពលរដ្ឋ​នៅ​​ខេត្ត​បាត់ដំបង​បារម្ភ​ពី​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទ្រង់ទ្រាយ​ធំ​ដោយ​គ្មាន​ការ​ទប់ស្កាត់

ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង រិះគន់​អាជ្ញាធរ​ស្រុក​នេះ ថា​មិន​អើពើ​ទប់ស្កាត់​ការ​​​​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទ្រង់ទ្រាយ​ធំ​ដោយ​ខុស​ច្បាប់​​​​​​​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ។ ពលរដ្ឋ​ព្រួយបារម្ភ​​ខ្លាច​ហិនហោច​អស់​ត្រី​​នៅ​ថ្ងៃ​អនាគត​​ ដោយ​សារ​ម្ចាស់​ធ្វើ​អាជីវកម្ម​នេះ​យក​​កូន​ត្រី​ពី​ទន្លេសាប ឬ​បឹងបួ​នានា ដាក់​ធ្វើ​ជា​ចំណី​របស់​ត្រី​ឆ្ដោរ។

ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នោះ​ មាន​​ទទឹង​ជាង​ ៣០​ម៉ែត្រ​ និង​បណ្ដោយ​ប្រហែល ៧០​ម៉ែត្រ​ ស្ថិត​ជាប់​ផ្លូវ​ក្រួស​ក្រហម​ ចម្ងាយ​ពី​ផ្លូវ​ក្រាល​កៅស៊ូ​ប្រមាណ ១០០​ម៉ែត្រ​ នៅ​ទល់​មុខ​ដី​ស្រះ​រោងចក្រ​ក្រចៅ ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ នៅ​ក្នុង​ស្រះ​ទឹក​នោះ​ មាន​ត្រី​ប្រា លាយ​ជាមួយ​ត្រី​ឆ្ដោរ​ប៉ុន​កដៃ​មនុស្ស​ចាស់​​រាប់​ម៉ឺន​ក្បាល​ហែល​ប្រដេញ​គ្នា​យ៉ាង​កកកុញ។

ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាច្រែង សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៨ មករា ថា ទី​កន្លែង​ចិញ្ចឹម​ត្រី​ឆ្ដោរ​នោះ​ ជា​របស់​ពលរដ្ឋ​អ្នក​មាន​ទ្រព្យធន​ក្នុង​មូលដ្ឋាន​ម្នាក់​​ ឈ្មោះ ថន បាន​ដំណើរ​ការ​ប្រមាណ ៦​ឆ្នាំ​ហើយ​ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​អើពើ​ទប់ស្កាត់​នោះ​ឡើយ៖ «ម្ចាស់​ស្រះ​ត្រី​នោះ​ គេ​ច្រើន​ទិញ​កូន​ត្រី​ពី​អ្នក​ស្រុក​គ្រប់​ទិសទី​​ម្ដងៗ​រាប់​តោន​ដាក់​ឲ្យ​ត្រី​ស៊ី​​រៀង​រាល់​ថ្ងៃ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ ទី​១៨​មករា។

​រី​ឯ​អធិការ​រង​នគរបាល​ស្រុក​ឯកភ្នំ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក ឡម ឡាន​ មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ពី​​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​នេះ​​នៅ​ឡើយ។ ម្យ៉ាង​ទៀត​លោក​ថា ប្រសិន​បើ​ទប់ស្កាត់​បញ្ហា​នេះ​ លុះ​ណា​មាន​កិច្ច​សហការ​ជា​មួយ​មន្ត្រី​ផ្នែក​​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ទើប​អាច​ដំណើរ​ការ​ទៅ​បាន៖ «រឿង​នេះ​យើង​មិន​សូវ​បាន​ចាប់អារម្មណ៍​ទេ​ ពីព្រោះ​ភាគី​ច្រើន​យើង​ជាប់​រវល់​​​បង្ក្រាប​បទល្មើស​ជាក់​ស្ដែង ដូច​ការ​ប្រើប្រាស់​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ និង​បទល្មើស​ផ្សេង​ទៀត»

​​​​​​​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​ហាក់​គ្មាន​​​ជំនឿ​នឹង​វិធាន​ការ​របស់​សមត្ថកិច្ច​នោះ​ទេ​ ពី​ព្រោះ​​កន្លង​ទៅ​រូប​គាត់​ធ្លាប់​ជួន​​ដំណឹង​នេះ​ទៅ​សមត្ថកិច្ច​រួច​មក​ហើយ​ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ ដើម្បី​ការ​អភិរក្ស​ធនធាន​ជលផល​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប​ អ្នកស្រី នូ សារឹម ពន្យល់​ថា ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ជា​អំពើ​ខុសច្បាប់ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​​ត្រូវ​ចាត់​វិធានការ​លើ​បញ្ហា​នេះ​ជា​បន្ទាន់។

អ្នកស្រី​បញ្ជាក់​​ថា​ ការ​ចិញ្ចឹម​ត្រី​យក្ស​ប្រភេទ​នេះ នឹង​ធ្វើ​ឲ្យ​​បាត់បង់​ចំនួន​​មច្ឆាជាតិ​ដទៃ​ទៀត​ឆាប់​រហ័ស​ ពីព្រោះ​ត្រី​ឆ្ដោរ​ត្រូវ​ការ​កូន​ត្រី​ផ្សេងៗ​ធ្វើ​ជា​ចំណី៖ «បើ​ត្រី​ដែល​ចិញ្ចឹម​នោះ​នៅ​តូច​ វា​អាច​ស៊ី​ចំណី​អស់​ប្រហែល ៣០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ។ តែ​ប្រសិន​បើ​ត្រី​នោះ​ទម្ងន់​ចាប់​ពី​កន្លះ​គីឡូក្រាម​ឡើង​ទៅ​ វា​ស៊ី​អស់​ប្រមាណ​ពី ៦០ ទៅ ១០០​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ»

ប្រជាពលរដ្ឋ​រស់​នៅ​ក្បែរ​ស្រះ​ត្រី​នោះ​​លើក​ឡើង​ថា ម្ចាស់​អាជីវកម្ម​នេះ​ដាក់​កូន​ត្រី​ឆ្ដោរ​​ចិញ្ចឹម​ប្រមាណ ២​ម៉ឺន​ក្បាល​រៀង​រាល់ ៦​ខែ​ម្ដង ដោយ​ក្នុង​រូបភាព​យក​​​កូន​ត្រី​ប្រា​ប្រហែល ៤​ពាន់​ក្បាល​ដាក់​លាយ​គ្នា​ដើម្បី​ងាយ​ស្រួល​លាក់បាំង​ពី​ការ​ត្រួត​ពិនិត្យ​របស់​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។