ប្រយ័ត្ន​គ្រោះថ្នាក់ ៖ អាហារ​ទាំងនេះ ហាម​ញ៉ាំ​ឆៅ

ប្រយ័ត្ន​គ្រោះថ្នាក់ ៖ អាហារ​ទាំងនេះ ហាម​ញ៉ាំ​ឆៅ

​ជា​យូរលង់​ណាស់​ហើយ ដែល​មនុស្ស​ជំនាន់​មុន ញ៉ាំ​អាហារ​ដោយ​មិន​បាន​ចម្អិន (​ឆៅ​)​។ ពេល​គ្មាន​ភ្លើង គេ​មិន​ចេះ ឬ​នឹកឃើញ​វិធី​ចម្អិនម្ហូប​នោះទេ ដូច្នេះ ទោះបីជា​សាច់ បន្លែ ឬ​ផ្លែឈើ​ក្តី គឺ​គេ​ញ៉ាំ​ឆៅ​ទាំងអស់​។ ប៉ុន្តែ សព្វថ្ងៃនេះ មាន​អាហារ​ច្រើនណាស់ ដែល​យើង​មិន​អាច​ញ៉ាំ​ឆៅ​ដូច​មុន​នោះ​ទេ ពីព្រោះ វា​អាច​បង្ក​ជា​គ្រោះថ្នាក់​ដល់​យើង​បាន​។ យើង​អាច​ញ៉ាំ​ត្រសក់​ឆៅ​បាន ប៉ុន្តែ មិនមែន​សាច់ជ្រូក​នោះទេ​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក នូវ​របស់​មួយ​ចំនួន ដែល​អ្នក​មិនគួរ​ញ៉ាំ​ឆៅ​ទាល់តែសោះ ទោះបីជា​ក្រោមរូបភាព​ណាក៏ដោយ ៖

១. សាច់មាន់​
​សាច់​មាន់​ឆៅ អាច​ត្រូវបាន​ប៉ះពាល់ ដោយ​ពពួក​មេរោគ និង​សត្វល្អិត​ចង្រៃ​។ បើ​អ្នក​មិន​ប្រយ័ត្ន ហើយ​ញ៉ាំ​វា​ដោយ​មិន​ចម្អិន​ឲ្យបាន​ឆ្អិន​ល្អ នោះ​អ្នក​អាច​នឹង​ឈឺ​ធ្ងន់​។ ក្រៅពីនេះ ក្លិន​សាច់មាន់​ឆៅ ក៏​មិន​ល្អ​ប៉ុន្មាន ចំពោះ​សុខភាព​របស់​អ្នក​ដែរ​។​

២. សណ្តែក​រាង​តម្រងនោម (Kidney Beans)
​សណ្តែក​ប្រភេទ​នេះ ស្ថិត​ក្នុង​បញ្ជី​បន្លែ ដែល​យើង​មិន​អាច​ញ៉ាំ​ឆៅ​បាន​នោះទេ​។ ជាតិ​ប្រូតេអ៊ីន និង lectin ... ដែល​មាន​នៅក្នុង​សណ្តែក​នេះ មាន​គ្រោះថ្នាក់​ណាស់ ចំពោះ​សុខភាព​របស់​យើង​។ ជា​ការពិត ជាតិ lectin (​ត្រូវបាន​គេ​ស្គាល់​ថា phytohemagglutinin) អាច​បណ្តាល​ឲ្យ​អ្នក មាន​បញ្ហា​ក្រពះ​ពោះវៀន ដូចជា ក្អួត និង​ចង្អោរ​ជាដើម​។​

៣. សាច់ជ្រូក​
​សាច់ជ្រូក អាច​មាន​ផ្ទុក​ពពួក​ព្រូន​ជាច្រើន​ប្រភេទ​។ ប្រសិនបើ​អ្នក ទទួលទាន​សាច់ជ្រូក ដែល​មិន​ឆ្អិន​ល្អ ពពួក​ប៉ា​រ៉ា​សិត​ទាំងនោះ នឹង​ចូល​ទៅក្នុង​រាងកាយ​របស់​អ្នក ហើយ​បង្ក​ជា​បញ្ហា​យ៉ាង​ច្រើន ដែល​យើង​មិន​អាច​គិត​ដល់​។​

៤. ​ដំឡូង​បារាំង​
​ពេលខ្លះ យើង​ចង់​ញ៉ាំ​ដំឡូងបារាំង​ឆៅ ដើម្បី​ធ្វើ​ជា​អន្លក់ ប៉ុន្តែ វា​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ដំឡូងបារាំង​ឆៅ មាន​ផ្ទុក​សារធាតុពុល​ម្យ៉ាង ហៅថា solanine​។ សារធាតុពុល​នេះ ត្រូវបាន​គេ​រកឃើញ​ច្រើន នៅក្នុង​ដំឡូងបារាំង​ខ្ចី​។ គ្រោះថ្នាក់​ដែល​អាច​កើតឡើង នៅ​ពេល​អ្នក​ញ៉ាំ​វា ដោយ​មិន​បាន​ចម្អិន​ឲ្យ​ល្អ មានដូចជា ឈឺក្បាល វិលមុខ ឈឺ​ក្រពះ និង​រហូត​ដល់​ស្វិតដៃជើង​ទៀតផង​។​

៥. ​ក្តួច​
​អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់ ឬលឺ​អំពី ការពុល​ក្តួច​ហើយ ម្យ៉ាងទៀត ទោះបីជា​វា​ឆ្អិន​ល្អ ក៏​អ្នក​នៅ​តែ​ប្រឈមមុខ​នឹង​ការពុល​នេះ​ដូចគ្នា​។ ដូច្នេះ យក​ល្អ គួរ​កុំ​ញ៉ាំ​វា​អី​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។