ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជធានីភ្នំពេញ ៖ ​លោកនាយ​ឧត្តមសេនីយ៍ ទៀ ​បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រកាស​ថា​​ «មាន​​បដិវត្តន៍​ពិព័រណ៌​​​​​ឆ្លង​ចូល​​កម្ពុជា ​តែ​បញ្ហា​អន្ដរជាតិ​មួយ​ចំនួន​​​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​កម្ពុជា​» ។

​នេះ​​បើ​តាម​លោក​មាន​ប្រសាសន៍​ ក្នុង​ពិធី​បិទ​សិក្ខាសាលា​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ ​និង​ដាក់​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​របស់​បញ្ចា​ការដ្ឋាន​កងទ័ពជើងទឹក​ កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មក​រា​ ឆ្នាំ​២០១៦​។

​លោកនាយ​ឧត្តមសេនីយ៍ ទៀ  បាញ់ បាន​បញ្ជក់​ថា​៖​បញ្ហា​ប្រឈម​នានា​ដែល​កំពុង​កើត​មាននៅ​លើ​ពិភពលោក​ជា​អា​ថ៍​ភាព​មិន​ប្រក្រតី​និង​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ពិភពលោក​បញ្ហា​សន្តិសុខ​ស្បៀង​និង​ថាមពល  ការ​បម្រែបម្រួល​អាកាសធាតុ បញ្ហា​ជម្លោះជាតិសាសន៍ ជម្លោះ​ដណ្តើម​ទឹកដី អំពើ​ភេរវកម្ម ការ​រត់ប្រណាំង​សព្វាវុធ ព្រមទាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា ។
លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ឡើង​ថា​ក្នុង​នោះ​មាន បញ្ហា​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​មក​លើ​កម្ពុជា​យើង​។​ប៉ុន្តែ បើ​ទោះបី​ត្រូវ​រង​នូវ​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​ឆាប់រហ័ស​នៃ​ស្ថានភាព​អន្តរជាតិ​ដែល​បាន​កើតឡើង​ក៍ដោយ ក៍​រាជរដ្ឋាភិបាល​កម្ពុជា​បាន ខិតខំ​បញ្ជៀ​ស​ឲ្យ​បាន​ដាច់​ខាង​នូវ​ការ​ធ្លាក់​ចូល​ក្នុង​ឧបាយកល​សង្គ្រាម​មនោគមន៍វិជ្ជា​បែប​ថ្មី​ដែល​កំពុង​កើតឡើង​និង​រីក​រាលដាល​នៅ​តំបន់​មួយ​ចំនួន​នៃ​ពិភពលោក​នា​សព្វ​ថ្ងៃនេះ​។