សមាជិក​រដ្ឋសភា ក្នុង​ក្រុមការងារ​គណបក្ស​ទាំងពីរ បញ្ចប់​ការពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់ សហជីព ហើយ

ភ្នំពេញ: ​បន្ទាប់ពី​កិច្ចប្រជុំ ជា​លើក​ទី​៣ ដើម្បី​ពិគ្រោះ​យោបល់ កែប្រែ​លើ​មាត្រា​មួយចំនួន ក្នុង​សេចក្ដីព្រាងច្បាប់ ស្ដីពី សហជីព កាលពី​ព្រឹក​ថ្ងៃទី​១៩​មករា រួចមក គឺ​សមាជិក​រដ្ឋសភា ដែលជា​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ចប់​ការពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស់​នោះ​ហើយ​។​

​ជា​លទ្ធផល ក្រុមការងារ​ចម្រុះ​គណបក្ស​ទាំងពីរ បាន​ឯកភាព​លើ​ការកែប្រែ​ចំនុច​មួយចំនួន តាម​ការស្នើ​ពី​ក្រុម​សហជីព និង​ពី​ថៅកែ​រោងចក្រ​កាត់ដេរ នៅក្នុង​សេចក្តីព្រាងច្បាប់​សហជីព ដែលមាន ១៧ ជំពូក និង ១០០ មាត្រា​។
 
​ចាប់តាំងពី​ដើមខែ​មករា​នេះ គណបក្ស​ទាំងពីរ បាន​ជួបគ្នា ៣ លើក ដោយបាន​សម្រេច​កែប្រែ​ខ្លឹមសារ​មាត្រា​មួយចំនួន​នៃ​សេចក្ដីព្រាងច្បាប់​សហជីព ដែល​ក្រុម​សហជីព​ទាមទារ ២១ ចំនុច ដូចជា ការតម្រូវ​ឲ្យ​សហជីព ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ និង​ការកំណត់​សំឡេង​សម្រេច​ធ្វើ​កូដកម្ម ឬ​បាតុកម្ម ជាដើម​។​
 
​ចំណែក សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែលជា​តំណាង​ថៅកែ​រោងចក្រ កាលពី​ថ្ងៃទី​១៨​មករា ឆ្នាំ​២០១៦ បាន​លើក​ការស្នើ ៧​ចំណុច ដើម្បី​ឲ្យ​រដ្ឋសភា ពិចារណា ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​សហជីព​។ ក្នុងនោះ រួមមាន ការតម្រូវ​ឲ្យ​សហជីប​មូលដ្ឋាន​បង្កើតឡើងបាន ដោយមាន​សមាជិក​យ៉ាងតិច ២០​ភាគរយ និង​ការ​រក្សាទុក​សំឡេង ៥០​ភាគរយ បូក ១​នៃ​ការសម្រេច​ធ្វើ​កូដកម្ម បាតុកម្ម ជាដើម​។​

​យ៉ាងណាក៏ដោយ លោក អាត់ ធន់ មេដឹកនាំ​សហជីព ស៊ីខាវ​ឌូ បាន​លើកឡើងថា គណៈកម្មការ​ចំពោះ​កិច្ច​រវាង​គណបក្ស​ទាំងពីរ មិនបាន​សម្រេច​ទៅតាម​ការលើកឡើង​រប​ស់​សហជីព នោះទេ ដូចជា ការកំណត់​អាយុ​បង្កើត​សហជីព ការចុះបញ្ជី​ការ ការគ្រប់គ្រង​ហិរញ្ញវត្ថុ សិទ្ធិ​នៃ​ជួបជុំ និង​ការប្រកាស​រំលាយ​សហជីព ជាដើម​៕​