ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តតាកែវ ៖ រថយន្ដ​យី​ឌុ​ប​ដឹក​ដែក​ចំនួន​៥​គ្រឿង បាន​ត្រូវ​គយ​ចល័ត​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយសារ​បង់ពន្ធ​មិន​គ្រប់​ជា​ច្រើន​ខែ​មក​ហើយ ។ បន្ទាប់​ពី​ចាប់​ឃាត់់​រថយន្ដ​ដឹក​ដែក​ទាំង​៥​គ្រឿង​ភ្លាម ក្រុម​គយ​ចល័ត​និង​កងរាជអាវុធហត្ថ ដែល​ប្រដាប់​ដោយ​អាវុធ​ផង​នោះ បាន​នាំ​រថយន្ត​យក​ទៅ​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​បណ្ដោះអាសន្ន​របស់​អគ្គនាយកដ្ឋាន​គយ និងរ​ដា្ឋ​ករ​កម្ពុជា ដើម្បី​ឱ្យ​ម្ចាស់​ដែក​ចូល​ទៅ​បង់ពន្ធ ។

ការ​ចាប់​ឃាត់​រថយន្ត​ដឹក​ដែក​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែមករា វេលា​ម៉ោង​៩ និង​៤០​នាទី​យប់ នៅ​ផ្លូវជាតិ​លេខ​២ ភូមិ​មហា​សេនា ឃុំ​កណ្ដឹង ស្រុក​បាទី ។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គយ​ចល័ត​បានឱ្យ​ដឹង​ថា រថយន្ដ​ដឹក​ដែក​ទាំង​៥​គ្រឿង​នេះ ជា​របស់​លោក​វរសេនីយ៍ឯក អេ​ង ឃាង មេបញ្ជាការ​វរ​សេនា​តូច​លេខ​៣០១​ការពារ​ព្រំដែន​គោក ហើយ​ការ​រក​សី​ុ​ដឹក​ដែក​របស់​គាត់​គឺ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី រាប់​ឆ្នាំ​មក​ហើយ ។ ការ​នាំ​ចូល​នេះ គឺ​មានការ​ឃុបឃិត​គ្នា​ជាមួយ​មន្ដ្រី​ខិល​ខួច​នៅ​ច្រកព្រំដែន​នោះ ដោយ​បង់ពន្ធ​ដែក​នាំ​ចូល​មិន​គ្រប់ និង​ដឹក​យក​ទៅ​ដាក់​ឃ្លាំង​នៅ​ភ្នំពេញ ។

ប្រភព​ដដែល​បន្ដ​ថា បន្ទាប់​ពី​នាំ​រថយន្ដ​ដឹក​ដែក​ទាំង​៥​គ្រឿង​នេះ​ដល់​ឃ្លាំង​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស​របស់​អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ក្រុម​គយ​ចល័ត​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ឆែកឆេ​ត្រួតពិនិត្យ​ពី​ចំនួន​ដែក​ដែល​បង់ពន្ធ និង​ដែក​អត់​បង់ពន្ធ ។

លោក​វរសេនីយ៍ឯក អេ​ង ឃាង ដែល​ជា​ម្ចាស់​រថយន្ដ​ដឹក​ដែក​បាន​ប្រាប់​កោះសន្ដិភាព​តាម​ទូរស័ព្ទ​ថា ការ​ចាប់​ឃាត់​រថយន្ដ​ដឹក​ដែក​នេះ គឺ​មក​ពី​បង់ពន្ធ​មិន​គ្រប់​មែន តែ​ក្នុង​១​រថយន្ដ​អត់​បង់ពន្ធ​តែ​២​ទៅ​៥​តោន​ប៉ុណ្ណោះ លុះ​ពេល​បង់ពន្ធ​រួច ខាង​គយ​ចល័ត​គេ​ឱ្យ​រថ​យន្ដ​វិញ​ហើយ ។ ចំណែក​លោក នាង សុខុម ប្រធាន​ការិយាល័យ​គយ​និងរ​ដា្ឋ​ករ​ច្រក​ទ្វារ​បាក់ដៃ មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​សំ​ុ​ការ​បំភ្លឺ​បាន​ទេ ចំពោះ​ករណី​ខាងលើ​នេះ ព្រោះ​ទូរស័ព្ទ​បាន​បិទ ៕