ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ លោក​កេ​ត សុ​ឃា មេឃុំ​មេលំ ស្រុក​បរិបូណ៌ បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​ប្រាក់​ពី​១៥០​ទៅ​២០០​លាន​រៀល ក្នុង​មួយ​ឆ្នាំ​ពី​ទំនប់​ទឹក​២០ ឧសភា ទេ ការ​គ្រប់គ្រង​និង​ចែកចាយ​ទឹក ជា​តួនាទី​សហគមន៍ ។ ការ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ឆ្នាំ​២០១៦ នៅ​បរិវេណ​សាលា​បឋម​សិក្សា​ស្រះ​កែវ ស្ថិត​ក្នុង​ឃុំ​មេលំ ។ ប្រតិកម្ម​ឆ្លើយ​តប​នេះ​បន្ទាប់​ពី​មាន​គេហទំព័រ​ក្នុងស្រុក​មួយ​ផ្សាយ​ចោទប្រកាន់ លោក​មេឃុំ​ថា​បាន​ទទួល​ប្រាក់​ពី​ទំនប់​ទឹក ២០​ឧសភា ចំនួន​ពី​១៥០​ទៅ​២០០​លាន​រៀល​នា​ពេល​កន្លង​មក ។

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​នោះ លោក​ឈុ​ន មន បេឡា​សហគមន៍​ទំនប់​ទឹក​២០​ឧសភា បាន​បកស្រាយ​ថា​ក្នុង​ឆ្នាំ​ទី​១ គឺ​ឆ្នាំ​២០១២-២០១៣ ផ្ទៃដី​បង្កបង្កើន​ផល ដែល​បាន​យក​ទឹក​ពី​ទំនប់​២០​ឧសភា មាន​ចំនួន​១៤៤​ហិ​កតា ទទួល​បាន​ប្រាក់​ចំនួន ១៣.៧៥០.០០០​រៀល ក្នុង​នោះ​បាន​ចំណាយ​ទៅ​លើ​ប្រាក់ខែ​កម្មករ​៤​នាក់ ប្រាក់​ចាក់​ដី​សហគមន៍ ប្រាក់​ធ្វើ​របង ប្រាក់​ជួល​គេ​បារ​កំប្លោក ប្រាក់​ទិញ​ឈើ​មក​ដាក់​សហគមន៍ និង​ប្រាក់​ទិញ​បង្គោល​ឃាំង​កំប្លោក​ជាដើម អស់​ទឹកប្រាក់​សរុប ១៣.៦៦០. ០០០​រៀល ។ ឆ្នាំ​ទី​២​គឺ​ឆ្នាំ​២០១៣-២០១៤ មាន​ផ្ទៃដី​ចំនួន​៤៣៥​ហិ​កតា ទទួល​បាន​ប្រាក់​សរុប រួម​ទាំង​ប្រាក់​រថយន្ត និង​ម៉ាស៊ីន​ច្រូត​ផង​នោះ​ចំនួន ៣២.០២៥.០០០​រ​រៀល ។ ប្រាក់​ទាំងនេះ​បាន​ចំណាយ​លើ​ប្រាក់ខែ​កម្មករ ប្រាក់​ជីក​ប្រឡាយ ប្រាក់​ជួយ​ប្រជាពលរដ្ឋ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍ ប្រាក់​ជួយ​សា​លាម​ត្តេ​យ្យ និង​ទិញ​តុ​កៅអី​ជាដើម អស់​ជាង​៣០​លាន​រៀល នៅ​ជំពាក់​គេ​ជាង​៦​លាន​រៀល​ទៀត ។ ចំណែក​ឆ្នាំ​ទី​៣ គឺ​ឆ្នាំ​២០១៤-២០១៥ នៅ​មិន​ទាន់​ប្រមូល​ផល​អស់​នៅឡើយ​ទេ ។

លោក​ថា​ន់ សា​រុំ អភិបាលរង​ស្រុក​បរិបូណ៌ ឱ្យ​ដឹង​ថា ទំនប់​ទឹក​២០​ឧសភា​មាន​ល​ទ្ឋ​ភាព ស្រោចស្រព​ផ្ទៃដី​តែ​ប្រមាណ​៥០០​ហិ​កតា​ប៉ុណ្ណោះ មិន​អាច​មាន​ល​ទ្ឋ​ភាព​ស្រោចស្រព​ផ្ទៃដី​រាប់​ពាន់​ហិ​កតា​ឡើយ ។ បើ​គិត​តាម​បរិមាណ​ដែល​សហគមន៍​ផ្តល់​ទឹក យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ធ្វើស្រែ ក្នុង​១​ហិ​កតា ៧​ម៉ឺន​រៀល គឺ​ស្មើ​ប្រហែល​៣៥​លាន​រៀល​ប៉ុណ្ណោះ នេះ​មិន ទាន់​ដក​ចេញ​ស្រែ​ដែល​ទឹក​ទៅ​មិន​ដល់ ត្រូវ​ម្ចាស់​ស្រែ​បូមទឹក​បន្ត ដែល​សហគមន៍​យក​ត្រឹមតែ ២៥.០០០​រៀល​ប៉ុណ្ណោះ មិន​អាច​យក​ពេញ​ថ្លៃ​៧​ម៉ឺន​រៀល​ឡើយ ។ ប្រាក់​ទាំងនោះ​បាន​យក​មក​បែងចែក​កម្មករ ជួសជុល​ទំនប់ ស្តារ​កំប្លោក ចាក់​ដី​ធ្វើ​ឃ្លាំង​សហគមន៍ និង​ជួយ​ជន​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។ មិន​មាន​ប្រាក់​ដល់​ពី​១៥០​លាន​ទៅ​២០០​លាន​រៀល ដែល​សហ​គន៍ និង​មេឃុំ  ចែក​គ្នា​ចាយ​ទេ ការ​ចោទប្រកាន់​នោះ​ខុស​ទាំងស្រុង​ហើយ ។

ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១៥៤​នាក់ ពី​ឃុំ​២ គឺ​ឃុំ​ស្រះ​កែវ ស្រុក​បរិបូរ​ណ៌ និង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​គាំទ្រ​ការ​បកស្រាយ​នោះ តែ​អ្វី​ដែល​ពួក​គាត់​ជួប​ការ​លំបាក​នោះ គឺ​ការ​ជួល​ដី​គេ​ធ្វើស្រែ​នៅ​ទីនោះ​ថ្លៃ​ពេក គឺ​ក្នុង​១​ហិ​កតា ដល់​ទៅ​១​លាន​រៀល រួម​ទាំង​ការ​ជួល​ភ្ជួរ​រាស់​និង​ច្រូតកាត់​ផង មិន​សល់​ប៉ុន្មាន​ទេ ។ ផ្ទុយ​ពី​ការ​លើក​ឡើង​នោះ​លោក​ថា​ន់ សា​រុំ អភិបាលរង ស្រុក​បរិបូណ៌ បញ្ជាក់​ថា ដី​នៅ​តំបន់​នោះ​មួយ​ហិ​កតា ធ្វើ​បាន​ផល​ជាង​៤​តោន កាត់ថ្លៃ​ជួល​ដី ថ្លៃ​ច្រូតកាត់ និង​ភ្ជួរ​រាស់ នៅ​សល់​ប្រមាណ​ជាង​៥០​ភាគរយ ៕