ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តសៀមរាប ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​ក្រុង​សៀមរាប​បានជា​បន្តបន្ទាប់ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​៦​នាក់ និង​វត្ថុ​តាង ខណៈ​ពួក​គេ​កំពុង​ចែកចាយ​គ្រឿងញៀន​តាម​ផ្លូវ​សាធារណៈ បញ្ជូន​មក​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ ។

លោក​អនុ​សេនីយ៍ ធា​វ ច័ន្ទ​តារា នាយការិយាល័យ​ស្រាវជ្រាវ កងរាជអាវុធហត្ថ​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៦​នាក់ មាន ១-​ឈ្មោះ ឈឹ​ម នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម (​ជួញដូរ​), ២-​ឈ្មោះ ទិន សុវណ្ណ​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម (​ជួញដូរ​), ៣-​ឈ្មោះ ម៉េ​ង រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ (​ជួញដូរ​), ៤- ឈ្មោះ ប៊ូ បញ្ញា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាង​បិត​ស្កុ​ត​ម៉ូតូ ស្នាក់​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក (​ជួញដូរ​), ៥-​ឈ្មោះ ហែម និមល ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក (​ប្រើប្រាស់​) និង ៦-​ឈ្មោះ សៀង សុធា​រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ (​ប្រើប្រាស់​) ។

ខណៈ​ពេលធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង​មាន ទូរស័ព្ទ​ដៃ​៦​គ្រឿង​, ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)១១​កញ្ចប់ ទម្ងន់​៥,៨៦​ក្រាម​, ម៉ូតូ​៦​គ្រឿង និង​ឧបករណ៍​សម្ភារ​សម្រាប់​វេច​ខ្ចប់ សម្រាប់​ជក់​មួយ​ចំនួន ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ដើម​ខែមករា ឆ្នាំ​២០១៦ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​កងរាជអាវុធហត្ថ​គ្រឿងញៀន​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​២​លើក លើក​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​បាន​១១​នាក់ និង​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ទូរស័ព្ទ​ដៃ​៧​គ្រឿង​, ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)១៧​កញ្ចប់ ទម្ងន់​ស្មើ​៩,០៤​ក្រាម Wy ១​គ្រាប់ ម៉ូតូ​៧​គ្រឿង ព្រមទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ប្រើប្រាស់​មួយ​ចំនួន​ធំ និង​លើក​ទី​២ ឃាត់ខ្លួន​បាន​៦​នាក់ ដកហូត​វត្ថុ​តាង​មាន ទូរស័ព្ទ​ដៃ​៦​គ្រឿង​, ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​)១១​កញ្ចប់ ទម្ងន់​៥,៨៦​ក្រាម​, ម៉ូតូ​៦​គ្រឿង និង​ឧបករណ៍​សម្ភារ​សម្រាប់​វេច​ខ្ចប់ សម្រាប់​ជក់​មួយ​ចំនួន ។

ក្រោយ​ពី​ធ្វើការ​បង្ក្រាប និង​សួរនាំ​រួច​មក កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​កសាង​សំណុំរឿង​បញ្ជូន​ទាំង​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕