ចាប់ខ្លួនជនសង្ស័យ ៣នាក់ ពីបទជួញដូរ ថ្នាំញៀន ខុសច្បាប់

ត្បូងឃ្មុំ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាន នគរបាលស្រុកមេមត់ នៅម៉ោង ១០៖៤៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិកំបាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានចុះអនុវត្តដីកា ឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ហើយនៅថ្ងៃដដែលនេះ ដោយមានការឯកភាពពី លោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ច បានឈានទៅឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធ ក្នុងករណីនេះ ចំនួន២នាក់នាក់ទៀត រួមនិងវត្ថុតាងមួយចំនួនផងដែរ។

តាមមន្ត្រី នគរបាល ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឈ្មោះ ឈុំ ចាន់ថូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិកណ្តោល ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ចាប់ខ្លួន តាមដីកាលេខ១២ ចុះថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ ពីបទ រក្សាទុក ជូញដូរ សារធាតុញៀន ដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិកណ្តាល ឃុំត្បូងឃ្មុំ។

មន្រ្តីនគរបាល បានបន្តទៀតថា នៅពេលឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានឆែកឆេរ រកឃើញប្រភេទ ម្សៅក្រាមពណ៌សថ្លា សង្ស័យជា ថ្នាំញៀនចំនួន ០៥កញ្ចប់ (តូច០១កញ្ចប់)។ ក្នុងប្រតិបត្តការថ្ងៃដដែលនេះ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តត្បូងឃ្មុំ សមត្ថកិច្ច បានធ្វើការ បន្តឆែកឆេរលំនៅឋាន របស់ជនសង្ស័យ ២នាក់ទៀត ទី១-ឈ្មោះ ហុង ប្រុស ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ និត ២-ឈ្មោះ ម៉ាត់ វិន ភេទប្រុស អាយុ ២៦ឆ្នាំ ខ្មែរឥស្លាម រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញាក្រែក ក្នុងនោះរកឃើញជញ្ជីងអេឡិចត្រូនិច ០១គ្រឿង ប្រាក់ដុល្លាក្លែងក្រែង ១០០ដុល្លារ ចំនួន ០២សន្លឹក ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមនិងវត្ថុតាង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការទៅតាមនិតិវិធី៕

ចាប់ខ្លួនជនសង្ស័យ ៣នាក់ ពីបទជួញដូរ ថ្នាំញៀន ខុសច្បាប់

ចាប់ខ្លួនជនសង្ស័យ ៣នាក់ ពីបទជួញដូរ ថ្នាំញៀន ខុសច្បាប់