រដ្ឋសភា​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​និយាយ​ភាសា​បារាំង

ភ្នំពេញ: ​រដ្ឋសភា​កម្ពុជា នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង ហៅ​កាត់​ថា APF ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ Angkor Palace Resort and Spa នា​ខេត្តសៀមរាប​។​

​សេចក្តីប្រកាស ចុះ​ថ្ងៃទី​១៩​មករា​នេះ បង្ហាញថា សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នោះ នា​ព្រឹក​ថ្ងៃទី​២៨​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩ និង ៣០ នាទី​។ គណៈប្រតិភូ​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង ចំនួន ១៥ ប្រទេស ក្នុងចំណោម ១៦ ប្រទេស រួមមាន​៖ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក កម្ពុជា កា​ម៉េ​រ៉ូ​ន កាណាដា បារាំង លុច​សំបួរ ម៉ា​ដា​ហ្គា​ស្កា ម៉ា​រ៉ុ​ក សាធារណរដ្ឋ​កុង​ហ្គូ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គូ សេ​ណេ​ហ្គា​ល់ ស្វី​ស នី​ហ្សេ ឆាត និង​អង្គការ​អន្តរជាតិ នៃ​ប្រទេស​និយាយ​ភាសា​បារាំង OIF នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ​៕​