រថយន្តបុករះនៅចិន បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង របួស ហើយអ្នកបើកបរ ប្រុងធ្វើអត្តឃាតនៅហ្នឹងកន្លែង

ណានឆាង៖ និស្សិត ៣នាក់បានបាត់បង់ជីវិត និង ១៩នាក់ទៀតទទួលរងរបួស បន្ទាប់ពី បុរស ម្នាក់បានបើកបររថយន្តរបស់ខ្លួន មកបុករះ លើហ្វូងមនុស្សម្នា ទាំងព្រឹកម៉ោង ៧ ស្ថិតនៅ មុខសកលវិទ្យាល័យក្នុងទីក្រុង ហ្វេងស៊ីន នៃខេត្តជាំងស៊ី ភាគខាងកើតប្រទេសចិន។ នេះបើ តាមការផ្សាយរបស់ សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ ២០១៦។

រថយន្តបង្កហេតុ ទាំងព្រឹកនេះ មានពណ៌ស បានធ្វើដំណើរតាមដងផ្លូវយ៉ាងលឿន ប៉ុន្តែ អ្នកបើកបរមិនបានបន្ថយល្បឿន ឬ ឈប់ ពេលមកដល់កន្លែងដែលមានហ្វូងមនុស្សកំពុង ធ្វើដំណើរនោះទេ។ សាក្សីនៅកន្លែងកើតហេតុ ឲ្យដឹងទៀតថា រថយន្តហោះបានបោលសំរុក ចូលទៅក្នុងហ្វូងមនុស្ស និង បណ្តាលឲ្យពួកគេរត់ចែកជើងគ្នាតែម្តង។

ប៉ូលិសចិន បានឲ្យដឹងទៀតថា អ្នកបើកបររថយន្តមានវ័យ ៤៣ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន នៅហ្នឹង កន្លែងកើតហេតុ នៅពេលដែលបុរសរូបនេះ បម្រុងនឹងធ្វើអត្តឃាតខ្លួនឯង។ ការ ស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ កំពុងបន្តនៅឡើយ ស្របពេលដែលអ្នករបួស កំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៣ នាក់ក្នុងចំណោម ១៩នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ជាងគេបំផុត៕

រថយន្តបុករះនៅចិន បណ្តាលឲ្យមនុស្ស ២២នាក់ស្លាប់ និង របួស ហើយអ្នកបើកបរ ប្រុងធ្វើអត្តឃាតនៅហ្នឹងកន្លែង