ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង​ប្ដឹង​ទាស់​មិន​ឲ្យ​កម្មករ​៤​នាក់​នៅ​ក្រៅ​ឃុំ

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង ប្ដឹង​ជំទាស់​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​ដែល​សម្រេច​ដោះលែង​កម្មករ ៤​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ។ ការ​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​នេះ បណ្ដាល​ឲ្យ​គ្រួសារ​កម្មករ​ដែល​ជា​ប់​ពន្ធនាគារ​ក្នុង​រឿង​កូដកម្ម​ហិង្សា​ក្នុង​ក្រុង​បាវិត​នោះ ប្រតិកម្ម​ថា មិន​សម​ហេតុផល និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ជំរុញ​ឲ្យ​តុលាការ​ដោះលែង​កម្មករ​ទាំង​នោះ​តាម​ការ​សន្យា។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្ត​សន្យា​ថា ជួយ​ដោះលែង​ជា​ច្រើន​លើក​ក្តី ប៉ុន្តែ​កម្មករ ៤​នាក់ ក្នុង​ចំណោម ១១​នាក់​ដែល​រង​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​កូដកម្ម​ហិង្សា​នៅ​ក្រុង​បាវិត កាល​ពី​ចុង​ឆ្នាំ​២០១៥ នោះ នៅ​តែ​មិន​អាច​នៅ​ក្រៅ​ឃុំ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក ទិត្យ សុធីបូរ៉ាឆាត មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មករា លោក​បាន​ចេញ​ដីកា​សម្រេច​ដោះលែង​ឲ្យ​ក្រៅ​ឃុំ​រួច​ហើយ បន្ទាប់​ពី​ការ​ស៊ើបសួរ​បាន​ជឿនលឿន​ទៅ​មុខ ហើយ​និង​ពិនិត្យ​ឃើញ​មាន​កម្មករ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​នោះ នឹង​រៀបការ​ក្នុង​ខែ​កុម្ភៈ ខាង​មុខ ប៉ុន្តែ​ព្រះរាជអាជ្ញា​បដិសេធ​ដោយ​នឹង​ប្ដឹង​ជំទាស់​ដីកា​នេះ៖ «យើង​ពិនិត្យ​ទៅ គាត់​អាច​នៅ​ក្រៅ​បាន ព្រោះ​ស្ថានភាព​របស់​គាត់ គឺ​មាន​ការងារ​ធ្វើ មុខ​របរ​ពិត​ប្រាកដ និង​មាន​ទី​លំនៅ​ច្បាស់លាស់ អ៊ីចឹង​ហើយ​ខាង​ខ្ញុំ​សម្រេច​ឲ្យ​ពួកគាត់​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន តែ​ដោយ​ខាង​លោក​ព្រះរាជអាជ្ញា​អត់​សុខ​ចិត្ត គាត់​មាន​សិទ្ធិ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក គង់ ច័ន្ទខេមរិទ្ធ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ដោយ​លោក​និយាយ​ថា ស្តាប់​តាម​ទូរស័ព្ទ​មិន​សូវ​ឭ​ច្បាស់​រួច​ក៏​ដាច់​ទៅ​វិញ។

​មេធាវី​ការពារ​ក្ដី​ឲ្យ​កម្មករ​ទាំង ៤​នាក់​មក​ពី​មជ្ឈមណ្ឌល​សាមគ្គីភាព អ្នកស្រី ហេង បុង មាន​ប្រសាសន៍​ថា ការ​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍​គឺ​ជា​សិទ្ធិ​របស់​លោក​ព្រះរាជអាជ្ញា ប៉ុន្តែ​ដីកា​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​ចៅក្រម​ស៊ើបសួរ យោង​តាម​ការ​ស្នើ​សុំ​នោះ គឺ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់៖ «យើង​រង់ចាំ​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ ថា​តើ​គាត់​ឲ្យ​កូន​ក្តី​របស់​ខ្ញុំ​នៅ​ក្រៅ​ឃុំ​តាម​ការ​ស្នើ​សុំ​ដូច​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ឬ​ក៏​អត់?»

​កម្មករ​ទាំង ៤​នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ ខែ​ធ្នូ ពាក់ព័ន្ធ​នឹង​កូដកម្ម​ហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ដល់​ប្រមាណ ១៥០​ដុល្លារ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Taiseng) ក្នុង​ក្រុង​បាវិត។ កូដកម្ម​កាល​ណោះ សមាគម​រោងចក្រ​អះអាង​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​អស់​រាប់​លាន​ដុល្លារ។

ក្រោយ​ចាប់​ខ្លួន កូដកម្ម​បាន​ផ្ទុះ​ឡើង​កាន់តែ​ធំ ទើប​អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ហ៊ូ វតនៈ សន្យា​ជួយ​ដោះលែង​កម្មករ​ទាំង ៤​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ដើម្បី​ជា​ថ្នូរ​ឲ្យ​​មេដឹកនាំ​សហជីព​ជួយ​លួងលោម​ឲ្យ​កម្មករ​ស្ងប់​ចិត្ត ហើយ​ឱ្យ​ពួកគេ​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ។ ប៉ុន្តែ​កម្មករ​នៅ​តែ​រស់​រង់ចាំ​ដំណោះស្រាយ​ជាង ១​ខែ​ទៅ​ហើយ។

មិន​ត្រឹមតែ​មិន​ដោះលែង​ទេ អាជ្ញាធរ​ថែម​ទាំង​បន្ត​ចាប់​ខ្លួន​កម្មការិនី​ម្នាក់ និង​អ្នក​បើក​ឡាន​ដឹក​កម្មករ ៦​នាក់​ផ្សេង​ទៀត​ដែរ គិត​ជា​សរុប​មាន​ចំនួន ១១​នាក់។ ពួកគេ​ត្រូវ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង លោក ហាស់ ប៊ុនធី មាន​ប្រសាសន៍​ថា កន្លង​មក​លោក​ធ្លាប់​ដឹង​ឭ និង​ចូល​រួម​ពិភាក្សា​ផ្ដល់​យោបល់​ឲ្យ​ដោះលែង​កម្មករ​ទាំង​នោះ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​ឡើយ ហើយ​លោក​ឆ្លើយ​ថា​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ទៀត​នោះ​ទេ៖ «រឿង​ហ្នឹង​ខ្ញុំ​មិន​ដឹង​និយាយ​ថា​ម៉េច​ដែរ ព្រោះ​សមត្ថកិច្ច​របស់​គាត់។ ដឹង​ថា គេ​ប្រុង​ដោះលែង តែ​គេ​អត់​ដោះលែង ខ្ញុំ​អត់​ដឹង»

គ្រួសារ​កម្មករ ព្រម​ទាំង​សហជីព អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ស្វាយរៀង គោរព​ពាក្យ​សម្ដី និង​ជួយ​ជំរុញ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ទាំង​នោះ​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​ជា​បន្ទាន់ ដោយសារ​បច្ចុប្បន្ន​គ្រួសារ​កម្មករ​កំពុង​មាន​ជីវភាព​លំបាក ដោយ​អ្នក​ខ្លះ​មាន​ប្រពន្ធ​ទើប​សម្រាល​កូន​ទៀត​ផង។ ពួកគេ​បន្ត​រិះគន់​ថា ការ​ចាប់​ខ្លួន​នោះ មាន​ភាព​មិន​ប្រក្រតី​ឡើយ ដោយសារ​អាជ្ញាធរ​ខ្វះ​ការ​តាមដាន​ស៊ើប​អង្កេត​ច្បាស់លាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។